ការ​អនុគ្រោះ​ពន្ធ​​រថយន្ត​ ដែល​ធ្លាប់​ប្រើ​ខុស​ច្បាប់​ដោយ​មន្រ្តី​នគរបាល​និងយោធា ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិកាជាតិ

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 8:34 AM | របាយការណ៍ស៊ើបអង្កេត | 0 | 7231 លោក នួន​ ច័ន្ទ​រិទ្ធ អគ្គនាយករងនៃ​អគ្គនាយក​ដ្ឋាន​គយនិង​រដ្ឋករកម្ពុជា

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ឈ្មួញបាននំារថយន្ត​គេច​​ពន្ធចង្កូតស្តាំប្រភេទនីសាន់ណាវ៉ារ៉ា ប្រមាណ​​ជាង​១០គ្រឿង ពីប្រទេសថៃចូលមកទឹកដីកម្ពុជាតាមច្រក​របៀង ស្ថិតនៅភូមិស្វាយជ្រំគំរូរ ច្រកបឹងត្រកួន ស្រុកថ្មពួក រហូតដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កាសែត​រស្មីកម្ពុជា​បាន​សរសេរ​ថា សមត្ថកិច្ចចាប់បានរថយន្ត១គ្រឿងតែប៉ុណ្ណោះ ខណៈ៩គ្រឿងទៀតបានបើក​រត់ចូលព្រៃជាប់ព្រំដែនអ​ស់។

នេះ​ជា​វិធានការ​មួយ​ដែល​សមត្ថកិច្ច​ធ្វើ​ឡើង​ដើម្បី​បង្ក្រាបការ​រត់​ពន្ធ​រថយន្ត​ទំនើប​ពី​ប្រទេស​ថៃ​និ​ង​ប្រទេស​ផ្សេងទៀត​ចូលមក​កម្ពុជា។ បើ​ទោះបីជា​មានការ​បង្ក្រាប​និង​ទប់​ស្កាត់​នៅ​តាមព្រំដែន ប៉ុន្តែ​​រថយន្តគេច​ពន្ធ​នៅ​តែ​ត្រូវ​បាន​ប្រទះ​ឃើញ​ប្រើ​ប្រាស់​នៅក្នុង​រាជធានីភ្នំពេញ។ រថយន្ត​ភាគ​ច្រើន​ថែម​ទាំង​មាន​បំពាក់​ស្លាកលេខ​នគរបាល ឬ​ខេម​រភូមិន្ទ​ជាដើម។​

នៅថ្ងៃទី១៩ ខែមីនា ដល់​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងគយចល័តសហការជាមួយកម្លាំង​អាវុធហត្ថលើផ្ទៃ​ប្រទេស បានចាប់រថយន្តស៊េរីទំនើបៗ ចំនួន១០គ្រឿងអត់ពន្ធ នៅទីតាំង​ខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។​ រថយន្តទំាងនោះរួមមានម៉ាក Lexus Siena BMW Cadillac SRX High Lander, Land Cruiser, Rang Rover Escalate និងម៉ាក Camryជាដើម។ សេចក្តី​រាយការណ៍​បញ្ជាក់​ថា​ រថយន្តទំាងនោះមានពាក់ស្លាកលេខ ខេមរភូមិន្ទ(ខម)ផងដែរ។

របាយការណ៍របស់អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋករ​កម្ពុជាបានឲ្យដឹងថា​ រថយន្ត(ឡាន)នាំចូលប្រទេសកម្ពុជា​ គិត​ត្រឹម​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ មានចំនួន៦០.៩០០គ្រឿង។ របាយការណ៍ដដែលបន្តថា ​​រថយន្តនាំ​ចូល​ទាំងនោះមាន​រថយន្តចំនួន៥៧.២៤៨គ្រឿង បានបង់ពន្ធនាំចូល ដែល​មាន​ទឺក​ប្រាក់ប្រាំរយចិតសិបមួយលានដុល្លារ(៥៧១.៩៦៨.២៧៨ ដុល្លារអាមេរិក)​។

តាមតួលេខនេះ​បង្ហាញថា មាន​រថយន្ត​៦%​ដែល​ស្មើ​នឹង​៣៦៥២​គ្រឿង​ដែល​មិន​បាន​បង់​ពន្ធជូន​រដ្ឋ។ ​ក្នុងបទ​សម្ភាសន៍​ដាច់​ដោយឡែក​ជាមួយនឹង​អ្នក​យកព័ត៌មានVOD​ កាលពី​ខែ​ធ្នូ ឆ្នាំ២០១៦ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋករ​កម្ពុជា លោក នួន ច័ន្ទរិទ្ធ បញ្ជាក់​អំពី​ចំនួន​រថយន្ត​ដែល​មិន​បាន​បង់​ពន្ធ​នេះ។

លោកបញ្ជាក់​ដែរ​ថា​រថយន្តប្រមាណជាង​បីពាន់​គ្រឿង​ទៀត​ត្រូវ​បាន​ស្នើ​សុំ​លើកលែង​ពន្ធ ឬ​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ៖ «រាល់ថ្ងៃគឺមានរថយន្ត៤០ម៉ឺនគ្រឿង កំពុងតែចរាចរណ៍ ថ្មីៗនេះសម្តេច​តេជោនាយករដ្ឋមន្ត្រី​បានសម្រេច​​ជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ថាអនុញាតឲ្យក្រសួងមហាផ្ទៃ៤៧០គ្រឿង(រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ស្នើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន) ហើយថ្មីៗនេះក្រសួងការពារជាតិគាត់ឃើញក្រសួងមហាផ្ទៃសុំគាត់(ក្រសួងការពារជាតិ)ក៏ស្នើសុំដែរ ប្រមាណជាង២ពាន់គ្រឿង រថយន្តក្រសួងការពារជាតិដែលក្មួយជិះទៅ​ឃើញពាក់ផ្លាកលេខយោធា ពាក់ឡូហ្គោ ឡានហ្នឹងប្រហែលជាអត់មានពន្ធទេ»។

សារាចរណែនាំ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០១៦ បាន​ណែនាំ​ និង​ដាក់វិធានការ​ឲ្យ​អនុវត្តពីការ​គ្រប់គ្រង​យានយន្ត​នាំ​ចូល ដោយ​ពន្ធ​អាករ​ជា​បន្ទុក​របស់​រដ្ឋ និងការ​កត់ត្រា​ក្នុង​បញ្ជី​សារពើពន្ធ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ ល្គឹកណា​ការនាំ​ចូល​នោះ​ស្រប​ច្បាប់ឬ​មានការ​ព្រមព្រៀង​ពី​រា​ជ​រដ្ឋាភិបាល​ជាមុនសិន។

ក្នុង​តួលេខ​ប៉ាន់​ប្រមាណ​រថយន្ត​ដែល​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​និង​រថយន្តដែល​រដ្ឋាភិបាល​អនុញ្ញាតិឲ្យ​លើកលែង​ពន្ធគឺ​មាន​ប្រមាណជាជាង​ប្រាំមួយពាន់​គ្រឿង។ ចំនួន​នេះ​បង្ហាញថា​រដ្ឋាភិបាល​អាច​នឹង​ប្រមូល​បាន​​ថវិកា​ប្រមាណជាជាង​ហុក​សិប​លានដុល្លារ​បន្ថែមទៀត​ បើ​ធៀប​នឹង​ចំណូល​ដែល​ប្រមូល​បាន​ពី​ការ​បង់​ពន្ធ​រថយន្តនៅ​ឆ្នាំ២០១៦នេះ។

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)
ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ទោះយ៉ាង​ណា​ជាង​ពាក់កណ្តាល​នៃ​រថយន្ត​ដែល​គេ​ច​ពន្ធ​នេះ​គឺ​ត្រូវ​បាន​ស្នើ​ឲ្យ​រួច​ពន្ធ។​ នៅថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ២០១៦ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​ប្រកាស​ទាមទា​ឲ្យ​រថយន្ត​ដែល​ពាក់​ស្លាកលេខនគរ​បាល​បង់​ពន្ធ​​។ បើតាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បាន​ចាប់​រថយន្ត​ពាក់ស្លាកលេខនគរបាល​ដែលមិន​បាន​បង់​ពន្ធ​ចំនួន​៥គ្រឿង​កាលពី​ឆ្នាំ២០១៥។ លោក អូន ព័ន្ធ​មុនីរ័ត្ន​ បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​ទៅ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

លោក ស ខេង ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​សរសេរ​លិខិត​ចុះថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០១៦ ជូន​ទៅលោក​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។​ ក្នុង​លិខិត​លោក ស ខេង បាន​ស្នើ​សុំឲ្យ​មានការ​អនុញ្ញាតិ​លើក​លែង​ពន្ធ​នាំ​ចូល ដោយ​ពន្ធ​អាករ​ជា​បន្ទុក​របស់​រដ្ឋចំពោះ​រថយន្ត​ពាក់​ស្លាកលេខនគរបាល​ដែល​មាន​ស្រាប់​ចំនួន៤៧០គ្រឿង។ លោក ស ខេង ​បញ្ជាក់​ពីគោលបំណង​នៃការ​ស្នើ​សុំ​របស់​លោកថា ដោយសារតែ​ថវិកា​ជាតិ​មានកម្រិត ហើយ​រដ្ឋពុំ​មាន​លទ្ធភាព​បំពាក់​មធ្យោបាយបានគ្រប់គ្រាន់។ លោក ស ខេង​ក៏​បញ្ជាក់​ផងដែរថា​ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាតិ​ឲ្យ​មន្រ្តី​មួយចំនួន​ដែលមាន​រថយន្តគ្មានពន្ធ ហើយ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ជា​អំណោយជូន​ក្រសួង កត់ត្រា​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​តម្កល់​ជា​ទ្រព្យសម្បត្តិ​របស់រដ្ឋ។

មួយ​សបា្តហ៍​ក្រោយ​មកគឺនៅ​ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០១៦​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​​យល់​ព្រម​តាម​សំណើរ​របស់លោក​ឧបនាយក​រដ្ឋមន្រ្តី​ ស ខេង។ នៅក្រសួង​មហាផ្ទៃ​ មន្រ្តី​ធំៗ​មួយចំនួន​ត្រូវ​បាន​បញ្ជាក់​ថា​កំពុង​ប្រើ​ប្រាស់​រថយន្ត​ដែល​មិន​មាន​បង់ពន្ធ។

បើ​តាម​លិខិត​របស់លោក ស ខេង ដើម្បី​បំពេញ​តាម​ផ្លូវច្បាប់​ម្ចាស់​រថយន្ត​ទាំងនោះ​បាន​ធ្វើ​អំណោយទាន​​ដោយ​ចុះ​បញ្ជី​រថយន្ត​ជាទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ក្រសួង​ការពារជាតិ​បាន​ធ្វើ​ដូចគ្នា​នេះដែរ។ ដោយ​រលឹក​មិន​ត្រឹម​តែ​រថយន្ត​ចំនួន​៤៧០គ្រឿង​ដែល​ត្រូវ​បាន​លើកលែងការ​បង់​ពន្ធ​ ហើយ​ដែលកំពុង​តែ​ប្រើ​ប្រាស់​ដោយ​មន្រ្តី​ធំៗមួយចំនួននៅក្រសួង​មហាផ្ទៃ លោក នួន ច័ន្ទរិទ្ធ ក៏មាន​ប្រសាសន៍​សំដៅ​ដល់​រថយន្ត​ទំនើប​ប្រមាណជាជាង២ពាន់​គ្រឿង​ទៀត​ដែលកំពុងតែ​ប្រើ​ប្រាស់​ដោយ​មន្រ្តី​ធំៗ​នៅ​ក្រសួងការពារ​ជាតិ។

កាលពីចុង​ខែតុលា ឆ្នាំ២០១៦ វិទ្យុVOD បាន​ដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីសុំបំភ្លឺជុំវិញករណីខាងលើនេះដែរ ប៉ុន្តែលោក សុផល មន្ត្រីរដ្ឋបាលរបស់​ស្ថាប័ននេះ មិនព្រម​ទទួល​យក​​លិខិត​របស់​VOD​នោះ​ទេ​ ដោយលោកថា ទាក់ទងចំណូលឬចំណាយ​​ថវិកាជាតិនិងការ​ស្នើសុំលើក​លែងពន្ធរថយន្តនោះ មិន​មែន​ក្រសួងមហាផ្ទៃជាអ្នកឆ្លើយតបទេ ដោយលោកបង្វែរសំណួរឲ្យទៅសួរអគ្គនាយកដ្ឋានពន្ធដារវិញ។

បើ​តាម​លោក នួន ច័ន្ទរិទ្ធ រថយន្ត​​គ្មានពន្ធប្រមាណជាជាង​២ពាន់គ្រឿង​ដែល​​ប្រើ​ប្រាស់​ដោយ​មន្រ្តី​ធំៗនៅក្រសួងការពារ​ជាតិគឺ​ជា​រថយន្ត ដែល​មន្រ្តី​ទាំងនោះ​បាន​ចំណាយលុយ​ទិញ​ផ្ទាល់ខ្លួន ហើយ​​ពួកគេ​ស្នើ​សុំចុះ​បញ្ជី​ដាក់​​ជាទ្រព្យ​សម្បត្តិ​រដ្ឋ ដើម្បីយក​ទៅ​ប្រើ​ប្រាស់​​ជា​ប្រយោជន៍​ប្រទេស​ជាតិ ដោយពុំអាចយកទៅលក់ ឬដូរ​ បាន​នោះ​ទេ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ VOD ក៏​បានដាក់​លិខិតមួយ​ទៅ​រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ដើម្បីសុំបំភ្លឺជុំវិញការស្នើសុំលើកលែងពន្ធ និងចំនួនរថយន្ត​ ខម នៅស្ថាប័ននេះ​ផងដែរ។ ​នៅថ្ងៃទី០៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ លោក ចាន់ សារ៉ាង បាន​ចេញ​​សេចក្តី​ជូន​ដំណឹ​ងមួយដោយផ្តល់សិទ្ធិ​ឲ្យអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​សម្ភារៈបច្ចេកទេសក្រសួងការពារជាតិ លោក ចៅ ភិរុណ ផ្តល់សម្ភាសន៍។

VOD បាន​ទាក់ទង​ទៅ​ លោក សូ សុធា លេខា​ផ្ទាល់​លោក ចៅ ភិរុណ និង​មន្ត្រីថ្នា​ក់​ក្រោ​មផ្សេងទៀតនៅក្រសួងការពារជាតិជាច្រើនដង រួម​ទាំងការ​ទាក់ទង​តាម​ប្រព័ន្ធទូរស័ព្ទជាច្រើន​លើកគឺ​មិន​ទទួល​បាន​ជោគជ័យនោះទេ។

មន្រ្តីនៅក្រសួងការពារជាតិ​រុញ​ពីមួយទៅមួយ​ ដោយ​មន្ត្រីខ្លះ​ថាជាប់​រវល់​ និង​មន្ត្រីខ្លះ​ថា ចំាឆ្លង​យោបល់​លោក ចៅ ភិរុណ ជាមុន​សិន​​។

អ្នក​ធ្វើការ​សង្គម​និង​អ្នក​សិក្សា​ស្រាវជ្រាវ​មើល​ឃើញ​ដូច​គ្នា​ថា​ ចំណាត់ការ​​របស់​រដ្ឋាភិបាល​ក្នុងការ​លើក​លែង​ការ​បង់​ពន្ធ​រថយន្ត​ដែលគ្មានពន្ធដោយ​គ្រាន់​តែ​ការ​អនុញ្ញាតិ​ឲ្យ​ម្ចាស់​រថយន្ត​ចុះ​បញ្ជី​ជាទ្រព្យ​សម្បត្តិ​របស់​រដ្ឋនោះថា​ជា​ចំណាត់​ការ​ខាត​បង់​ចំណូល​ជាតិ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ពិនិត្យ​ឃើញ​ថា​រថយន្តដែលពាក់ស្លាក​លេខ ន.ប ភាគច្រើនជារថយន្តទំនើបដែលត្រូវបង់ពន្ធមិនតិចជាង១៥០%នៃថ្លៃរថយន្តនោះទេ។

លោកក៏​ចាត់​ទុក​ដែរ​ថា​នេះបង្ហាញពីការមិនស្មើភាពគ្នានៃការអនុវត្តច្បាប់ ដោយប្រជាជនសាមញ្ញត្រូវបង់ពន្ធពេញថ្លៃនៅពេលទិញរថយន្ត តែក្រុមអ្នកមានអំណាចមួយចំនួនបែររួចពន្ធទៅវិញ៖ “រដ្ឋខាតច្រើន ហើយខ្ញុំឃើញថ្មីៗនេះរដ្ឋយើងហាក់បីដូចជាទៅរកខ្ចីលុយចិនទៀតហើយ យើងអត់ព្រមរឹតបន្តឹងពន្ធគយ ពន្ធអីហ្នឹង ហើយបែរជាមានការលើកលែងច្រើន ធនធានខាងក្នុងរបស់យើងចេះតែបន្ថូរបន្ថយខ្ជះខ្ជាយទៅនាំឲ្យយើងខាតប្រយោជន៍ហ្នឹងហើយ យើងនៅតែល្បីខាងពិនប្រសព្ធក្នុងការចាំតែខ្ចីលុយពីបរទេសហ្នឹងទៀត”។

អ្នក​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​សង្គមលោកបណ្ឌិត​ មាស នី មាន​ចម្ងល់​ចំពោះការ​ប្រើ​ប្រាស់​រថយន្ត​ទាំងនោះ។លោក មាស នី​ បារម្ភ​ថា​រដ្ឋ​មិន​ត្រឹម​តែ​ខាតបង់​ដោយ​សារ​តែ​ការ​មិន​បង់​ពន្ធ​រថយន្ត​ទំនើ​ប​ទាំងនោះ​ទេ ប៉ុន្តែ​​រថ​យន្តទាំងនោះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​ឯកជន​​ជាជាង​ផល​ប្រយោជន៍​រដ្ឋ៖ “ទីមួយគឺបង្កើតភាពអយុត្តិធម៌មួយរវាងអ្នកដែលបានបង់រួចជាមួយអ្នកមិនទាន់បង់ នេះជារឿងមួយដែលពិបាក ហើយទីពីរទៀតគឺ រដ្ឋាភិបាលត្រូវតែបង្ខំចិត្តបន្ថែមពន្ធនៅកន្លែងដទៃទៀត ដូចជាការបង្កើនពន្ធឡានដូចដែលបានលើកឧទាហណ៍មិញអញ្ចឹង ឬទៅរឹតបន្តឹងក្នុងផ្នែកផ្សេងៗទៀតដើម្បីឲ្យបានពន្ធមកឲ្យគ្រប់ ដើម្បីប៉ះបូវអ្វីដែលបានបាត់ហ្នឹង។ជាមតិរបស់ខ្ញុំដូចជាមិនសមស្របសោះក្នុងកាលៈទេសៈបែបនេះ”។

សេចក្តីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តដោយទទួលបានសំឡេង៦៦លើ១០៦​រូបកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការ​សិក្សា​ស្រាវជ្រាវ​មួយដែលធ្វើ​ឡើង​ដោយ​ស្ថានទូតអាមេរិកកាលពីឆ្នាំ២០០៤-២០០៥បាន​រកឃើញថា​កម្ពុជា​បាត់​បង់​លុយ​ពន្ធ​ប្រមាណជា​ប្រាំរយ​លានដុល្លារ​អាមេរិក​ដោយ​សារ​តែ​ការកឹបកេង​ពន្ធនាំ​ចូល​ស្រាប៊ៀរ​ពី​ព្រំដែន​ថៃ​ចូលមក​ក្នុង​ប្រទេស។

ដោយ​ថ្លែង​ក្នុងកម្មវិធី​តុមូល​របស់​VODកាលពី​ពេលថ្មីៗនេះ លោក​បណ្ឌិត​ មាស នី​ បានលើក​ជា​ឧទាហរណ៍​​ដាច់​ដោយឡែកអំពី​របៀបដែល​ទំនិញ​មិន​ត្រូវ​បាន​បង់​ពន្ធ៖ «អសមត្ថភាព​របស់​រដ្ឋាភិបាលក្នុងការ​គ្រប់គ្រងទិន្នន័យ​ចេញ​និង​ចូល។ ស្រាប៊ៀរ​រាប់​នៅ​ខាង​គយ​យើង​មាន​តែ​ម្ភៃ​កេសទេ តែ​ខាង​ថៃ​មាន​បួនរយកេស។ ម្ចាស់​តែមួយទេ តែ​ហេតុ​អ្វី​បាន​ជា​ខុសគ្នាផ្នែក​តួរលេខ»។

ភាព​ខុស​ប្លែក​គ្នា​ និង​ភាព​មិន​ត្រូវ​គ្នា​នៃ​តួរលេខ​​របស់​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ហាក់​​បង្កើត​​ឲ្យ​មាន​មន្ទិល​ផងដែរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ចំនួន​រថ​យន្ត​ទំនើប​ដែលត្រូវ​បាន​ទិញ​យក​មក​ប្រើ​ប្រាស់​ដោយ​មន្រ្តី​មាន​អំណាច​ធំៗ​នៅក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការពារជាតិ។

កាលចុង​ឆ្នាំ២០១៦ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​របាយការណ៍​នៃការ​នាំចេញ​ខ្សាច់​ពី​ប្រទេសកម្ពុជា​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​មាន​ភាព​ខុសគ្នា​ធំធេង។ រដ្ឋាភិបាលកម្ពុជា​បង្ហាញ​ថា​កម្ពុជា​បាន​នាំ​ខ្សាច់​ទៅ​លក់​នៅ​ប្រទេស​សឹង្ហ​បូរី​ចំនួន​ជាងបីលាន​តោន ខណៈ​ពេល​ដែល​ប្រទេស​សឹង្ហបូរី និង​អង្គការ​យូអ៊ិនខមត្រេត(UN Comtrade)រក​ឃើញ​ថា​កម្ពុជា​បាននាំ​ខ្សាច់​ទៅ​លក់​ក្នុង​ប្រទេស​សឹង្ហា​បូរី​ជាង​ចិត​សិបលានតោន​នៅក្នុង​ឆ្នាំ២០១៦។

លោក សន ជ័យ និយាយថា​នៅពេលដែល​រដ្ឋាភិបាល​មិនអាច​បញ្ជាក់​បន្ថែម​អំពី​តួរលេខ​នៃការ​នាំ​ចេញ​ផ្សេងទៀត​ អង្គការ​មិនមែន​រដ្ឋាភិបាល​រកឃើញ​ដែរ​ថា​ខ្សាច់​កម្ពុជា​ត្រូវ​បាននាំទៅលក់ក្នុង​ប្រទេស​ឥណ្ឌា និង​កោះ​ម៉ាល់ឌីវ។

បើ​ទោះ​បី​ជា​ចំនួន​នៃ​រថយន្ត​គេច​ពន្ធ​​មិន​ត្រូវ​បាន​ប្រភព​ផ្សេងទៀត​បញ្ជាក់​ក្តី ក៏ប៉ុន្តែ​ភាព​ខុសគ្នា​នៃ​តួរលេខ​ខាងលើ​អាចនឹង​ឆ្លុះ​បញ្ចាំង​ទៅលើ​ផ្នែក​ផ្សេងទៀត​ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់ការ​ប្រមូល​ថវិកាជាតិ។

អ្នក​សេដ្ឋកិច្ច​មួយរូប គឺ​លោកបណ្ឌិត គី សេរីវឌ្ឍន៍ បារម្ភថា​ការលើកលែងពន្ធលើរថយន្តពាក់ស្លាកលេខ ន.ប ធ្វើឲ្យមានភាពអយុត្តិធម៌ដល់ប្រជាជនទូទៅដែលពុំមានឋានៈបុណ្យស័ក្កិដែលត្រូវបង់ពន្ធពេញនៅពេលទិញរថយន្ត៖ “រថយន្តរដ្ឋស្លាកលេខ ន.ប មានន័យថាជារថយន្តរបស់រដ្ឋ ធ្វើការងារដើម្បីបម្រើរដ្ឋព្រោះរថយន្តនេះតែដល់ម៉ោងឈប់បំពេញការងារឡានគេមិនឮឮឲ្យបម្រើការទៅណាទេ។ ប៉ុន្តែនៅស្រុកយើងខ្ញុំឃើញថា គ្រប់ទីកន្លែងសម្បីតែចូលភោជនីយដ្ឋាន ចូលកន្លែងកំសាន្ត ក្លឹបកំសាន្តអីហ្នឹង ខ្ញុំក៏ឃើញមានរថយន្តប្រភេទនេះដែរ។ ហើយនៅពេលធ្វើចរាចរណ៍ក៏ឃើញមានមួយចំនួនតូចដែលថ្វើចរាចរណ៍ដោយមិនគោរពច្បាប់ទៅទៀត”។

លោក​ នួន​ ច័ន្ទ​រិទ្ធ មាន​ប្រសាសន៍​ថា​​ក្រសួង​ជំនាញ​បាន​ចាត់​វិធានការ​ជា​ច្រើន​ដើម្បី​បញ្ចប់ការ​នាំ​រថយន្ត​គេចពន្ធ​ចូល​មកក្នុង​ប្រទេសកម្ពុជា។​ ប៉ុន្តែ​លោក​និយាយ​ថា​វាមាន​ឧបសគ្គ​ជាច្រើន​ដើម្បី​សម្រេចកិច្ច​ការ​ទាំងអស់នោះ៖ «ឧទាហរណ៍គាត់រត់ពន្ធ គាត់មិន​មែន​ដាក់​ឈ្មោះគាត់ទេ គាត់ដាក់ឈ្មោះ ក ផ្សេង​នៅ​ទីក្រុង​គាត់យក​អត្ត​សញ្ញាណ​ប័ណ្ណមក ពេលយើង​ចាប់​គាត់​​​​បង្ហាញថា​ឡាន​របស់​អ្នកហ្នឹង(អ្នកផ្សេង) ដូច្នេះ​គាត់​​ថាអត់​ដែល​រត់​ពន្ធទេ គាត់ទើបតែរត់ម្តងទេ តាម​ច្បាប់​​យើងត្រឹមតែពិន័យទេ ចាប់បាន​លើកក្រោយ​ទៀត​របស់​មនុស្ស​ហ្នឹង​(មនុស្ស​ដដែល) ក៏គាត់​ដាក់​ឈ្មោះ​ផ្សេង​​ដែរ ដូច្នេះមិន​មែនជា​រឿងងាយ​ស្រួលទេ ​រត់(គេច)​ពន្ធគឺជា​បញ្ហា​​ស្មុគស្មាញ​មួយ​ដែល​យើង​ខិត​ខំអស់ពីសមត្ថ​ភាពនិងប្រសិទ្ធភាព​ក្នុងការ​បង្ក្រាបជា​បន្តបន្ទាប់ទទឹម​នឹងល្បិច​និងការ​រត់ពន្ធល្បិចនៃការគេចពន្ធរបស់​ឈ្មួញ​ដែល​​ពាក់​​ព័ន្ធ​នៅក្នុងបញ្ហានេះ»។

​កម្ពុជា​​មាន​ព្រំដែន​គោក​ជាប់​ប្រទេស​ជិត​ខាង​ប្រហែល​​៣ពាន់គីឡូម៉ែត និងមានច្រករបៀងជិត២០០ច្រក​។ លោក នួន ច័ន្ទរិទ្ធ​ មើល​ឃើញ​ថា​ស្ថានភាព​ភូមិសាស្រ្ត​គឺ​ជា​ឧបសគ្គមួយទៀត​នៅក្នុង​ការ​បង្រ្កាប​បទ​ល្មើស​​គេច​ពន្ធនេះ៖ «៣ពាន់​គីឡូម៉ែតមានស្ថានភាពស្មុគស្មាញ កន្លែងខ្លះស្រែ កន្លែងខ្លះភ្នំ យើងមាន​ច្រក​ផ្លូវការ​មួយ​ចំនួន​(ច្រកព្រំដែនអន្តរជាតិ)ជាការពិតហើយ ដែលមាន​មន្ត្រីយើងឈរជើង មានមន្ត្រីគយ មាន​មន្ត្រីស្ថា​ប័ន​មាន​​សមត្ថកិច្ច​ផ្សេងទៀត ប៉ុន្តែដោយឡែក​នៅច្រក​មិនផ្លូវការ ដែលគេហៅថាច្រករបៀងនោះគឺមានច្រើន បើតាម​តួលេខច្រ​ករបៀង​(ច្រកមិនផ្លូវការ​)​មានប្រហែលជា២០០ ដែលមនុស្ស ក៏ដូចជាមធ្យោបាយដឹកជញ្ជូន បើម៉ូតូស្រួលបំផុត ជិះតែឆ្លងកាត់ស្រែ​ក៏បាន​ដែរ(ជិះគេចពន្ធ)»។

ប្រធានស្តីទីគណ​បក្សប្រឆាំងលោក កឹម សុខា ជម្រុញ​ឲ្យ​រដ្ឋាភិបាលទប់ស្កាត់បទល្មើសគេចពន្ធ បង្កើនប្រសិទ្ធភាពនិងតម្លាភាពក្នុងការប្រមូលពន្ធដារនិងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលថវិកាពីសម្បទានធនធានជាតិនានាដើម្បី​បង្កើន​ថវិកាជាតិ។​

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ មានចំនួនប្រមាណ៥ពាន់លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០១៦ ថវិកាជាតិត្រូវចំណាយប្រហែល៤ ៣០០លានដុល្លារ។

គិតត្រឹមថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៦ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋករកម្ពុជា (អគរ) បានព្យាករណ៍ថា អាចប្រមូល​ចំណូលនៃការបង់ពន្ធនាំចូលម៉ូតូ ចូលថវិកាជាតិបានប្រមាណ ហុកសិបបួនលានដុល្លារអាមេរិក (៦៤​.៤៥០.៥១៥ លា​នដុល្លារអាមេរិក) បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនឡើង១១,៦%។

គិតត្រឹមថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៦ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋករកម្ពុជា (អគរ) បានព្យាករណ៍ថា អាចប្រមូល​ចំណូលនៃការបង់ពន្ធនាំចូលរថយន្ត ចូលថវិកាជាតិបានប្រមាណ ប្រំារយចិតសិបមួយលានដុល្លារអាមេរិក (៥៧១​.៩៦៨.​២៧៨លា​នដុល្លារអាមេរិក) បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនឡើង១១%។

លោក នួន​ ច័ន្ទ​រិទ្ធ អគ្គនាយករងនៃ​អគ្គនាយក​ដ្ឋាន​គយនិង​រដ្ឋករកម្ពុជា បញ្ជាក់ថាការ​ដាក់​មុខ​ទំនិញ​រថយន្ត​ជា​មុខ​ទំនិញកំណត់​ពិសេស ដែល​ត្រូវ​ទទួល​រងនូវ​យន្តការ​​គ្រប់គ្រង​ក្នុង​ប្រទេសកម្ពុជាឲ្យ​បាន​ហ្មត់ចត់គឺ​ជា​វិធានការ​ផងដែរ៖ «តម្រូវឲ្យមានការបិតតែម ដែលហៅថា(លតាបត្រ) ឬជាភាសាបារំាងថា (Vignette) ចំពោះ​រថយន្តនិងការអនុញាតឲ្យមន្ត្រីសមត្ថកិច្ចអាចចុះត្រួតពិនិត្យ​ជាយថាហេតុលើរថយន្តបាន ទោះជាកំពុង​រក្សា​ទុកក្នុ​ង​អាជី​វកម្មដ្ឋានឬកំពុងចរាចរលើផ្លូវសាធារណៈ​ក៏ដោយ និងពង្រឹងកិច្ចសហការជា​មួយស្ថាប័ន​ពាក់​ព័ន្ធ​ជាពិសេស​​ក្រសួងសាធារណការនិងដឹកជញ្ជូន ប្រើប្រាស់ប្រព័ន្ធIT ដើម្បីត្រួតពិនិត្យការក្លែងបន្លំឯកសារ ជា​ពិសេស​វីញ៉ែតរួមទំាងបន្តផ្សព្វផ្សាយអប់រំដល់គ្រប់​ភាគីពាក់ព័ន្ធ ទំាងអាជីវករ និងអ្នកប្រើ​ប្រាស់​នូវ​វប្បធម៌ ​គោរ​ព​ច្បាប់សារពើពន្ធ»។

លោក នួន ច័ន្ទ​រិទ្ធ​ ក៏ទទូច​ឲ្យ​ពលរដ្ឋ​និង​មន្រ្តី​ធំៗ​ឈប់​ទិញ​រថយន្ត​ដែល​គ្មានពន្ធ៖ «បើសិនណាជារថយន្តអត់ពន្ធ គាត់នឹងប្រឈមមុខជាមួយ និងស្ថា​ប័ន​មាន​សមត្ថ​កិច្ចក្នុងការឃាត់ ត្រួតពិនិត្យសព្វបែបសព្វយ៉ាង ហើយចុងក្រោយបង្អស់ គឺគេចអត់ផុតពីការបង់ពន្ធ និង​ការ​ពិន័យ»។

ក្នុង​លិខិត​សរសេរ​ជូន​ទៅលោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កាលពី​ខែ​កញ្ញា លោក ស ខេង មិន​ត្រឹម​តែ​បាន​​ស្នើ​សុំ​រាជរដ្ឋាភិបាល​លើកលែង​ពន្ធ​សម្រាប់​រថយន្ត​ដែល​គ្មាន​ពន្ធ​កំពុងតែ​ប្រើ​ប្រាស់​ដោយ​មន្រ្តី​របស់លោកនោះទេ​ ប៉ុន្តែបាន​បញ្ជាក់ថា ​«ការចុះ​បញ្ជី​រថយន្តគ្មានពន្ធ​នេះ​ត្រូវបាន​បញ្ចប់​មិនឲ្យ​មាន​បន្តទៀតឡើយ»។​

ដោយ​និយាយ​សំដៅ​ដល់ការ​ធានា​ប្រសិទ្ធភាពនិងការ​ធានា​បាន​ថា​មិន​មាន​រថយន្ត​គេច​ពន្ធ​នឹង​ត្រូវ​បាន​នាំ​ចូល​ ឬ​ទិញនិង​ប្រើ​ប្រាស់​ដោយ​មន្រ្តី​នគរបាលនៅក្រសួង​មហាផ្ទៃ និង​មន្រ្តីជាន់​ខ្ពស់នៅ​ក្រសួងការពារជាតិ លោក នួន ច័ន្ទ​រិទ្ធ​ មានប្រសាសន៍បន្ថែម​ទៀតថា​ ស្ថាប័ន​គយ​បាន​នឹង​កំពុង​យកចិត្តទុក​ដាក់ ទប់ស្កាត់អំពើរត់ពន្ធលើអ្នករត់ពន្ធទូទៅ តាមរយៈការអនុវត្ត​ការចុះ​បញ្ជីសារ​ពើ​ភណ្ឌ​ទ្រព្យ​សម្ប​តិរដ្ឋ ការ​បង្កើតគណៈកម្មការនិងរៀប​ចំប្រព័ន្ធគ្រប់គ្រងទិន្នន័យបច្ចេក​ទេសទំនើប។ ករណី​​នេះ​លោក​ថា ទើប​អាច​​ទប់ស្កាត់ការនាំចូលរថយន្ត​គេច​ពន្ធ​ឲ្យមានប្រសិទ្ធភាពខ្ពស់​៖ «នៅតាមដងផ្លូវ យើងអាច​បើក​រថ​យន្ត​​ពី​ក្រោយ យើង​មើលលេខឡានហ្នឹងទៅ យើងវាយបញ្ជូលផ្លាកលេខរថយន្តទៅក្នុងទិន្នន័យ ទិន្នន័យ​វានិង​ចេញ​មកយើងថា រថយ​ន្ត​​នេះប្រភេទ​អ្វី ឆ្នាំផលិតប៉ុន្មាន ព័ណ៌អ្វី លេខតួ លេខម៉ាស៊ីនយើងដឹងអត្តសញ្ញាណ ហើយ​ចំពោះ​បញ្ហា​នេះ​យើ​​ង​​កំពុង​តែសហការ​គ្នាជា​មួយ​ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន ដើម្បី​កសាង​ជា​ប្រព័ន្ធ​Software មួយ សម្រាប់​​បំ​រើឲ្យ​ការទប់ស្កា​ត់ការនាំ​ចូល​ការរត់​ពន្ធទំាង​មូលផង ហើយ​​ក៏ជាការ​ចូល​រួម​ក្នុងវិស័យ​ពង្រឹង​សន្តិសុខ សុវត្ថិ​ភាព ​សង្គមរបស់ជាតិ មាតុភូមិ​យើង​ផង​»។

យ៉ាងណាក៏ដោយ​លោក នួន ច័ន្ទរិទ្ធ បញ្ជាក់ថាប្រព័ន្ធបច្ចេកវិទ្យាទំនើបខាងលើ​នេះ អាចនឹង​ចាប់​ផ្តើម​អនុ​វត្តយ៉ាងយូរ​នៅពាក់កណ្តាលឆ្នាំ២០១៧នេះ។

របាយការណ៍របស់អង្គការសម្លាភាពអន្តរជាតិ​​បង្ហាញថា នៅឆ្នាំ២០១៥ កម្ពុជាជាប់ចំណាត់ថ្នាក់​១៥០ក្នុងចំណោម​ប្រទេស១៦៨ ដែលជាចំណាត់ថ្នាក់អាក្រក់នៃ​ប្រព្រឹត្តអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង ធ្លាប់ថ្លែងថាក្រសួងមហាផ្ទៃគឺជាស្ថាប័នដែលមានការប្រព្រឹត្តអំពើពុករលួយខ្លាំងជាង។ ប៉ុន្តែលោក ព្រាប កុល អះអាង ប្រព័ន្ធយុត្តិធម៌តុលាការ ពុករលួយលេខ១ ចំណែកក្រសួងមហាផ្ទៃពុករលួយលំដាប់លេខ២។

លោក ព្រាប កុល មានប្រសាសន៍បន្ថែមថា បទល្មើសរត់ពន្ធខុសច្បាប់នៅតែបន្តកើតមាន ដោយ​សារការ​អនុ​វត្ត​​​​ច្បាប់​នៅខ្វះចន្លោះ មិនមានតម្លភាពរវាងអ្នក​មានអំណាច អ្នកមាន និងអ្នកក្រីក្រ ដែលលោកថាអ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ភាគ​ច្រើន​អ្នកមានអំណាច។

លោក ព្រាប កុល ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់កុំឲ្យមានរថយន្តគេចពន្ធ រដ្ឋាភិបាលត្រូវ​សហការជាមួយក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធ​រួមទំាង​បំពាក់កំាមេរ៉ាសុវត្ថិភាពនៅតាមច្រកព្រំដែនដើម្បី​បង្ក្រាប​​និងទប់​ស្កាត់​អ្នក​នាំចូល និងអ្នក​ប្រើ​រថ​យន្ត នប ខម ទើបទទួលបានផល​វិជ្ជមានច្រើន​​៖ «តំបន់ណា​មួយ​ឬផ្នែក​ណាមួយ​ដែលយើងសង្ស័យថាមានភាពមិនប្រក្រតី យើងធ្វើសវនកម្ម​ ឬអធិការ​កិ​ច្ច​ឲ្យ​បាន​ញឹកញ៉ាប់ ហើយ​បើសិន​ជាអាច​មានលទ្ធភាពត្រូវ​បំពាក់នូវសម្ភារៈទំនើប ឬក៏ឧបករណ៍ចំបាច់មួយចំនួនជាពិសេស​ដូចជា​នៅតាម​ច្រក​ព្រំដែន​មួយចំនួន​គួរតែមានដាក់កំាមេរ៉ាសុវត្ថិភាព ឬក៏ប្រព័ន្ធកុំព្យូទ័រដែលអាច​កត់​ត្រារាល់​ប្រតិបត្តិការ​នៃការ​នាំ​ចេញ នាំចូលទំនិញរួមទំាងរថយន្ត ម៉ាស៊ីន ឧបករណ៍គ្រប់បែបយ៉ាងទំាងអស់»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បញ្ជាក់ថា ដើម្បីទប់​ស្កាត់​កុំឲ្យ​​មាន​រថ​យន្ត​គេចពន្ធ​ នៅ​ឆ្នាំ២០១៧នេះ​ រដ្ឋាភិ​បាល​ត្រូវ​មាន​វិធានការ​កំណត់ប្រភេទ​រថយន្ត​ដែល​រដ្ឋលើ​ក​លែង​ពន្ធ មានឈ្មោះ​តែ​មួយ​ប្រភេទ ម៉ាក ឆ្នាំផលិត បំពាក់​​​ស្លាក​​លេខ​​​រដ្ឋដូចគ្នា​ទំាងអស់ ហើយ​កំណត់​ឋានៈ​របស់​មន្ត្រី​​កម្រិត​​ណា​ដែលមា​នសិ​ទ្ធិប្រើ​រថយន្ត​នោះ​ផង​​ដែរ។ តាម​លោក​ សន ជ័យ វា​គឺជា​របៀបមួយដើម្បី​ងា​យ​ស្រួល​គ្រប់​គ្រង និងការពារ​កុំឲ្យ​បាត់បង់​ថវិកា​ជាតិដោយ​សារ​ការ​នាំរ​ថយន្ត​គេច​ពន្ធទំាង​នោះ​​៖ «អត់​អាច​​ឲ្យជិះ​​ពាស់វាល ពាសកាលដល់លើអីចឹងទេ ឃើញ​តែឡូ​ហ្គោ ប៉ូលីស​លើ​ជញ្ជំាង(លើជញ្ជាំងរថយន្ត) វាបាត់​ឯក​​សណ្ឋានប៉ូលីស ត្រូវ​តែមានកំណត់ចំនួន ខ្ញុំឧទាហរណ៍​ឡើង​វិញ កំណត់ BMW​ គឺ៤៧០គ្រឿង ត្រូវតែ​ឡាន​ម៉ាក​​ហ្នឹ​ង ឆ្នាំផលិតពីឆ្នាំ២០០១រហូតដល់២០០៥ ស្រួល​គ្រប់​គ្រង​មើលទៅថា ៤៧០គ្រឿងសុទ្ធតែ BMW ស្រួល​បង្ក្រាប​(អ្នក​)បន្លំ ឧប្បមាថា យកលេខសេះមក​ដាក់ផ្លាកលេខ នប​ ខុសច្បាប់ បើ BMW គេ​មើល​ទៅ​វាស្ទេន​ដាត(Standard​)តែមួយ»។

នៅពេល​ដែល​មន្រ្តី​ជំនាញ​មើល​ឃើញថា​ការ​បង្ក្រាប​ការ​នាំ​រថយន្ត​គេចពន្ធ​ចូលមក​ក្នុង​ប្រទេសកម្ពុជា​មាន​បញ្ហា​ប្រឈមនោះ វិធានការ​ដើម្បី​បញ្ចប់​ការ​ចុះ​បញ្ជីរថយន្តគ្មានពន្ធនាំចូលនៅ​តែ​នៅ​មាន​ភាព​ប្រពិច​ស្រពិលនៅឡើយ​។ ជាពិសេស​នៅ​ពេល​ដែល​ប្រទេសកម្ពុជា​ត្រូវ​បាន​ចាត់​ថា​គឺជា​ប្រទេស​ដែល​មានការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់​ធ្ងរ​ជាងគេ​នៅលើ​ពិភពលោក៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required