លោក ធន់ សារាយ ទទួលបានពានរង្វាន់ ផ្នែកសិទ្ធិមនុស្សនិងនីតិរដ្ឋឆ្នាំ២០១៦

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ(ចំពីមុខ) ថ្លែង​ក្នុង​សន្និសីទសារ​ព័ត៌មាន ទាក់ទង​នឹង​លិខិត​កោះអញ្ជើញ​របស់​អង្គភាពប្រឆាំងអំពើ​ពុករលួយ​

លោក ធន់ សារាយ ប្រធានសមាគមអាដហុក (ADHOC) ដែលស្ថិតក្នុងចំណោមជ័យលាភី១៦រូប ទទួលបានពានរង្វាន់បារាំង-អាល្លឺម៉ង់ ផ្នែកសិទ្ធិមនុស្ស និងនិតីរដ្ឋ ដែលត្រូវបានប្រារព្ធធ្វើជាលើកទី១។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលវីអូឌីទទួលបាននៅថ្ងៃទី២ធ្នូ លោក ធន់សារាយ គឺជាជ័យលាភីម្នាក់ ក្នុងចំណោមជ័យលាភី១៥រូបផ្សេងទៀតដែលទទួលបានពានរង្វាន់នេះ ដែលមកពីប្រទេសបង់ក្លាដេស បេឡារុស ប្រេស៊ីល  កាមេរូន កាណាដា ចិន   កូស្តារីកា ឥណ្ឌា អៀរឡង់ អ៊ីតាលី ហ្សកដានី ប៉ាគីស្តង់ រុស៊្សី ស៊ីរី និងឆាត។

បើតាមសេចក្តីប្រកាសព័ត៌មាន គណៈមេប្រយោគបានសម្រេចផ្តល់ពានរង្វាន់ដល់លោក ធន់ សារាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក និងរបស់សមាគមអាដហុកក្នុងការការពារសិទ្ធិមនុស្ស ដោយបានធ្វើឱ្យការការពារបុគ្គលប្រឆាំងនឹងការរំលោភបំពានទាំងអស់ ក្លាយជាតម្លៃស្នូលនៃសង្គមកម្ពុជា។

សកម្មភាពរបស់លោក ធន់ សារាយ និងសមាគមអាដហុក បានជួយឲ្យសង្គមខ្មែរយល់ច្បាស់ថាការរីកចម្រើនផ្នែកនីតិរដ្ឋ និងសិទ្ធិមនុស្ស គឺទាមទារឲ្យមានជាចាំបាច់នូវលទ្ធភាពទទួលបានយុត្តិធម៌ប្រសើរជាងមុន ទោះបីបុគ្គលនោះមានប្រភព ឬឋានៈសង្គមអ្វីក៏ដោយ ដែលសកម្មភាពទាំងនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកផ្តល់ជំនួយអន្តរជាតិ រាប់បញ្ចូលទាំងប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

សេចក្តីប្រកាសព័ត៌មានដដែលសរសេរថា ពានរង្វាន់ បារាំង-អាល្លឺម៉ង់ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងបារាំង និងអាល្លឺម៉ង់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងជាការលើកទឹកចិត្ត ដល់លោក ធន់ សារាយ ក៏ដូចជាសមាគមអាដហុក និងអង្គការសង្គមស៊ីវិលផ្សេងទៀត ក្នុងការបន្តសកម្មភាពរបស់ខ្លួន៕

សមាគមអាដហុក (ADHOC) គឺជាស្ថាប័នផ្តល់ជំនួយជាអាទិ៍ ផ្នែកច្បាប់ដល់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនានា ដែលងាយរងគ្រោះបំផុតក្នុងករណីជម្លោះដីធ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ