លីកាដូ​៖ ជន​ល្មើស​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ភាគ​ច្រើន​រួច​ផុត​ពី​ការ​ដាក់​ទោស

ក្រុម​យុវតី​កម្ពុជា​ចូល​រួម​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១៦។ រូបថត៖ UN Women

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានលើកឡើងថា ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សាក្នុង​គ្រួសារ នៅ​មាន​ភាព​ទន់​ខ្សោយ ខណៈ​ដែល​បណ្ដឹង​ព្រហ្ម​ទណ្ឌ​ជាង ២០​ភាគរយ​ប៉ុណ្ណោះ​ ត្រូវ​បាន​បិទ​បញ្ចប់​ជាមួយ​ការ​​ដាក់​ពិន័យ​លើ​ជន​ល្មើស​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

អង្គការ​លីកាដូ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី០២​ ខែធ្នូ តាមរយៈការបង្ហាញរបាយ​ការណ៍​​​ស្រាវជ្រាវស្ដីពី «បើ​គ្មាន​ការ​ផ្តន្ទា​ទោស​​ គឺ​គ្មាន​ការ​ការពារ៖ការ​ឆ្លើយ​តប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា»

ក្នុង​របាយការណ៍​នោះ អង្គការសិទ្ធិ​មនុស្ស​មួ​យ​នេះ បាន​រក​ឃើញ​ថា ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ បណ្ដាលឲ្យជនល្មើស​​មិនខ្លាច​រអា​នឹង​វិធានការ​ផ្លូវច្បាប់​នោះ​ឡើយ​។

អង្គការ​មួយ​នេះ​រក​ឃើញ​ថា ដោយ​ផ្អែក​លើ​សំណុំរឿង​អំពើហិង្សា​ក្នុង​គ្រួសារ ២៣៧​ករណី ដែលលីកាដូ​បាន​ឃ្លាំ​មើល​ចាប់ពី​ដើមឆ្នាំ​២០១៤​ ដល់​ ចុងឆ្នាំ​២០១៦​ ហើយត្រូវបាន​បិទ​បញ្ចប់​នេះ មាន​តែ ២២​ភាគរយ​នៃបណ្ដឹង​ព្រហ្ម​ទណ្ឌ​ប៉ុណ្ណោះ​ដែល​​ត្រូវ​បាន​បិទ​បញ្ចប់​ជាមួយ​នឹង​ការដាក់​ទោស​ទណ្ឌ​លើ​ជនល្មើសប្រព្រឹត្តអំពើហិង្សា។

នាយិការង​ផ្នែកតស៊ូមតិ​នៃអង្គការ​លីកាដូ អ្នកនាង​ ណាលី​ ពីឡូក​​ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា​ កន្លង​មក​ មាន​ករណី​អំពើហិង្សា​ក្នុងគ្រួសារ​តិចតួច​ប៉ុណ្ណោះ ​ដែល​ត្រូវបាន​យកទៅ​ជំនុំជម្រះ​ ហើយនេះ​ គឺជា​សញ្ញាណ​អវិជ្ជមាន​ចំពោះ​ជនល្មើស​ដែល​មិនខ្លាច​វិធានការ​ផ្លូវ​ច្បាប់។

​អ្នកនាង​ ណាលី​ ពីឡូក​​ បានបន្តថា៖ «នេះជា​ពេលវេលា​ដែល​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅកម្ពុជា​ គួរចាត់​វិធានការ​ឱ្យបាន​ម៉ឹងម៉ាត់​ចំពោះអំពើ​ហិង្សា​ក្នុងគ្រួសារ។ មាន​បទប្បញ្ញត្តិ​ជាច្រើន​សម្រាប់​ឆ្លើយតប​នឹង​បញ្ហានេះ​ ប៉ុន្តែ​ ទាមទារ​ឱ្យមាន​ការអនុវត្ត​ដោយ​ត្រឹមត្រូវ​បន្ថែម​ទៀត»។

របាយការណ៍ដដែល បន្តថា ជាង ​៤០ភាគរយ​នៃ​ករណី​អំពើហិង្សាទាំងនោះ ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​​ត្រឡប់​​ទៅរស់​នៅ​ជាមួយ​ដៃគូ ​ដែល​មាន​ចរិត​ហិង្សា​វិញ​ ហើយចំណែកករណី​ក្រៅពីនោះទៀត​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ប្ដី​ប្រពន្ធ​រស់នៅ​ផ្សេងគ្នា​ ឬ​លែងលះ​គ្នា ប៉ុន្តែ​មិនមាន​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស​ទេ។

របាយការណ៍​នេះ​ បាន​បង្ហាញថា​ មូលហេតុ​ដែល​ករណី​ជាច្រើន​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​ និង​ជនល្មើស​នៅតែ​បន្ត​រស់នៅ​ជាមួយ​គ្នា ​បណ្ដាល​មក​កត្តាផ្សេងៗ​ដូចជា​​ សម្ពាធ​គ្រួសារ​ ជំនឿ​សាសនា​ ភាព​ក្រីក្រ​ កង្វះ​ខាត​ធនធាន​ និង​អំពើ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម។​

ការ​ស្រាវជ្រាវ​ បន្ត​រកឃើញ​ថា ​មានករណី​ជាច្រើន​ដែល​អាជ្ញាធរ​មិនបាន​ទទួល​ស្គាល់ ​ឬចាត់ទុក​អំពើហិង្សា​ក្នុង​គ្រួ​សារ​​​ថា ជាបទល្មើស​ព្រហ្មទណ្ឌ​ ដែល​នាំ​ឲ្យ​ពួកគេ​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុងការ​ចាត់វិធានការ​លើ​ករណីនោះ។

ក្នុងរបាយការណ៍ដដែលនោះ ក៏បានលើកជា​​សំណូមពរ​ដល់​អាជ្ញាធរ ស្វែងយល់ពី​ចរិតលក្ខណៈ​​ព្រហ្មទណ្ឌ​នៃអំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោយចាត់​ទុកថា ​ជាបទល្មើស​ព្រហ្មទណ្ឌ​ និង​គួរយកចិត្ត​ទុកដាក់​​ផ្ដល់​ធនធាន​ចាំបាច់​ឱ្យបាន​គ្រប់គ្រាន់​​ក្នុងការ​អនុវត្ត​ច្បាប់​ និង​បទបញ្ញត្តិ​ផ្សេងៗ​ ដើម្បី​ផ្ដល់សេវា​ដល់​ជនរងគ្រោះ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ