បទយកការណ៍៖ ខួបបីឆ្នាំនៃការឈឺចាប់នៅមុខរោងចក្រយ៉ាកជីននិងនៅផ្លូវវេងស្រេងកាលពីថ្ងៃទី២និង៣ ខែមករា ២០១៤

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:34 PM | បទយកការណ៍ | 0 | 891

ព្រឹកនេះនៅមុខទីធ្លាដ៏តូចចង្អៀតមុខផ្ទះសាមគ្គី ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមនុស្សប្រហែលពី២០ទៅ៣០នាក់កំពុងតែឈរជជែកគ្នា ខ្លះទៀតឈរមើលរូបថតដែលមានបិទលើជញ្ជាំង រូបថតលើជញ្ជាំងដែលបង្ហាញពីសកម្មភាពហិង្សាកាលពីឆ្នាំ២០១៤ នៅផ្លូវវេងស្រេង និងមុខរោងចក្រយ៉ាកជីនតំបន់សេដ្ឋកិច្ចពិសេសចោមចៅ។

នេះគឺជាខួបបីឆ្នាំនៃកម្មវិធីគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បងជីវិតនៅផ្លូវវេងស្រេងនិងរំលឹកការឈឺចាប់នៃការប្រើហិង្សាទៅលើកម្មករនិងអ្នកការពារសិទ្ធិមនុស្សនៅមុខរោង​ចក្រ​​យាកជីនពីសំណាក់ទាហានឆត្រ័យោង៩១១។

លោក វន់ ពៅ អះអាងថា លោកគឺជាអ្នកទទួលរងភាពអយុត្តិធម៌ម្នាក់ដែរនិងជាអ្នករៀបចំកម្មវិធី បានប្រាប់ពីមូលហេតុដែលមិនបានធ្វើផ្ទាល់នៅកន្លែង​កើតហេតុថា៖ «ឆ្នាំទៅ គឺយើងប្រារព្ធនៅនោះត្រូវបានរារាំងដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ហើយសាលាក្រុងក៏បានដាក់លិខិតមិនអនុញ្ញាតឲ្យយើងធ្វើ មិនត្រឹមតែប៉ុណ្ណឹងបំបែកខ្ចាត់ខ្ចាយរុញច្រានយើងរាប់គីឡូម៉ែត្រឯណោះ។ ក្នុងឆ្នាំ២០១៦ យើងឃើញថាសេរីភាពនៃក្នុងការជួបប្រជុំត្រូវបានរឹតត្បិតទាំងស្រុងតែម្តង ចឹងហើយបានយើងបង្ខំចិត្តធ្វើនៅក្នុងការិយាល័យរបស់យើងនេះ»។

អ្នកមកចូលរួមទាំងអស់គ្នារួមទាំងព្រះសង្ឃផងបានមកជុំគ្នានៅក្នុងផ្ទះអង្គុយមើលនិងទតស្លាយ[slide]រូបភាពដែលមានរៀបរាប់បន្ថែមទៀតពីសកម្មភាពហិង្សាកន្លងមក។ តមកព្រះសង្ឃបាន​​សូត្រធម៌ជយន្តោឧទិសដល់អ្នកដែលបានបាត់បង់ជីវិតនិងឲ្យពរដល់អ្នកដែលបានមកចូលរួមប្រារព្ធពិធី។

ថ្ងៃនេះអ្នកដែលរងអំពើហិង្សានិងធ្លាប់ជាប់ឃុំនៅពន្ធធនគារទាំង២៣នាក់ មិនបានមកជុំទាំងអស់គ្នាទេ ដោយអ្នកខ្លះបានធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេស អ្នកខ្លះទៀតជាប់រវល់កិច្ចការផ្សេងៗ។ កម្មវិធីបន្តគឺជាការរំលឹកនូវបទពិសោធន៍ដែលអ្នកមានវត្តមានជំរាបជូនដល់អ្នកចូលរួម។ លោក សុគន្ធ សម្បត្តិពិសិដ្ឋ អាយុ៣៤ឆ្នាំ ជាអតីតបុគ្គលិកអង្គការក្លារី ដែលនៅពេលនេះពិការដៃ លោកមិនអាចរកការងារធ្វើបានទេក្រៅពីធ្វើកម្មករសំណង់ លោកនិយាយប្រាប់ពីការឈឺចាប់ថា គេបានចាប់លោកយកទៅឃុំឃាំងរហូតដល់បួនឆ្នាំកន្លះ ហើយអ្វីដែលចង់បាន គឺឲ្យកែទម្រង់តុលាការចេញនិងស្វែងរកយុត្តិធម៌ឲ្យរូបលោកនិងកម្មករទាំងអស់។ លោក ពិសិដ្ឋរលឹកពីការចងចាំរបស់លោកថា៖ «មានពេលមួយឈឺចាប់ខ្លាំងពេក ខ្ញុំបានស្រែកក្នុងពន្ធនាគារ គេចាក់សោរបន្ទប់អត់ឲ្យចេញក្នុង​រយៈពេលមួយថ្ងៃ ខ្ញុំបោកក្បាលគេពិន័យខ្ញុំ។ អ្វីដែលចង​ចាំបំផុត គឺបាយវាល់ត្រឡោក ត្រីប្រឡាក់ប្រៃខះមិនអាចបរិភោគបាន»។

បន្ទាប់មកលោក ឃឹម សឿន ថ្លែងដោយទឹកមុខស្រពាប់ស្រពោនថា លោកជាឪពុករបស់ ឃឹម សុផាត មកពីខេត្តស្វាយរៀង។ លោកថា កូនគាត់បាត់ខ្លួននៅផ្លូវវេងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ តាំងពីថ្ងៃនោះមកអត់ទាន់មានដំណឹង លោកសូមឲ្យអង្គការទាំងអស់ជួយរកយុត្តិធម៌ផង។ លោកបន្ថែមថា៖ «កូនខ្ញុំ ខ្ញុំគិតថាស្លាប់ហើយ មិត្តភក្កិវាឃើញគេបាញ់ត្រូវដើមទ្រូងដួលទៅលើថ្នល់ គេឃើញលើកវាដាក់លើឡានពេទ្យទាហ៊ាន ក្រហមបន្តិច សបន្តិច ដឹកចេញទៅលិច។ ខ្ញុំទាក់ទងរកដែរ រកដល់មួយខែ ខ្ញុំមិនអស់ចិត្ត ឮតែគេថានៅភ្នំម្រះព្រៅ តែរកវាអត់ឃើញ»។

លោក ជា សារ៉ាត់ រំលឹកថា កាលណោះលោកជាកម្មករ ថ្ងៃនោះលោកជិះម៉ូតូមកផ្ទះក៏ត្រូវគេចាប់វាយដំនិងបញ្ជូនទៅឃុំឃាំង៖ «ខ្ញុំគ្រាន់តែចង់ស្នើដល់រាជរដ្ឋាភិបាលហើយនិងអង្គការសង្គមស៊ីវិលទាំងអស់ ជួយរកដំណោះស្រាយឲ្យខ្ញុំដើម្បីយុត្តិធម៌ ពេលដែលខ្ញុំជាប់ទោសគេដាក់ខ្ញុំបួនឆ្នាំ អនុវត្តទោសក្នុងពន្ធនាគារ៤ខែ២៨ថ្ងៃ ចឹងសល់ប៉ុន្មានគេព្យួរ។ រាល់ថ្ងៃនេះរឿងរួចទោសឬមិនរួច មិនទាន់ដឹងទេ ហើយពេលដែលចេញមកគេថាប្រគល់ម៉ូតូនិងទូរសព្ទដៃឲ្យ តែទូរសព្ទមិនសំខាន់ទេ សំខាន់ម៉ូតូគ្រាន់ដោះស្រាយជីវភាព។ គេថាប្រគល់ឲ្យ ឥឡូវបាត់សំណងឈឹងតាំងពីពេលនោះរហូតដល់ឥឡូវបីឆ្នាំហើយ តុលាការគេថាប្រគល់ឲ្យវិញ។ អាសង់កូរ៉េកញ្ចាស់មួយសំរាប់រត់ឌុបយកលុយចិញ្ចឹមជីវិតហ្នឹង!»។

អ្នកសកម្មក្នុងរឿងសិទ្ធិមនុស្សនិងជាមនុស្សសំខាន់ក្នុងចំណោមអ្នកទាំង២៣នាក់ លោក ថេង សាវឿន និយាយក្នុងថ្ងៃរលឹកខួបបីឆ្នាំនេះថា ឲ្យតែនឹកដល់ថ្ងៃទី២ទី៣ គឺខួរក្បាលកំរើកឡើងវិញ មិនភ្លេចនូវព្រឹត្តិការណ៍ព្រៃផ្សៃរបស់កងកម្លាំងដែលបំរើឲ្យជាតិហើយបែរជាប្រើហិង្សាមកលើកម្មករនិងមកលើអ្នកការពារសិទ្ធិមនុស្ស ដោយគ្រាន់តែតវ៉ាដើម្បីប្រាក់ខែដើម្បីតែក្រពះ។

លោកថាលោកឈឺចាប់នឹងការដាក់ទោសរបស់ប្រព័ន្ធយុត្តិធម៌វិនិច្ឆ័យឲ្យជនរងគ្រោះក្លាយជាជនល្មើស អ្នកប្រព្រឹត្តបែរជាមិនជាប់ទោស។ លោកបន្ថែមថា៖ «សំរាប់ខ្ញុំ យុត្តិធម៌ដែលខ្ញុំទទួលបាន ទាល់តែពលរដ្ឋជាអ្នកកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ខ្ញុំអត់មានសង្ឃឹមទៅលើប្រព័ន្ធដឹកនាំរដ្ឋសព្វថ្ងៃហ្នឹងក្នុងការផ្តល់យុត្តិធម៌ឲ្យខ្ញុំ បានន័យថា នៅពេលដែលប្រជាពលរដ្ឋយល់ដឹងពីបញ្ហាសង្គមកាន់តែច្រើន អយុត្តិធម៌សង្គមកាន់តែកើន គាត់ចង់កំណែទម្រង់គឺគាត់ប្តូរការគ្រប់គ្រងនៃប្រព័ន្ធដឹកនាំរដ្ឋតាមរយៈការបោះឆ្នោតទៅថ្ងៃមុខ។ ចឹងបើសិនជាគាត់ផ្លាស់ប្តូរអ្នកអនុវត្តច្បាប់បាន នោះខ្ញុំនឹងបន្តទាមទារយុត្តិធម៌ ប៉ុន្តែសំរាប់បច្ចុប្បន្នខ្ញុំមិនចំណាយពេលវេលាទៅរវល់ជាមួយនឹងប្រព័ន្ធយុត្តិធម៌ ឬក៏នីតិវិធីសព្វថ្ងៃទេ»។

ចុងក្រោយគឺ លោក វន់ ពៅ អ្នកដែលល្បីនិងសាច់កម្មជាងគេក្នុងការងារសិទ្ធិកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកន្លងមក លោករំលឹកពីព្រឹត្តិការណ៍ឈឺចាប់សំរាប់លោកថា ថ្ងៃនោះគេមានចេតនាសម្លាប់រូបលោកនៅមុខរោងចក្រយ៉ាកជីនដោយទាហ៊ានឆ័ត្រយោង៩១១ និងជនស៊ីវិលផ្សេង​ទៀតដែលសហការគ្នា។ លោកគិតថាមិនមានវត្តមានបានមកជួបនៅថ្ងៃនេះឡើយ។

លោកបន្តរៀបរាប់យ៉ាងពិស្តារពីបទពិសោធន៍ឈឺចាប់របស់លោកនៅអំឡុងពេលរងហិង្សានិង​ពេលជាប់ពន្ធនាគារ ម៣ ត្រពាំងថ្លុង។ ប្លែកពីអ្នកមុនៗ លោក វន់ ពៅ បាននិពន្ធជាបទចំរៀង មកច្រៀងអមជាមួយភ្លេងអ័កកាដង់ ជូនអ្នកចូលរួមស្តាប់ ដែលបទចំរៀងទាំងនេះលោកនិពន្ធនៅពេលលោកកំពុងជាប់ឃុំ។

ទោះជាយ៉ាងណាលោកសូមអរគុណដល់ព្រះសង្ឃ អង្គការសង្គមស៊ីវិល សារព័ត៌មាន និងប្រជាពលរដ្ឋ​ដែលបានផ្តល់យុត្តិធម៌ដល់លោក៖ «អ្វីដែលយើងបានទទួលយុត្តិធម៌ពីប្រជាពលរដ្ឋ​ពីអង្គការសង្គមស៊ីវិល ពីសារព័ត៌មានជាតិនិងអន្តរជាតិ យុត្តិធមីទីមួយគឺ មហាជនរាប់សែនរាប់លាននាក់គឺផ្តល់តំលៃឲ្យយើង មានន័យថាគាត់បានយល់ដូចយើងដែរថាយើងគឺជាមនុស្សដែលគ្មានទោស យើងគឺជាមនុស្សដែលថ្លៃថ្នូរ យើងគឺជាមនុស្សស្អាតស្អំ ធ្វើអ្វីៗគឺដើម្បីយុត្តិធម៌សង្គម ដើម្បីការពារសិទ្ធិ ប្រយោជន៍របស់កម្មករ ប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ យុត្តិធម៌មួយទៀត យើងឃើញមហាជនជាច្រើនពេលយើងទៅតាមបណ្តាខេត្តក្រុងទាំងអស់ គឺគេទទួលស្វាគមន៍យើងជានិច្ច ប្រសិនបើយើងមិនបានយុត្តិធម៌ផ្តល់ពីប្រជាពលរដ្ឋទេ ម្ល៉េះយើងទៅហូបនំបញ្ចុកតាមចិញ្ចើមថ្នល់ ក៏គេដេញគប់ ក៏ត្រូវគេជេរដែរ ប៉ុន្តែសំរាប់ពួកយើងទៅកន្លែងណាក៏គេស្វាគមន៍ មិនមែនដូចមនុស្សមួយចំនួនទៅកន្លែងមហាជនគេជេរគេគប់ដបទឹកសុទ្ធនោះទេ»។

ព្រឹត្តិការណ៍បង្រ្កាបកម្មករតវ៉ានៅមុខរោងចក្រ យ៉ាក់ ជីន ដោយកងកម្លាំងឆត្រយោង៩១១ ថ្ងៃទី២ មករា ឆ្នាំ២០១៤ បណ្តាលឲ្យមនុស្សប្រមាណ១០នាក់រងរបួសធ្ងន់និងស្រាល។ ​ក្រោយមួយថ្ងៃ គឺថ្ងៃទី៣ មករា ក៏មានព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅតាមបណ្តោយផ្លូវវ៉េងស្រេងដោយប្រើគ្រាប់កាំភ្លើង បានបណ្តាលឲ្យកម្មករ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងជិត៤០នាក់ រងរបួស ខណៈមនុស្ស២៣នាក់ត្រូវតុលាការចោទពីបទបង្កហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required