អតីតពលរដ្ឋនៅបុរីកីឡា៣នាក់របួសក្រោយពីប៉ះទង្គិចជាមួយអាជ្ញាធរ

អតីតពលរដ្ឋនៅបុរីកីឡាប៉ះទង្គិចជាមួយអាជ្ញាធរ

អតីតប្រជាពលរដ្ឋរស់​នៅបុរីកីឡាយ៉ាងតិច៣នាក់រងរបួស ក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខខណ្ឌ៧មករា ខណៈដែលពួកគេយកសម្ភារៈមករស់នៅក្នុងសហគមន៍ដែលមានជម្លោះនេះវិញ។

នៅព្រឹកថ្ងៃអង្គារនេះ ដែលជាខួបនៃការបណ្តេញចេញកាលពីឆ្នាំ២០១២ អតីតប្រជាពលរដ្ឋបុរីកីទ្បាបាននាំយកសម្ភារៈមករស់នៅលើអាគារចាស់ក្នុងសហគមន៍បុរីកីឡាវិញ ខណៈរដ្ឋាភិបាលនិង​ក្រុមហ៊ុន ផានអ៊ីម៉ិច មិនផ្ដល់សំណងបន្ថែមឲ្យពួកគេ ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខហាមមិនឲ្យពួកគេឡើងទៅរស់នៅលើអាគារនោះ ដោយថា កម្មសិទ្ធិរបស់ក្រុមហ៊ុន។

ក្រោយពីពួកគេមិនព្រមចាកចេញពីទីនោះ ក៏បានប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌ៧មករា ធ្វើឲ្យស្ត្រី៣នាក់រងរបួស។

អ្នកស្រី គឹម សារ៉ាន់ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីប៉ះទង្គិចជាមួយអាជ្ញាធរថា៖ «សូមរាជរដ្ឋាភិបាលឈប់យកកម្លាំងមកប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋ សកម្មជនដីធ្លី មកវាយតប់មកលើពួកខ្ញុំបន្តទៀត ពួកខ្ញុំរងគ្រោះ ដោយ(លោក) ប្រាក់ ហាក់ នេះទះកំភ្លៀងមកលើខ្ញុំ … នេះហើយការអភិវឌ្ឍនៅនឹងកន្លែង ហើយដា​ក់កម្លាំងមកវាយពលរដ្ឋ សកម្មជនដីធ្លីគ្រាន់តែទាមទារសំណងបន្ថែម …។ បែរជាប្រើអាជ្ញាធរមកវាយ ដាក់កម្លាំងគំរាមកំហែងពលរដ្ឋ តើយុត្តិធម៌ស្ថិតនៅកន្លែងណា តើលទ្ធប្រជាធិបតេយ្យនៅកន្លែងណា តើគោរពច្បាប់ថ្ងៃ២៣តុលា នៅកន្លែងណា»។

ប៉ុន្តែប្រធានសន្តិសុខខណ្ឌ៧មករា លោក ប្រាក់ ហាក់ បដិសេធថា លោកមិនបានវាយទៅលើពលរដ្ឋនោះទេ  លោកថា ការប៉ះទង្គិចគ្នានេះ រូបលោកក៏របួសដែរ។

លោកថា៖ «បើសិនជាគាត់ឡើងហើយយើងឲ្យគាត់ចុះ មានតែឲ្យគាត់ទៅតាមដំណើរ ការវាយគ្មាន មានតែគេខ្វាយខ្ញុំ ឃើញទេទឹកត្រីលើក្បាល ជេរម្ដាយខ្ញុំ អាយុប៉ុណ្ណឹងស្មើរនឹងឪពុកគាត់ រឿងអីតែគាត់ជេរខ្ញុំ។ ខ្ញុំគ្រាន់តែធ្វើតាមបញ្ជា(លោកអភិបាល) អញ្ជើញគាត់ចុះ បើមិនចុះមានតែរុញគាត់ឲ្យចុះតែប៉ុណ្ណឹង»។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ សម្ដែងការសោកស្ដាយដោយលោកថា រដ្ឋាភិបាលគួរតែធ្វើការដោះស្រាយឲ្យប្រជាពលរដ្ឋ មិនត្រូវគេច​វេស ហើយទម្លាក់កំហុសមកលើពលរដ្ឋឡើយ។

លោកថា៖ «យើងនិយាយអំពីកាតព្វកិច្ចវិញ នៅពេលប្រជាពលរដ្ឋជួបផលលំបាកហើយរងការអភិវឌ្ឍ ហើយទៅរស់នៅជួបការលំបាក ការអភិវឌ្ឍនៅកន្លែងថ្មីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅគឺជាកាតព្វកិច្ចរបស់អាជ្ញាធរ និងរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កន្លែងរបស់ពួកគាត់រស់នៅឲ្យមានហេដ្ឋារចនាសម្ព៏ន្ធគ្រប់គ្រាន់ មានមុខរបរសម្រាប់គាត់ ដើម្បីផ្គត់ផ្គង់កូនរបស់គាត់បានរៀនសូត្រ។ បើសិនជាមិនមានហេដ្ឋារចនាសម្ព័ន្ធ មិនមានមុខរបរទេ ដូចពួកគាត់លើកឡើងចឹង កូនត្រូវបាត់បង់ការសិក្សា គាត់ត្រូវដើររើសអេតចាយឬដើរស៊ីឈ្នួលគេ ឬក៏ធ្វើចំណាកស្រុកដើម្បីជីវភាព។ អាហ្នឹងវាផ្ទុយពីការអភិវឌ្ឍហើយ ប្រសិនការអភិឌ្ឍធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រនោះ»។

យ៉ាងណាក៏ពលរដ្ឋអះអាងថា ពួកគេនឹងនាំគ្នា១៤០គ្រួសារមករស់នៅអាគារបុរីកីឡានេះវិញ ប្រសិនមិនព្រមដោះស្រាយឲ្យពួកគេនោះ។ ពួកគេបន្តថា តាំងពីពេលដែលអាជ្ញាធរជម្លៀសឲ្យទៅរស់ទីកន្លែងឆ្ងាយពីទីក្រុងប្រមាណ៤០គីឡូនោះ ធ្វើឲ្យពួកគាត់ជួបការលំបាក ជំពាក់បំណុលធនាគារ អ្នក​ខ្លះ​ធ្លាក់​ខ្លួនដើរ​សុំ​ទាន អ្នកខ្លះឈឺគ្មានលុយទិញថ្នាំរហូតដល់ស្លាប់។ ពួកគាត់អះអាងថា ចាប់ពីឆ្នាំ២០១២រហូតមកដល់ឆ្នាំ២០១៧នេះ មានពលរដ្ឋ១៣នាក់បានស្លាប់ ដោយសារ​ឈឺ​គ្មាន​លុយទិញថ្នាំ​ព្យាបាល។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិចនិង​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​កម្លាំង​សមត្ថកិច្ចនិង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡាចំនួន៣៨៤​គ្រួសារ។ បន្ទាប់ពីឈូសឆាយនោះ  អាជ្ញាធរ​បាន​ដឹក​ពលរដ្ឋ​ខ្លះឲ្យទៅ​រស់នៅ​ទួលសំបូរនិង​ភ្នំបាត ដែល​មាន​ចម្ងាយ​ប្រមាណ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដោយឲ្យ​សំណង​ក្នុងមួយគ្រួសារដី៤​ម៉ែត្រគុណ៥​ម៉ែត្រ និងលុយ២លានរៀលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ