គ.ជ.ប អំពាវនាវឲ្យពលរដ្ឋចុះឈ្មោះរួចហើយទៅពិនិត្យឈ្មោះឡើងវិញ

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះរួចហើយ ត្រូវទៅពិនិត្យឈ្មោះឡើងវិញ ដើម្បីប្រាដកថាឈ្មោះរបស់ពួកគេមានក្នុងបញ្ជីឈ្មោះបោះឆ្នោត។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋអាចទៅពិនិត្យឈ្មោះឡើងវិញនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង តាមឃុំសង្កាត់នានាទូទាំងប្រទេសកម្ពុជា នៅថ្ងៃបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង ចាប់ពីថ្ងៃអង្គារ ទី៣ មករា ឆ្នាំ២០១៧ នេះតទៅ។

បើតាម គ.ជ.ប ក្នុងកំឡុងពេលបិទផ្សាយបញ្ជីឈ្មោះដំបូងនេះ ពលរដ្ឋដែលបានចុះឈ្មោះរួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនឡើងវិញ។ ពួកគេក៏អាចប្ដឹងតវ៉ា ក្នុងករណីមានការកត់ត្រាទិន្នន័យខុស ការលុបឈ្មោះ ឬការបាត់ឈ្មោះដោយពុំត្រឹមត្រូវជាដើម។

ម្យ៉ាងទៀត បើពលរដ្ឋ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មិនសុខចិត្តចំពោះបញ្ជីឈ្មោះដំបូង ដោយចង់ប្ដឹងជំទាស់នឹងសិទ្ធិរបស់អ្នកចុះឈ្មោះបោះឆ្នោតដែលខុសលក្ខខណ្ឌច្បាប់ ពួកគេអាចប្ដឹងទៅក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ។

ក្នុងករណី ក្រុមប្រឹក្សាឃុំសង្កាត់បដិសេធបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ ពួកគេអាចប្ដឹងបន្ដទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ និងអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត បន្ទាប់ពីទទួលបានសេចក្ដីសម្រេចរបស់ គ.ជ.ប។ ចុងក្រោយ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។

ការបិទផ្សាយបញ្ជីឈ្មោះដំបូង មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ