វិភាគ៖ មូលហេតុអ្វីបានជាមិនទាន់ដោះលែងអ្នកការពារសិទ្ធិមនុស្សតាមការសន្យា?

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:12 AM | បទវិភាគ | 0 | 1550 លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

បើទោះជាស្ថានការណ៍នយោបាយនៅពេលនេះត្រូវបានមើលឃើញថា បានថយ​កម្តៅបន្តិចវិញ តាមរយៈការ​លើកលែងទោសប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក៏ពិតមែន ប៉ុន្តែ​មន្រ្តី​សិទ្ធិមនុស្ស មន្រ្តី គ.ជ.ប និង​តំណាងរាស្ត្រ រួមទាំងសកម្មជនបក្សប្រឆាំង នៅតែ​បន្ត​ជាប់​ឃុំ​ដដែល។

ជាការកត់សម្គាល់ នៅពេលគណបក្សកាន់អំណាចធ្លាក់ប្រជា​ប្រិយភាព​បន្តិចវិញ គេសង្កេត​ឃើ​ញថា ​មន្ត្រីបក្សប្រឆាំងជាងជិត២០នាក់រួមទាំងតំណាងរាស្ត្រផង កំពុងជាប់ឃុំ អ្នក​ការ​​ពា​រសិទ្ធិមនុ​ស្សនៅស​​មាគ​​​ម​អាដហុក៤នាក់ និងមន្ត្រី គជប លោក នី ចរិយា ដែល​ធ្លាប់រិះគ​ន់រដ្ឋាភិបាល​ឥតសំចៃ​មាត់ ពីការ​រំ​លោ​ភ​សិ​​ទ្ធិមនុស្ស ​ក៏​​​ត្រូវចាប់ឃុំខ្លួនដូចគ្នាដែរ។

ចំណែកលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស បាននិរទេសខ្លួនម្តងទៀត ដើម្បីគេ​ច​ចេ​ញ​​ពីការ​តា​មចាប់ខ្លួន របស់តុលាការ។

យ៉ាងណាក៏ដោយ ក្រោយពីព្រះម​ហាក្សត្រលើ​កលែង​ទោស លោក កឹម សុខា បានចូលប្រជុំសភាវិញ ហើយ លោក ហ៊ុន សែន បានចាប់ដៃជួ​ប​ពិ​​ភា​ក្សា​គ្នាក្នុ​ងបន្ទប់បិទជិតរយៈពេលជិតកន្លះម៉ោង។

បើទោះបីជាលទ្ធផលនៃជំនួបនោះមកដល់ពេលនេះ មិនត្រូវគេបង្ហើមឲ្យដឹងថា លោក ហ៊ុន សែន និង​លោក កឹម សុខា បាននិយាយគ្នាពីរឿងអ្វីក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង បង្ហើ​បឲ្យ​អ្នកសា​រព័​ត៌​​ដឹ​ងនៅពេលនោះថា តាមជំនួបកំពូលនេះ អ្នកការពារសិទ្ធិមនុស្សនិងមន្ត្រី​ គជប នឹងត្រូវដោះ​ស្រាយ​តាំងពី​អំឡុ​ងខែធ្នូចុងឆ្នាំ២០១៦។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកតាមដានមួយចំនួនខកចិត្តនោះ គឺមកដល់ពេលនេះ គ្មានព័ត៌មានណាបង្ហើប​ឲ្យដឹង​ថា​​គ​ម្រោងដោះលែងអ្នកការពារសិទ្ធិមនុស្សនោះ ជាប់គាំងដោយសារអ្វីនោះទេ។

តើមានមូលហេតុអ្វីបានជាមិនទាន់ដោះលែងអ្នកការពារសិទ្ធិមនុស្សតាមការសន្យា?

អ្នកវិភាគយល់ឃើញថា មានកត្តា២សំខាន់ គឺការបន្តប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឈ្នាន់នយោបាយ និងកលល្បិតនយោបាយ ចង់រំលាយដៃគូប្រកួតមុនការបោះឆ្នោតតាមរយៈការបំបែកផ្ទៃក្នុង។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ វិភាគថា ការដែលលោក ហ៊ុន សែន ហៅលោក កឹម សុខា ជួបក្នុងបន្ទាប់បិទជិតនោះ អាចជាយុទ្ធសា​ស្ត្របំបែកផ្ទៃ​ក្នុងគណ​បក្ស​ប្រឆាំង​ច្រើន​ជា​​ង​​​ឆន្ទៈបង្រួបបង្រួមជាតិ ដើម្បីឈានទៅដោះលែងអ្នកការពារសិទ្ធិមនុស្ស។

លោក គឹម សុខ វិភាគទៀតថា លោក ហ៊ុន សែន អាចនៅប្រើយុទ្ធសាស្ត្រចាស់ ដើម្បីបំបែក​បំបាក់​​ដៃគូប្រ​កួ​ត ដូចអ្វីដែល​គ​ណ​​បក្សចាស់វស្សាមួយនេះ ធ្លាប់បំបែកបំបាក់​គណបក្ស​ហ្វ៊ុនស៊ិ​នប៉ិច​បាន​ជោ​​គ​​ជ័​​យ​ ដោ​យ​​​​​ថាក្រោ​យជំនួប លោក កឹម សុខា មិនបានប្រាប់អ្នកសារ​ព័ត៌មានពីលទ្ធ​ផលជំនួប បង្កឲ្យ​សា​ធារ​ណ​​​ជននិង​អ្នកគាំទ្រមានមន្ទិលសង្ស័យ។ ចំនុចនេះ លោកវិភាគថា អាចជាការចង់​បានរបស់​​បក្សកា​ន់អំណា​​ច។

លោកថា៖ «គឺបង្កើតឲ្យមានការភ័ន្តច្រឡំនៅក្នុងមន្ត្រីជាន់ខ្ពស់នៃបក្សប្រឆាំងខ្លួនឯង។ បង្កើតការភ័ន្តច្រឡំចំពោះសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាននិងកម្លាំងសន្លឹកឆ្នោត គឺប្រជារាស្ត្រហ្នឹង ឲ្យយល់ប្រឡំ។​ ប៉ុន្តែរឿ​ងសំខាន់នៃគោលដៅហ្នឹង គឺហែកគណបក្សប្រឆាំងហ្នឹងឲ្យចេញជា៣ជា៤តាមដែលគេចង់បាន។ ដូចដែ​ល​យើ​ងឃើញរូបភាពហ្វ៊ុនស៊ិនប៉ិច គឺចាប់ហែកបំផ្លាញចោលតែម្តង មិនមែនមានន័យត្រឹមទម្លាក់​ប្រជាប្រិយទេ ​ព្រោះ​ធ្វើ​ឲ្យចុះប្រជាប្រិយភាពគឺធ្វើមិនបានទេ»។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគថា មានមូ​លហេតុ​​៣​នៅពី​ក្រោយដែលគណបក្សប្រឆាំងមិនអាចរុញឲ្យបក្សកាន់អំណាចដោះលែងអ្នកការពារសិទ្ធិមនុ​ស្ស​ដូចការចង់បាន។

កត្តា​ទី១មួយលោក ចាន់ វិបុល វិភាគថា ដោយសារតែគណបក្ស​កាន់អំណាចមិ​នទាន់មានឆន្ទៈច​ង់ដោះ​ស្រា​​​​​​​យ​បញ្ហាដោយឈើការបង្រួបបង្រួមជាតិ បញ្ហាទី២បក្សប្រឆាំងគ្មានយន្តការជំរុញឬសម្ពាធ​ណាមួយ​ឲ្យ​​ប​​​​ក្ស​​កាន់អំណាចឈានទៅពិចារណាតាមការស្នើសុំ និងការបន្តវាយបករប​ស់លោក សម រង្ស៊ី ពីក្រៅ​ប្រ​​​ទេ​​សទៅលើដៃគូប្រកួត ដែលលោកថាអាច​ជាលេសមួយសម្រាប់ប​ក្សកាន់អំ​ណាច​ដាក់លក្ខខណ្ឌ​បន្ត​ដើម្បី​គេ​​ច​​​​​វេ​សពី​ការទទួលខុសត្រូវនូវអ្វីដែលខ្លួនបានព្រមព្រៀងកន្លងទៅ។

លោកថា៖ «ជាទូទៅខ្ញុំអត់សូវឃើញគាត់ជជែកគ្នាពីផលប្រយោជន៍ជាតិទេ។ អញ្ចឹងទាក់ទងនឹងការតស៊ូឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៤រូបនិងអគ្គលេខាធិការរង គជប នេះ វាជាផលប្រយោជន៍ជាតិមួយ ដើម្បីបង្ហាញពីប្រព័ន្ធយុត្តិធម៌មួយដែលជាផលប្រយោជន៍ជាតិ។ អញ្ចឹងលោកហាក់មិនបានអើពើទេ នៅពេលដែលអាចមានឱកាសបន្សាបឥទ្ធិពលដៃគូរបស់ខ្លួន លោកតែងតែធ្វើ ប៉ុន្តែដើម្បីប្រយោជន៍ជាតិ ខ្ញុំឃើញគណបក្សទាំងពីរហ្នឹងហាក់ដូចមិនសូវអើពើទេ»។

កាសែត ខេមបូឌា ដេលី បានដកស្រង់សម្តី លោក សម រស្ស៊ី មកចុះផ្សា​យថ្ងៃទី១​ ខែម​ករា ​ឆ្នាំ​​២០១៧នេះថា ការដែលលោក ហ៊ុន សែន មិនព្រមដោះលែង​មន្ត្រីអង្គ​ការសង្គមស៊ីវិលនិងមន្ត្រី គជ​ប តាមការ​គ្រោងទុក ដោយសារតែលោក កឹម សុខា មិនព្រមប្រ​កាសជំហរជាសាធារណៈប្រឆាំង​នឹង​​លោក សម រង្ស៊ី ដែលបន្តរិះគន់រដ្ឋាភិបាលតាមការស្នើសុំរបស់លោក ហ៊ុន សែន។

ទោះជាយ៉ាងណាលោក ហ៊ុន សែន បានអះអាងក្រោយពីចាប់ដៃលោក កឹម សុខា​ នៅរដ្ឋសភា​ថា ការដែលលោកស្នើឲ្យព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា លោកថាជាយ​ន្តការបង្រួ​ប​ប​​ង្រួម​​ជាតិរវាងគ្រួសារខ្មែរ មិនមែនរដ្ឋាភិបាលលោករងសម្ពាធពីស​ហគមន៍អន្តរ​​ជាតិដូចម​ជ្ឈដ្ឋា​នមួយ​ចំនួ​នយ​ល់​ឃើញនោះទេ។

ប៉ុន្តែសម្រាប់អ្នកវិភាគមួយរូបទៀត លោក ឡៅ ម៉ុងហៃ វិភាគថា ការដែល​លោក សម រង្ស៊ី បន្តរិះគន់រដ្ឋាភិបាលលោកថាមិនមែនជាមូលហេតុចំបងនាំឲ្យបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គជប បន្ត​ទៀត​នោះទេ បើអ្នកនយោបាយយកផលប្រយោជន៍ជាតិជាធំនោះ។

លោ​ក ឡៅ ម៉ុងហៃ វិភាគថា កត្តាចំបងដែលធ្វើឲ្យការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គជប ជាប់​គាំងនៅពេលនេះ លោកថាដោយសារប្រព័ន្ធដឹកនាំបច្ចុប្បន្ននេះ ដឹកនាំបែបកុម្មុយនីស្ត។

លោក​ថា៖ «តុលាការគេអត់ឲ្យឯករាជ្យទេ ហើយចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការទាំ​ងអស់ត្រូវជា​ស​មាជិកប​​ក្ស អនុវត្តគោលនយោបាយបក្ស ហើយគោលនយោ​បាយក៏ជាច្បាប់ដែរ មិនបាច់សភាអនុម័តទេ។ យើ​​ងឃើ​ញអញ្ចឹងប្រទេសកម្ពុជាហ្នឹងយូរហើយបាទ អត់មានទេប្រជាធិបតេយ្យ មនោគមវិទ្យាច្បាប់​កុម្មុ​យ​នីស្ត​ហ្នឹង​មិនមែននីតិរដ្ឋទេណា»។

បើតាមអ្នកវិភាគ ដើម្បីឲ្យអ្នកនយោបាយធ្វើអ្វីៗសម្រាប់ជាប្រយោជន៍សាធារណៈ តម្កល់ប្រយោ​ជន៍​ជាតិ​​ជាធំ​​លុះណាតែរដ្ឋាភិបាលថ្មីកើតក្រោយការបោះឆ្នោតឆ្នាំ២០១៨នោះ កែទម្រង់ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុ​ជា​ឲ្យ​​​​​​ឯ​ក​​រាជ្យពិតប្រាកដ មាន​ការកំ​​​ណត់អាណ​ត្តិ​នា​​​យក​​រដ្ឋ​មន្ត្រី។ មួយវិញទៀត អ្នកវិភាគថា បើមានការបោះ​ឆ្នោ​​​ត​បែ​​​ប​ឯកត្តនាម គឺជាយ​​ន្តការមួ​យសម្រាប់ពង្រឹងអំណាចម្ចាស់ឆ្នោត ដើម្បីបញ្ចុះឥទ្ធិពល​អ្នក​នយោ​បាយទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required