ស្នងការខេត្តបន្ទាយមានជ័យ បានប្តេជ្ញាថា នឹងទប់ស្កាត់អ្នកធ្វើសកម្មភាពប្រឆាំងថ្ងៃ៧មករាឲ្យបាន ដោយបញ្ជាក់ថា បើពលរដ្ឋឬ សមត្ថកិច្ចអាច អាចចាប់បានអ្នកណាមួយដែលសកម្មភាពដូចជា ការបាចខិតប័ណ្ណប្រឆាំងនោះ នឹងផ្តល់រង្វាន់៥០០ដុល្លារ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តី ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ចុះផ្សាយនៅថ្ងៃទី៣ ខែមករានេះថា នៅឆ្នាំ២០១៨នេះ ត្រូវទប់ស្កាត់មិនឱ្យមានជនបង្កមកបាចខិត្តប័ណ្ណ ប្រឆាំងថ្ងៃបុណ្យជាតិ ៧ មករា នោះទៀតឡើយ។
ករណីនេះ លោក ខែម បានប្រាប់សមត្ថកិច្ច និងពលរដ្ឋ ដែលចាប់បានបុគ្គលដើរបាច បោះខិត្តប័ណ្ណ មានសរសេរខ្លឹមសារប្រឆាំងថ្ងៃបុណ្យជាតិ ៧ មករា នឹងទទួលបានរង្វាន់៥០០ដុល្លារ ។
លោកថ្លែងថា «ថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ត្រូវបានរំដោះប្រទេស និងប្រជាជនចេញពីរបបបដិវត្តន៍អាវខ្មៅប៉ុលពត ដែលបានដឹកនាំប្រទេសកម្ពុជាចន្លោះឆ្នាំ១៩៩៧៥ ដល់ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កាប់សម្លាប់ប្រជាជនអស់ជាង៣លាននាក់ នៅឆ្នាំនេះត្រូវទប់ស្កាត់មិនឱ្យមានជនបង្កមកបាចខិត្តប័ណ្ណក្នុងខ្លឹមសារញុះញង់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រឆាំងថ្ងៃបុណ្យជាតិ ៧ មករា»។
គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧មករាថា ជាថ្ងៃរំដោះពលរដ្ឋចេញពីរបបខ្មែរក្រហម។ ប៉ុន្តែក្រុមអ្នកប្រឆាំងចាត់ទុកថ្ងៃនោះថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា។ កន្លងមកនៅតាមបណ្តាខេត្តមួយចំនួនមានការធ្វើកម្មភាពបាចខិតប័ណ្ណ ក្នុងន័យរិះគន់ថ្ងៃ៧មករា៕