ឈិត សុវណ្ណ​បញ្ញា ​​​​ប្រកាសមិន​​ចូលទ្រនំថ្មីក្រោយ​​ចេញ​ពីហង្សមាស

តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា (វង្ស សុម៉ាលីន)

ក្រោយ​​​ប្រកាស​ជា​ចំហ​ថា​​​​​​​ពិត​ជា​មានរឿង​​ឆ្អែតចិត្ត​នឹ​ង​ទ្រនំ​ហង្ស​មាស​រហូត​សម្រេច​ចិត្ត​​ចាកចេញ តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា ​បានអះអាងថា​ មិនមាន​គម្រោង​​​ហក់​ចូល​ផលិតកម្ម​​ណាមួយ​ជាថ្មី​នោះទេ បើទោះជា ​លោក អ៊ិន ទីតូ ដែល​​​​​​ធ្លាប់ជ្រោមជ្រែង​កញ្ញា​នៅ​ហង្សមាស​​បាន​​ចូល​​ផលិតកម្មថោន​ ដែល​​​អ្នកតាម​ដាន​យល់​ថា​កញ្ញា​នឹង​​អាច​លេខ​មុខ​​​នៅ​ក្នុង​ផលិតកម្ម​ថោន​​​។

កញ្ញាថា​ជំហរ​​ក្រោយ​​​ចោល​ហង្សមាស គឺ​​​​​​​បង្កើត​ក្រុម​ចម្រៀង​ឯករាជ្យ ដោយ​​​​​​​​​បានទាំង​​ចាត់ទុកថា​​​​ការ​​​សម្រេច​ចិត្ត​​ជ្រក​ជាថ្មី​​​​ក្រោម​ស្លាប​ផលិតកម្ម​ណាមួយ​ ​នឹង​មាន​​លទ្ធផល​​មិនខុស​គ្នា​​នឹង​​​​​​​រយៈ​ពេលចុង​ក្រោយ​នៅ​​ផលិតកម្ម​​ហង្សមាស​នោះ​ផង​។

​ឈិត សុវណ្ណបញ្ញា បានអះអាងថា​​​ដោយសារតែ​មាន​សតិអារម្មណ៍​​​ជាមួយ​​ទ្រនំ​​​​​របស់ខ្លួន ទើបកញ្ញា​​បាន​ដាក់​ពាក្យ​សុំឈប់ ​​ដោយ​​មុន​​ប្រកាស​នៅ​​លើ​ហ្វេសប៊ុក​កញ្ញាថា ខ្លួន​បាន​​ទទួល​លិខិត​យល់​ព្រម​​ពី​​ខាង​ហង្សមាស​​​​​តាមពាក្យ​សុំ​ឈប់​នោះ​ផង​។

កញ្ញាថា​​​ខ្លួន​ដាច់​កុងត្រា​ជាមួយ​ហង្សមាស​យូរក្រែលមកហើយ ប៉ុន្តែ​​ដរាប​ណា​​មិន​​​មានឯកភាព​​អោយ​កញ្ញា​លា​ឈប់ ​​កញ្ញាក៏​មិនអាចធ្វើអី​​​​ក្នុង​ន័យ​ប៉ះ​ពាល់​​ផលិតកម្ម​ហង្សមាស​បានដែរ ជា​ពិសេសចំពោះការ​ផុស​ដែល​​​​​​ស្ដែង​ពី​ការ​ចាកចេញ​​ក្នុង​ពេល​​​​​​​ផលិតកម្ម​ហង្សមាស​​មិនទាន់​​​​យល់​ព្រម។

​កញ្ញា​និយាយថា​៖ «​ខ្ញុំ​ដាក់លិខិត​សុំឈប់រួច​ហើយ ​ហើយ​ខាង​ហង្សមាស​ក៏​​​យល់ព្រម​ដែរ បាន​ខ្ញុំ​ហ៊ាន​និយាយថា​​​​ខ្ញុំ​ឈប់​ពីហង្សមាស​ហ្នឹង​!»។

​រយៈពេល​​​១១​ឆ្នាំ​​​នៅក្នុងផលិតកម្ម​ហង្ស​មាស​​ កញ្ញា​ថា​មាន​រឿង​​គ្រប់​គ្រាន់ទើបកញ្ញា​​​​​​​​​​​​​​​សម្រេច​ចិត្ត​លា​ឈប់និងថា​បើ​ទោះជា​​​ហង្សមាស​​​​​ចង់ឃាត់​ក៏​​មិនទទួលយក។ ​​​​កញ្ញា​លើកឧទាហរណ៍សាមញ្ញមួយថា​ ធៀប​នឹងតារា​ចម្រៀង​ដែល​ចូល​ហង្សមាស​​មុននិង​ចូលក្រោយ សុទ្ធតែមាន​​​​​​​​​វ៉ុលចម្រៀង​​ម្នាក់ឯង (Solo Album) តែកញ្ញា​មិនធ្លាប់​នោះទេ ដោយយល់​ថា​​​​បណ្ដាលមកពី​​កញ្ញា​មិន​​​​សមត្ថភាព​តាមការ​ចង់បាន​របស់​ហង្សមាស ទើប​ហង្សមាស​​​​​​​​​​មិន​​​​​​លើកស្ទួយ​កញ្ញា​ទាំងកញ្ញា​​​​​​​​ប្រឹ​ង​ប្រែង​​​ច្រើនមក​ហើយ។

កញ្ញាថា​​អត់ធ្មត់យូរណាស់មុន​ពេល​សម្រេច​ចិត្ត​​​​លា​ឈប់ ​ហើយ​ក្រោយ​​ហង្សមាស​​​​​​​​​​​​​​យល់​ព្រមអោយកញ្ញា​លាឈប់​ គឺកញ្ញា​​​​​​​​​​យល់​ថា​នោះជា​ជម្រើស​​​​ដ៏ល្អ។

យ៉ាងណាក៏ដោ​យ កញ្ញា​​​​ថា​​​​​​​​​មិនភ្លេច​នូវការ​ជ្រោមជ្រែង​របស់​ហង្សមាស​នា​ពេល​​​កន្លង​មកនោះទេ​ ​​​បើទោះជា​​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ ​​​​​​អារម្មណ៍​ខកចិត្ត​​បាន​កើតមានឡើងធ្វើអោយ​កញ្ញាមិនអាច​ទទួល​យក។

​ឈិត សុវណ្ណបញ្ញា ប្រកាសថា​​អត់មាន​​គម្រោង​ពិចារណា​​​​​​​​​​​ហក់​ចូល​ផលិតកម្ម​​​​​ថោនឬ​សាន់ដេ​​នោះទេ ​បើទោះជា​​​ឱកាស​របស់​កញ្ញានឹង​អាច​ចូលប្រឡូកអាជីព​​ចម្រៀងជាតារា​កុងត្រា​​ក្នុង​ផលិតកម្ម​មួយ​​​ចំណោម​ផលិតកម្ម​ទាំង​ពីរ​​​​​​ដោយមិន​ពិបាក។

កញ្ញា​​​ថា​មិន​ចង់​​ស្ថិត​ក្រោមសម្ពាធ​របស់​​ផលិតកម្មណាមួយទៀត​ទេ បន្ទាប់ពី​ការ​ហក់ចូល​​ផលិតកម្ម​ហង្សមាស​​​រយៈ​ពេល​១១​ឆ្នាំ​ធ្វើអោយ​កញ្ញាយល់ថា​គ្រប់គ្រាន់​។

កញ្ញានិយាយថា​​៖ «​​​​​​​​ឥលូវ​ហ្នឹង​​ខ្ញុំ​អត់ទាន់គិតអីចេញទេ តែ​​​តាម​មើល​ខ្ញុំ​​អត់ចូល​ផលិតកម្មណា​ទេ ​​​​​​​ចង់នៅ​ឯករា​ជ្យ​ខ្លួនឯង​វិញ អត់​ចង់​ចូល​ខាង​នេះ​ខាងនោះអីទេ​!»។

​ឈិត សុវណ្ណ​បញ្ញា​​ មិនមែនជា​តារា​​​​ទី១​ដែល​បាន​សុំឈប់ពី​ហង្សមាស​នោះទេ ដោយសារតែ​ពេល​កន្លង​មក ក៏មាន​តារា​ច្រើន​នាក់​​មក​ហើយ​​​ដើរ​ចេញ​ដូចជា​លោក អេនឌី និង​​តារាចម្រៀង ​​គឹម លក្ខិណា​ ជា​ដើម។ តែ​កញ្ញាត្រូវបានគេ​ចាត់ទុកថា​ជា​តារា​​​ដំបូង​គេ ដែល​ហ៊ាន​ដាក់ពាក្យ​ចាកចេញ​ក្នុង​ពេល​ហង្សមាស​បើកយុទ្ធនាការប្រមែ​ប្រមូល​តារា​​ចម្រៀង​ច្រើន​​​ឡើង ពីកម្មវិធី​ប្រលង​ចម្រៀង​​​​​​របស់ខ្លួន​​​​អោយក្លាយជាតារា​ចម្រៀង​ជំនួស​​​សកម្មភាព​តារា​ចម្រៀង​​ចាស់​ៗ​​​ ដែលធ្វើ​អោយតារា​​​​​ទាំង​នោះ​​​អន់ចិត្ត។

ជម្រើស​ដើរ​ចេញ​របស់កញ្ញា​ក៏​ជះ​ឥទ្ធិព​​​​ល​ដល់មុខ​មាត់របស់​ហង្ស​មាស​ផងដែរ ​​ក្នុង​ពេល​ដែល​​​ក្រៅពីកញ្ញាក៏​​​លេចឮថា​​តារា​​​​ចម្រៀង​មួយចំនួនទៀតដូចជា​ ​កញ្ញា សុន ស្រីពេជ្រ ​និង​​​​ យក់ ឋិត​រដ្ឋា ​ក៏​​​ប្រកាស​ចង់លា​ឈប់​ដែរ ​តែ​​​​​មិនទាន់​​ដាក់ពាក្យ​នោះ។

​យ៉ាង​ណាមិញ ​​លោក​ អ៊ឹង សុខ​លី ​មន្ត្រី​ហង្សមាសធ្លាប់​អះអាងថា នោះជា​ការសម្រេច​ចិត្ត​របស់​តារា​ចម្រៀង​ម្នាក់ៗ ដោយ​ការ​លា​ឈប់​របស់​តារា​ម្នាក់​ៗ​​​​មិន​ប៉ះពាល់​ដល់​​​​ហង្សមាស​នោះទេ។

ឈិត សុវណ្ណ​បញ្ញា ​​​​​បានអះអាងថា​​​​​​ខ្លួនមិនចង់​និយាយ​ពី​រឿង​អន់ចិត្ត​មុនពេល​​​​ដើរ​ចេញ​ពី​ហង្សមាស​នោះ​ទេ ដោយ​កញ្ញា​បញ្ជាក់ថា​​អាច​​បណ្ដាល​មកពី​កញ្ញាមិនមាន​​​​​សមត្ថភាព​គ្រប់គ្រាន់​​​​ ទើបការ​ចាកចេញ​ជា​ជម្រើស​​ល្អ​បំផុតសម្រាប់​កញ្ញានៅហង្សមាស​។

កញ្ញាបាន​ប្រកាស​​ថា​នៅតែ​បន្ត​​​​​​សកម្មភាព​ក្នុង​នាមជា​តារា​​ចម្រៀង​ ថ្វីដ្បិតថា​កញ្ញាមិន​ចូល​ផលិតកម្ម​ណាមួយ​ក្រោយពេល​​ចាក​ចេញ​ពី​ហង្សមាស​។

កញ្ញា​បញ្ជាក់​ដដែលជា​ដដែល​ថា ​​​ផលិតកម្ម​ថោនឬសាន់ដេ ​​មិន​មែនជាជម្រើស​ដែល​កញ្ញាត្រូវតែចូល​នោះទេដោយសារតែ​ក្នុង​ផលិតម្ម​នោះ​​ក៏មានតារា​ចម្រៀងច្រើន​នាក់ដែល​​ពិបាកអោយ​កញ្ញា​គេ​ចរួច​ពី​ការ​អន់ចិត្តមិនខុសគ្នានឹង​នៅ​ផលិតកម្មចាស់​។

​យ៉ាងណាមិញ កញ្ញាថា​​​​​អះអាងថា​ខ្លួនមាន​​​​​​​គម្រោងច្បាស់លាស់​រួចហើយ​​​ពាក់ព័ន្ធ​ជំហាន​បន្ត​ ដោយគ្រាន់តែ​កញ្ញា​មិនទាន់​ចង់​បង្ហើប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ