លោក កឹម សុខា រំឭកឲ្យអត់ធ្មត់ដើម្បីឈ្នះការបោះឆ្នោត ខណៈលោក ហ៊ុន សែន បន្តគំរាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

ខណៈការបោះឆ្នោតជិតមកដល់និងមានការគំរាមជាបន្តបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចនោះ មេដឹក​នាំ​ប​​ក្ស​​ប្រ​ឆាំ​ងមួយរូបបានផ្ញើសារនយោបាយថាមានតែការអត់ធ្មត់មិនតបតនិង​​ពង្រឹងផ្ទៃក្នុងទេ ទើប​អាច​ឈា​​នទៅឈ្នះ​កា​របោះ​ឆ្នោ​តនាពេលខាងមុខ​។

ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវោហា​សាសន៍វាយបកទៅ​លើមេដឹកនាំ​បក្ស​ប្រ​​ឆាំ​ង​លោ​ក ​​សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសជា​បន្ត​បន្ទាប់។

ជម្លោះពាក្យសម្តីជាបន្តបន្ទាប់នេះ លោក ហ៊ុន សែន ជំរុញឲ្យកែច្បាប់គណបក្សនយោបាយ ដោ​យថា​ដើ​ម្បី​​​ផាត់ លោ​​ក សម រង្ស៊ី ចេញពីឆាកនយោបាយទៀតផង។

ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញបានសរសេរនៅ​លើហ្វេសប៊ុករ​បស់​លោ​កនៅថ្ងៃទី២ ខែកុម្ភៈ ក្រោយពីចុះជួបសកម្មជនរបស់ខ្លួននៅខេត្តកណ្តាលអះអាងដូចនេះ​ថា៖ «ដើម្បី​ឈា​ន​ទៅ​យ​ក​ជ័​យជម្នះ​តាមរយៈ​ការ​បោះ​ឆ្នោតនាពេលខាងមុខ សូមឲ្យបងប្អូនផ្ដោត​លើកិច្ចកា​ររ​បស់​​​យើងជា​ជា​​​ងភ្ញាក់ផ្អើលនូវអ្វីដែលគេបង្កបង្កើតដើម្បីរំខានយើង។ យើ​ង​ស្ទើរតែមិ​នចាំបា​ច់និយា​យច្រើន​ពីគេពេកទេ ព្រោះសាធារណៈមតិ ទាំងជាតិនិង​អន្ដរជាតិ ជាពិសេ​សប្រ​​ជាពលរដ្ឋខ្មែរបានឃើញ បានឮ និងបានយល់អស់ហើយ តើអ្នក​ណា​បានធ្វើ​នូវអ្វីដែ​លប៉ះ​ពាល់​ដ​ល់ផ​លប្រយោជន៍ជាតិឬប៉ះពាល់​ដល់ប្រជា​ពលរដ្ឋខ្មែរនោះ។ ភាពជោគជ័យរបស់យើង គឺអាស្រ័យលើការរួបរួមគ្នា តម្កល់ផលប្រយោជន៍ជាតិ និងប្រ​យោជន៍ប្រ​ជា​ពលរដ្ឋខ្មែរជាធំ។ ការដឹ​កនាំជាក្រុម ជាប្រព័ន្ធ មិនមែនស្រេចតែលើបុគ្គលឬបក្សពួក។ នោះហើយដែ​ល​មិ​ន​​អា​ច​ធ្វើ​ឲ្យយើងបែកបាក់បាន»។

អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក ប៊ូ បញ្ញា លើកឡើងថា បក្សប្រឆាំងពេលនេះហាក់ដើរដល់ផ្លូវមួយ​គ្មានជ​ម្រើ​សក្រៅ​ពីថ្ន​មស្ថានការណ៍នយោបាយកុំឲ្យឡើងកម្តៅពន្យារដល់ថ្ងៃបោះឆ្នោត។

លោក ប៊ូ បញ្ញា លើកឡើងទៀតថាការបង្កើនធនធានមនុស្សនិងការពង្រឹងផ្ទៃក្នុងរបស់បក្ស​ដែលមិ​នទា​ន់​បា​នគ្រ​ប់គ្រ​ងអំណាចមួយនេះ អាចជាការទាក់ទាញប្រជាប្រិយភាព ខណៈពលរដ្ឋភាគច្រើនមិ​នពេ​ញចិ​ត្តនឹ​ង​ភា​ពអស​ក​ម្មរប​ស់​រដ្ឋាភិបាលរួមទាំងឃាតកម្មបាញ់សម្លាប់លោក កែម ឡី។

លោកថា៖ «គណបក្សប្រឆាំងហ្នឹងមិនខ្លាំងប៉ុន្មានទេ ខ្ញុំមើលទៅដោយសារតែគណបក្សកាន់អំណាចខ្លួនឯងទេវាអន់។ អន់យ៉ាងម៉េច អន់ត្រង់ថាធ្វើចំនុចអវិជ្ជមានជាច្រើនឲ្យប្រជាពលរដ្ឋដឹង ឲ្យប្រជាពលរដ្ឋឃើញ ឲ្យសាធារណជនឃើញ ឲ្យអន្តរជាតិឃើញ។ ដោយសារខ្លួន[បក្សកាន់អំណាច]ហ្នឹងប្រឹងពេក ប្រឹងអាការងា​រណាមិនល្អ។ ​អញ្ចឹងហើយ​បាន​ជា​ខ្ញុំគិតថា​ បាន​ធ្វើ​ឲ្យប្រ​​ជាពលរដ្ឋ អ្នកដែលគ្មានជម្រើសហ្នឹង គឺបោះឆ្នោតឲ្យបក្សប្រឆាំងហើយ។ ខ្ញុំគិតថាអញ្ចឹង»។

បើតាមលោក ប៊ូ បញ្ញា ភាពអត់ការងារធ្វើ អំពើពុករលួយ បក្ខពួកនិយម ការរឹបអូសយកដីធ្លីពីអ្នកក្រ ការបាញ់សម្លា​ប់ម​នុ​ស្សក្រៅ​ច្បាប់ មិនវែកមុខអ្នកពាក់ព័ន្ធមកផ្តន្ទាទោស អយុត្តិធម៌សង្គម និងបញ្ហាបូរ​ណភាពទឹកដីជាដើម លោ​កថាទំនងជា​ប្រធាន​បទសម្រាប់ជាជម្រើសរបស់ពល​រដ្ឋក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មីនៅថ្ងៃបោះឆ្នោតខាងមុខ។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង់​ សុធារ៉ា លើកឡើងថា បើគណបក្សមួយមានឥទ្ធិពលចេះតែបន្តរុញគ​ណបក្ស​មួ​​យ​​ទៀតជាដៃគូប្រកួតឲ្យទល់ជញ្ជាំងមិនអាចធ្វើអីកើតរហូតនោះ លោកថាជ​ម្លោះផ្ទៃក្នុងនឹងអា​ចកើតឡើងដោ​យជៀស​មិ​នរួច បើភាគីម្ខាងខ្វះការអត់ធ្មត់។

លោ​​ក វង់ សុធារ៉ា លើកឡើងទៀតថាជាមេរៀនប្រវត្តិសាស្ត្រ កាលណាកម្ពុជាមានជម្លោះផ្ទៃក្នុង លោកថាអ្នកដែល​រង​គ្រោះ​​ពីជម្លោះនយោបាយគឺពលរដ្ឋ​និងសកម្មជននយោបាយ មិនមែនមេដឹកនាំកំពូលទេ។ លោ​កថារីឯអ្ន​កទទួលផ​លពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា គឺប្រ​ទេសជិតខាង។

លោកថា៖ «បើសិនជាម្ខាងទៀតនៅស្ងៀមមិនមាត់មិនក ដោយសារខ្លាចស្រុកហ្នឹងវាអសន្តិសុខ មិនអីទេ។ ប៉ុន្តែ​បើសិ​នជានៅបន្តតទៅទៀត ស្រាប់តែមានបរទេសនៃប្រទេសជិតខាងឈ្លៀតឱកាសគាំទ្រពីក្រោយខ្នងទៀតទៅ ធ្វើម៉េចទៅ ស្រុក​យើងមិនធ្លាក់ក្នុងសង្គ្រាមទៀត មិនអាចជៀសរួច។ ហើ​យធម្មតា កាលណាគេ​នៅពីក្រោយ​ខ្នងនៃក្រុមណាមួយ ក្រុមហ្នឹងមុខតែធ្វើអីមួយដើម្បីគេវិញហើយ មុខ​នឹងលះបង់ស្អីខ្លះ​ដើម្បីគេវិញហើយ។ ហើ​យយើងដឹងហើ​យថា ​អ្នកជិតខាងគេចង់បានអីពីយើង យើងដឹងទាំងអស់គ្នា ទី១​គឺសេដ្ឋកិច្ច​ ទី២គឺទឹកដីហ្នឹងតែម្តង។ បើ​ខាងកើ​ត[វៀតណាម]វិញត្រូវការទឹកដី ទាំងទឹកដីទាំងសេដ្ឋកិច្ច ហើយខា​ងលិ​ច[ថៃ]ក៏ដូចតែគ្នាដែរ ច្រឹបយកគ្មានសល់»។

បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនោះ អ្វីដែលធ្វើឲ្យពលរដ្ឋខ្មែរទទួលបានសន្តិភាពយូរអង្វែងរស់នៅក្នុងសង្គ​មខ្មែរតែ​មួយ​ លោកថាត្រូវធ្វើឲ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ គ្មាននិន្នាការនយោបាយ។

ព្រឹទ្ធាចារ្យនយោបាយជើងចាស់មួយរូប គឺលោក លឺ​ ឡាយស្រេង លើកឡើងដែរថា បច្ចុប្បន្នលោក ហ៊ុន សែន អាចបញ្ជាទៅស្ថាប័នកំពូលណាមួយរបស់ជាតិឲ្យធ្វើអ្វីក៏បាន។ ប៉ុន្តែលោកព្រមានថា ប្រជាប្រិយភាពនឹង​ធ្លាក់​ទៅ​លើ​បក្សប្រឆាំងវិញ បើ​ការ​រធ្វើកំណែទម្រង់ឬការស្នើឲ្យកែច្បាប់នោះ មិនបានធានា​ដល់ប្រ​យោជន៍​ម្ចា​ស់ឆ្នោ​ត​នោះនិងប្រទេសជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ