ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបដិសេធមិនលុបឈ្មោះវៀតណាម១៥២នាក់នៅភ្នំពេញ

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានច្រាលចោលបណ្ដឹងរបស់គណបក្សប្រឆាំង ដោយសម្រេចបិទផ្លូវតវ៉ា មិនឲ្យលុបឈ្មោះជនជាតិវៀតណាមជាច្រើននាក់ នៅសង្កាត់និរោធនិងសង្កាត់វាលវង់ រាជធានីភ្នំពេញ។

នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី២ ខែកុម្ភៈម្សិលមិញ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានបដិសេធមិនលុបឈ្មោះជនជាតិវៀតណាមចំនួន១៥២នាក់ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងសង្កាត់វាលវង់ ខណ្ឌ៧មករា តាមបណ្ដឹងសារទុក្ខរបស់តំណាងគណបក្សសង្គ្រោះជាតិ លោក ឌិន វ៉ារិន ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

បើយោងតាមសេចក្ដីប្រកាសនេះ តំណាងគណបក្សសង្គ្រោះជាតិ លោក ឌិន វ៉ារិន បានដាក់ពាក្យបណ្ដឹងសរុបចំនួន១២ ដោយសុំឲ្យលុបឈ្មោះជនបរទេសចំនួន១៥៣នាក់ នៅក្រុមប្រឹក្សារដ្ឋធម្មនុញ ប៉ុន្ដែបណ្ដឹងទាំងនេះ ត្រូវបានបដិសេធស្ទើរតែទាំងអស់ លើកលែងតែឈ្មោះ អ៊ូ ចាន់ធី មួយប៉ុណ្ណោះ ដែលត្រូវលុបចោលព្រោះថា ឈ្មោះនេះមិនមានក្នុងបញ្ជីបោះឆ្នោតដំបូង។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើកឡើងថា បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ធ្វើឡើង «ដោយខុសនឹងគតិច្បាប់» និងថា ការសម្រេចរបស់ គ.ជ.ប មានមូលដ្ឋានត្រឹមត្រូវ ព្រោះ គ.ជ.ប មិនមានសមត្ថកិច្ចបញ្ជាក់ពីអត្តសញ្ញាណរបស់ជនបរទេសទាំងនោះឡើយ។ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា សេចក្ដីសម្រេចនេះ ជាការសម្រេចបិទផ្លូវតវ៉ាទាក់ទិននឹងបណ្ដឹងរបស់តំណាងគណបក្សសង្គ្រោះជាតិ។

​កាលពីថ្ងៃទី៣០ខែមករាកន្លងទៅ ក្រុមប្រឹក្សារដ្ឋធម្មនុញក៏បានបដិសេធបណ្ដឹងសារទុក្ខចំនួន២ របស់គណបក្សសង្គ្រោះជាតិផងដែរ ដោយសម្រេចមិនឲ្យលុបឈ្មោះជនជាតិវៀតណាម៧៦នាក់ នៅក្រុងព្រះសីហនុ ចេញពីបញ្ជីបោះឆ្នោត។ ក្រុមប្រឹក្សារដ្ឋធម្មនុញ លើកហេតុផលថា ការមិនលុបឈ្មោះម​នុស្ស ដែល​គេសង្ស័​យជាជនជាតិវៀតណា​មនោះ មិនអាចសំអាងត្រឹមតែថា ពួកគេនិយា​យភាសាខ្មែរមិនច្បាស់ ឬគ្មានឯកសារស្តីពីការចូលសញ្ជាតិនោះទេ។

នៅក្នុងពេលបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង គណ​បក្ស​​​​សង្គ្រោះជាតិបានប្តឹងជំទាស់​សុំឲ្យលុប​ឈ្មោះមនុ​ស្ស​ប្រ​មា​​​ណ ២ ៥០០នាក់ នៅទូទាំងប្រទេស ដោយអះអាងថា អ្ន​ក​ទាំងនោះបាន​ប្រើអត្តស​ញ្ញាណប័ណ្ណ​សញ្ជា​​តិខ្មែរខុសប្រក្រតី ដើម្បីចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប មិនបានលុបឈ្មោះ​មនុស្សណាម្នាក់ចេញពី​បញ្ជី​បោះ​​​ឆ្នោតទេ ដោយ គ.ជ.ប អះអាងថា ការស្វែងរកការពិតនៃការចូលសញ្ជាតិ ជាតួនា​ទី​រប​ស់​ក្រ​​សួ​ង​​​មហា​ផ្ទៃ និងបានបើកផ្លូវឲ្យគណបក្សប្រឆាំងប្ដឹងសាទុក្ខទៅក្រុមប្រឹក្សាធម្មនុញ្ញ។

បើតាមក្រុមប្រឹក្សារដ្ឋធម្មនុញ មាន​បណ្ដឹងចំនួន៦០​ហើយ ​ដែល​ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សារដ្ឋធម្មនុញ​ដើម្បីដោះស្រាយ ដោយភាគច្រើនជារបស់គណបក្សសង្គ្រោះជាតិ។ គិតត្រឹមថ្ងៃទី២ខែកុម្ភៈនេះ ក្រុមប្រឹក្សារដ្ឋធម្មនុញ បានដោះស្រាយអស់បណ្ដឹង២៣ហើយ ក្នុងចំណោមបណ្ដឹងទាំង៦០នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ