លោក ទៀ បាញ់ ថាការតំឡើងសក្ដិឲ្យអ្នកវាយតំណាងរាស្ដ្រ គឺធ្វើតាមច្បាប់យោធា

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ការដែលរដ្ឋាភិបាលសម្រេចតំឡើងឋានៈឲ្យបុរសវាយតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនោះ គឺធ្វើទៅតាមច្បាប់យោធា គ្មានអ្វីខុសឆ្គងនោះទេ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលមួយកាលពីថ្ងៃម្សិលមិញនៅសាកលវិទ្យាល័យការពារជាតិ រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថា ការតំឡើងស័ក្ដឲ្យបុរស៣នាក់ ដែលគេស្គាល់ថាជាអង្គរក្សលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺធ្វើឡើងតាមច្បាប់យោធានិងទៅតាមកាលកំណត់ ដែលពួកគេគួរត្រូវបានតំឡើងស័ក្ដប៉ុណ្ណោះ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍។

លោក ទៀ បាញ់ បានឲ្យដឹងតាមសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ថា៖ «រឿងស័ក្តរឿងយស គេធ្វើទៅតាមច្បាប់ ទៅតាមលក្ខន្តិកៈរបស់កងយុទ្ធពល​ខេមរភូមិន្ទ មានចែងច្បាស់។ យោធិនដែលបំពេញការងារ គឺមានថេរវេលាច្បាស់លាស់ ឆ្នាំណាត្រូវឡើងស័ក្តម្ដង មិនថាតែអង្គរក្សទាំងនោះទេ អ្នកណាក៏ដោយ ក៏ឡើងដូចគ្នាដែរ ឲ្យតែដល់ពេលវេលា គេត្រូវតែដំឡើងស័ក្តិហើយ»។

បើតាមការចុះផ្សាយរបស់ភ្នំពេញប៉ុស្ដិ៍ លោក ទៀ បាញ់ មានប្រសាសន៍ថា ការសម្រេចតំឡើងសក្ដិឲ្យបុរសទាំង៣ ខណៈពួកគេមិនទាន់ទទួលទោសពេញលេញតាមអំណាចសាលក្រមរបស់តុលាការនោះ ជារឿងធម្មតា​ និងធ្វើតាមច្បាប់យោធាប៉ុណ្ណោះ ដោយលោកថា៖ «ពួកគេបានរួចខ្លួនស្រេចហើយ មិនមែននៅក្នុងពន្ធនាគារឯណា»។

កាលពីចុងខែតុលា ឆ្នាំ២០១៥ កន្លងទៅ មានមនុស្សមួយក្រុមដែលគេស្គាល់ថា ខ្លះជាអង្គរក្សរបស់លោក ហ៊ុន សែន ចំនួន៣នាក់ គឺ លោក សុត វណ្ណី លោក ម៉ៅ ហឿន និងលោក ឆាយ សារិទ្ធ បានចេញមុ​ខ​សារ​ភាពថា ពួកគេបានព្រួត​គ្នាវាយ​តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ២រូបគឺ លោក គង់ សភា និងលោក ញ៉យ ចំរើន។

បន្ទាប់ពីត្រូវបានតុលាការសម្រេចដោះលែង លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ត្រូវបានតំឡើង​ឋា​នន្តរស័ក្តិពីថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ទៅ​វរ​​​​សេនី​យ៏​ឯក (ស័ក្តិ៥)។ ចំណែក លោក ឆាយ សារិទ្ធ ត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯក (ស័ក្ត៥) ទៅជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ខណៈតុលាការ​កាត់ទោ​ស៤ឆ្នាំ ដោយព្យួរទោស៣​ឆ្នាំ បន្ទាប់ពីជាប់ពន្ធ​នាគារ​​បាន​មួយ​ឆ្នាំ​​។

ចំពោះ លោក ហុង លីម តំណាងរាស្ដ្រខ្មែរ-អូស្ដ្រាលី ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា បានរិះគន់ចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលបានដំឡើងឋានៈដល់បុរសទាំង៣នាក់ខាងលើថាជា “ទង្វើតិរិច្ឆាន”។

លោកថា៖ «នយោបាយ ជាការជជែកតវ៉ា ទាមទារ ពន្យល់ពីគោលជំហរនយោបាយផ្សេងៗគ្នា ហើយថាឲ្យកាលណា និយាយខុសពីអញ ហូ ហ្អែងបរិហារកេរ្តិ៍អញ ទារហ្អែង១លានដុល្លារ ទារហ្អែង២០ម៉ឺនដុល្លារ […] ឡើងបុណ្យ ឡើងសក្ដិទៀត បើសិនជាវាយតំណាងរាស្ដ្រ ហ៊ីអានេះ គឺថា គិតមើលទៅ បើមិន ទង្វើតិរច្ឆានគឺថា ហិណយ៉ុងហ្មង វាហួសហេតុពេក»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា ទោះបីរដ្ឋាភិបាលថាការតំឡើង​ឋា​នន្តរស័ក្តិធ្វើឡើងតាមច្បាប់យោធាក៏ដោយ ប៉ុន្ដែលោកថា នឹងធ្វើឲ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល​សព្វថ្ងៃ។ លោកថា ការតំឡើងស័ក្តិឲ្យបុរសវាយតំណាងរាស្ដ្រទាំង៣នាក់នោះ ជាការខុសឆ្គង ដោយសារជនទាំងនោះជាមនុស្សមានប្រវត្តិមិនល្អ និងប្រើហិង្សាលើអ្នកតំណាងរាស្ដ្រ។

លោកថា៖ «ការអះអាងរបស់រដ្ឋាភិបាល ខ្ញុំយល់ថា មានចំណុចមួយចំនួនគួរវាយតម្លៃដែរ ទី១ យើងមើលទៅលើភាពមានមតិនៃបុរសដែលវាយតំណាងរាស្ដ្រហ្នឹង ហើយទី២ គឺប្រវត្ដិនៃមនុស្សដែលប្រើហិង្សានៅទីសាធារណៈបែបនេះ។ ប៉ុន្ដែដល់យើងឲ្យតម្លៃទៅលើមនុស្សដែលប្រើអំពើហិង្សា ខ្ញុំថាធ្វើឲ្យសង្គមហ្នឹងគេវាយតម្លៃ ហាក់ដូចជាមានការស្ទាក់ស្ទើរ ឬក៏មិនពេញចិត្ត ឬការសម្រេចចិត្តរបស់ក្រសួងការពារជាតិ»។

កាលពីថ្ងៃ២៧ ឧសភា ឆ្នាំ២០១៦ អង្គរក្សទាំង៣ របស់លោក ហ៊ុន សែន ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់គុក៤ឆ្នាំ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប៉ុន្ដែទទួលទោសតែ១ឆ្នាំ និង៣ឆ្នាំទៀតត្រូវបានព្យួរទោស និងត្រូវបានរដ្ឋាភិបាលតំឡើងឋានៈឲ្យជាបន្ដបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ