រដ្ឋមន្ត្រីការពារហេតុផលមិនឲ្យចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន លោក​ ខៀវ កាញារីទ្ធ ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន​

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថាការបិទមិនឲ្យចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស ដោយសារបទចម្រៀងនេះប៉ះពាល់ដល់ក្មេងៗនិងចម្លងបទចម្រៀងដើមដែល​លោក​ថា​ម្ចាស់​និពន្ធ​ជា​ទីប្រឹក្សាក្រសួងព័ត៌មាន។​

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ខ្លឹមសារនៃបទចម្រៀងនេះធ្វើឲ្យប៉ះពាល់ពាល់ក្មេងៗនិងផ្ទុយពីខ្លឹមសារម្ចាស់ដើមដែលលោកថាជាការរំលោភសិទ្ធិ​ក​ម្មសិទ្ធិបញ្ញា។ លោកបន្តថាបទចម្រៀង”ស្អាតជានិច្ច”នេះ មានអ្នកនិពន្ធដែលកំពុងរស់រានមានជីវិតនៅឡើយដែលមានឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន។

លោកមានប្រសាសន៍ថា៖ “បើនិយាយពីកម្មសិទ្ធិបញ្ញាក៏ខុស។ ហើយទីពីរតែបទផ្សេងមិនបានទេអី ទុកបទហ្នឹងឲ្យក្មេងខ្លះទៅ។ ឥឡូវចាស់ទៅទៅដណ្តើមបទក្មេងទៅទៀតហើយ។ អារឿងពាក់Hip Hop យើងមិនថាទេ ប៉ុនតែងបទឲ្យវាញាក់តាមហ្នឹង។ ក្មេងតែដល់អាយុធំ វាចេះញាក់ខ្លួនវាហើយ ប៉ុន្តែអាបទស្អាតជានិច្ចហ្នឹងវាជាលក្ខណៈសម្គាល់មួយនៅឆ្នាំ៨០”

លោករដ្ឋមន្រ្តីឲ្យដឹង​ទៀត​ថានេះ​ជា​លើកទីបីហើយដែលក្រសួងព័ត៌មាន​បានចាត់វិធានការបិទបទចម្រៀងរបស់ផលិតកម្មក្នុងស្រុក​ គឺ​បទសឹកហួសព្រោះស្នេហា បទឱភ្នំពេញអើយនិងបទស្អាតជានិច្ចនេះ។ លោកស្នើឲ្យផលិតកម្មនានាគួរតែនិពន្ធបទចម្រៀងខ្លួនឯង មិនគួរលួចចម្លងបទចម្រៀងគេផ្សេងនោះទេ​។

នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៤ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍និងវិទ្យុទាំងអស់បញ្ឈប់ការចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស ដោយក្រសួងថាបទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើមនិង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។ ក្រសួងបានបញ្ជាក់ថាទាំងខ្លឹមសារនិងរូបភាពនៃការសម្តែងបានប្រាសចាកអំពីអត្ថន័យខ្លឹម សារដើមទាំងស្រុងនៃបទចម្រៀងស្អាតជានិច្ច។

ក្រសួង​បញ្ជាក់​ថា​អត្ថន័យ​ដើម​នៃ​បទចម្រៀង”ស្អាតជានិច្ច”បាន​អប់រំបណ្តុះគំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម​ រស់នៅ​ស្អាត​មានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង តែលោក​ថា​​បទចម្រៀងថ្មី​ទាំងអត្ថន័យ​ខឹ្លមសាររ៉េប បង្ហាញពី​អត្តចរិក​របស់កុមារ​ខ្ជិល​ច្រអូសម្នាក់​ រៀននៅ​បឋមសិក្សាធ្វើពុត​ជាឈឺក្បាល វិលមុខ និងក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅផ្ទះគេច​សាលាដើរលេង ហើយសិស្ស​មាន​អាកប្បកិរយា​មិនសមរម្យ​លេងឈូសស្បែកជើង។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​បទចម្រៀងនេះជះឥទ្ធិ​ពល​មិនល្អដល់កុមារទូទៅ។​

អ្នកនាង ពេជ្រ សោភា ប្រាប់វីអូឌីអ្នកនាងជាអ្នកនិពន្ធនិងបង្ហាញគំនិតនៃ ការសម្តែងបទចម្រៀងមួយនេះ​។ អ្នកនាងបន្តថា អ្នកនាងមិនជំទាស់អ្វីនឹងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននោះទេ តែថាបទចម្រៀង​នេះគ្រាន់តែចង់រំឭកពីជីវិតនៅក្មេង ដើរលេងឈូសស្បែកជើងប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា អ្នកនាងគ្មានបំណងធ្វើប៉ះពាល់ដល់កុមារនោះទេ។ អ្នកនាងមានប្រសាសន៍ថា អ្នកនាងនឹងប្រយ័ត្នប្រយែងចំពោះ ការនិពន្ធនិងដឹកនាំសម្តែងនៅពេលក្រោយទៀត។

វីអូឌីមិនទាន់អាចទាក់ទងអគ្គនាយករងផលិតកម្មហង្សមាស លោក អ៊ឹង សុខលីបាននៅឡើយទេ។ គួរបញ្ជាក់ថាបទចម្រៀងស្អាតជានិច្ចនេះត្រូវបានផលិតកម្មហងមាសផ្សព្វផ្សាយជាសាធារណៈតាំងពីចុងខែមីនា ឆ្នាំ២០១៥៕

https://www.youtube.com/watch?time_continue=2&v=uIrB9kGMCuw

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ