បទ​​យក​ការណ៍​៖សាលា​ពហុ​ភាសា​ក្លាយ​ជា​ក្តី​សង្ឃឹម​​របស់​​កុមារ​ជន​ជាតិ​​ដើម​ភាគ​​តិច

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ជួប​ជាមួយក្មេងជនជាតិ​ដើមភាគតិច​ដែលរៀននៅ​សាលាពហុភាសាក្នុងខេត្តក្រចេះ(រូបភាពពីអង្គការCare/Nicole Cairns)

កុមារា កុមារី ជាជនជាតិដើមភាគតិ​ច​ កំពុង​អង្គុយ​រៀន​នៅ​ក្នុង​បន្ទប់រៀន​ថ្នាក់ទី៣នៃ​សាលាសហគមន៍​ពហុភាសា១​​​ក្នុង​​​ឃុំកន្ទួត ស្រុកចិត្តបុរីក្នុង​ខេត្ត​ក្រចេះ​។ សាលារៀន​សម្រាប់ក្មេងៗ​ជា​ជនជាតិដើម​ភាគតិច​មួយ​នេះ​មាន​ចម្ងាយ​ប្រហែលជា​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តក្រចេះ។ ​​​​ក្មេងៗ​ជាជនជាតិ​ដើម​ភាគ​តិច​ព្នង​ ម្នាក់ៗ​អាយុ​​ជាង​១០​ឆ្នាំ ប្រហែលជា​៣០​នាក់​កំពុង​អង្គុយ​រៀន​​អាននិង​សរសេរ​ភាសា​របស់ពួកគេ​​ជាមួយ​គ្រូ​ដែល​ជា​ជនជាតិដើម​​ភាគ​តិច​ព្នង​​ដូច​គ្នា។ ​

អង្គុយ​អាន​សៀវ​ភៅ​ដែល​មានទាំង​អក្សរ​ខ្មែរនិង​អក្សរ​ព្នង កុមារី ឈាន​ ស្រីមិត្ត​ លើកឡើងពីអារម្មណ៍​របស់​ខ្លួន​ក្រោយ​បាន​ចូល​រៀន ចេះ​សរសេរនិង​អាន​​ភាសាខ្មែរនិង​ភាសាព្នង​​ថានាង​សប្បាយ​ចិត្ត​ពេល​បាន​រៀន​ភាសារបស់​នាងនិង​ភាសាខ្មែរ​ដែល​​កាលពីមុន​នាង​មិនធ្លាប់គិត​ថា​នាងតែង​និយាយ​ភាសាព្នង​នៅ​ផ្ទះ​​ ដូច្នេះ​មិន​ដែល​ស្គាល់​ភាសាខ្មែរ​និយាយ​យ៉ាង​ណានោះ​ទេ។

កុមារី​ដែល​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជាគ្រូ​បង្រៀនរូប​នេះ​បាន​ប្តេជ្ញាថា នាង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​រហូត​​​បញ្ចប់​ថ្នាក់​ទី​១២ ដើម្បី​បាន​ធ្វើ​ការងារ​ដូច​អ្នកចេះ​ភាសាខ្មែរ​ដទៃទៀត។ កុមារីបាននិយាយថា៖ “ខ្ញុំពីមុនខ្ញុំ​អត់ចេះ​អក្សរខ្មែរទេ ប៉ុន្តែ​ឥឡូវលោកគ្រូ​បង្រៀន​ខ្ញុំ​ចេះ​ហើយ”

នៅពេល​សួរ​ថាតើរៀន​ចប់ថ្នាក់ទី១២ កុមារីចង់​ធ្វើអ្វី? កុមារីបានឆ្លើយ​ថា​ចង់ធ្វើជា​គ្រូបង្រៀន។​

ទោះបីជាកុមារមកពីក្រុមជនជាតិដើមភាគតិចមានឱកាសបានចូលរៀន ពេលខ្លះពួកគេមិនអាចនិយាយឬស្តាប់ភាសាខ្មែរបាននោះទេ។ ការអបរ់រំពហុភាសាផ្តោតលើការជួយកុមារជម្នះនឹងរបាំងភាសា ដើម្បីឲ្យពួកគេទទួលបានឱកាសស្មើភាពនៅក្នុងការសិក្សានិងធំលូតលាស់។

មាឌតូច​ល្អិត សម្បុរ​ស្រអែម  កំពុង​បង្រៀនសិស្ស​​​ថ្នាក់ទី៣​នៃសាលាអប់រំ​ពហុភាសា​ទេរ​ចម្លង លោក ពើច នី អាយុ​ប្រហែល​៣០ឆ្នាំ ប្រាប់ថាពេល​មិនទាន់​មាន​សាលា​ពហុភាសា​ ក្មេងៗ​នៅ​ទី​​នោះ​មិន​ចេះ​ពី​របៀប​សរសេរ អាន ​ភាសា​ជនជាតិ​​ដើម​ភាគ​តិច​របស់​ខ្លួន មិន​ចេះ​ភាសាខ្មែរ ដែល​ធ្វើ​ឲ្យពួកគេ​មិនពិបាក​ក្នុង​ការ​ទំនាក់​ទំនង​សង្គម​ខាង​ក្រៅ​។

គ្រូបង្រៀនជនជាតិ​ព្នង​រូប​នេះ​បន្ត​ថា បន្ទាប់ពី​មាន​សាលា​ពហុភាសានេះ ក្មេងៗ​ចេះ​សរសេរ និយាយនិង​កត់ត្រា​ទាំង​ភាសា​ជនជាតិ​ដើម និង​ភាសាខ្មែរ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​រក្សា​បាន​នូ​វ​វប្បធម៌​ប្រពៃណីនិង​ងាយ​ស្រួល​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​ពេល​អនាគត។​

លោកមានប្រសាសន៍ថា៖ ខ្ញុំ​ជឿ​ថាពេល​ដែល​គាត់​បានរៀន​ភាសាកំណើត និង​ភាសាខ្មែរ ភាសាកំណើត​វាជាស្ពាន​ ស្ពាន​មួយ​ដែល​​សម្រាប់ទៅ​​រៀន​បន្តទៅ​​ថ្នាក់​បឋម ដូច​ថា​ថ្នាក់ទី​៤ ទី​៥ ទី​៦ ចឹង ទី​៧ ទី៨ ទៅ។​ ដល់ភាសាខ្មែរ​រៀនចាប់ពី​ថ្នាក់​ដូចគ្នា គាត់​ងាយ​ស្រួ​ល​ប្រើ​ប្រាស់​ភាសាហ្នឹងតាម​សហគមន៍ និង​តាម​​ជីវភាព​របស់​គាត់​ក្នុងពេល​អនាគត​ទៅ”។​

កុមារជនជាតិដើមភាគតិច​ដែល​រៀននៅសាលាពហុភាសា
កុមារជនជាតិដើមភាគតិច​ដែល​រៀននៅសាលាពហុភាសា

កុមារ​មកពីសហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​តំបន់​ដាច់​ស្រយាល​ជួប​ប្រទះ​នូវ​ឧបសគ្គជាច្រើន​ដូចជា​ពុំ​មាន​សាលា​រៀន​នៅ​ក្បែរ​ផ្ទះ ពួកគេ​មិនយល់ពី​ភាសាប្រើប្រាស់​ក្នុងការ​បង្រៀននិង​រៀនជាភាសា​ដែលពួកគេ​មិនយល់ ខ្វះ​ខាត​សម្ភារៈ​សិក្សា ប្រើប្រាស់​ភាសាដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​បរិបទ​របស់​ពួកគេ​ជាដើម។ បច្ចុប្បន្ន​គេឃើញ​ជនជាតិ​ដើម​ភាគ​តិច​មាន​ការ​ផ្លាស់ប្តូរកា​ររស់នៅ​​ច្រើន ដោយពួកគេ​ចេះ​និយាយ​ភា​សាខ្មែរ អ្នក​ខ្លះ​​អាច​និយាយ​ភាសាបរទេស និង​បាន​សិក្សា​រហូត​ដល់​មហាវិទ្យាល័យ ព្រម​ទាំង​មាន​ឱកាស​អាច​ចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស ក្រោយ​ពីពួកគេ​មាន​ចំណេះដឹង​គ្រប់គ្រាន់​ពីការ​សិក្សា។

​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​មកពី​ខេត្ត​រតនគិរី​ដែល​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំ​រុញ​ការ​សិក្សា​ពហុភាសា​ អ្នកស្រី​ គ្រុញ កាស៊ុង មានប្រសាសន៍ថាបន្ទាប់ពី​មាន​សាលាពហុភាសាក្នុង​ភូមិ​ឃុំ​រប​ស់​អ្នកស្រី អ្នកស្រី​មើល​ឃើញ​ថាជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​​អាច​និយាយ​ភាសាខ្មែរនិង​ទំនាក់ទំនង​ការងារ​ក្នុង​សង្គម ព្រមទាំង​បង្កភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​​បាន។

អ្នកស្រីមានប្រសាសន៍ថា“បន្ទាប់ពីគាត់បានរៀននៅ​​ថ្នាក់​បឋម​សិក្សាពី​ថ្នាក់ទី​១ ដល់​ថ្នាក់ទី​៦​នៅក្នុង​ភូមិឃុំគាត់​ចប់​ហើយ ឥលូវដោយ​សារ​មានការ​គាំទ្រពីអង្គការឃែរ អ្នកខ្លះ​ក៏​បាន​បន្ត​​ការ​សិក្សាដល់អនុវិទ្យាល័យ ហើយអ្នកខ្លះទៀ​ត​ក៏បានទទួល​នូវការ​ឧបត្ថម្ភ​​ក្នុងការ​បញ្ជូនពួកគាត់ឲ្យ​ទទួលវគ្គ​បណ្តុះ​បណ្តាលនូវ​​គរុកោសល្យ ដើម្បី​ឲ្យ​ពួកគាត់​ហ្នឹង​ក្លាយជាគ្រូក្នុងសាលារដ្ឋ ហើយសិស្សមួយ​ចំនួន​ក៏​ក្លាយ​ជា​គ្រូក្នុងសហគមន៍ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ  ហើយក៏មានអ្នកខ្លះមានឱកាសរៀនបន្តដល់មហាវិទ្យាល័យនៅ​ខេត្ត​រតនគិរី​ផង​ដែរ”

ក្រសួង​អប់​រំបាន​ដាក់​ចេញ​នូវ​​ផែនការសកម្មភាព​​ជាតិ​ដើម្បីពង្រីក​ការ​អប់​រំ​ពហុភាសា​​ដល់​សិស្ស​ជា​ច្រើន​បន្ថែម​ទៀត​នៅ​កម្ពុជា។ ​យុទ្ធសាស្រ្តកក្នុង​ផែនការសកម្មភាពជាតិ​នោះមានដូចជាផ្តល់​ការ​បណ្តុះ​បណ្តាល​​​បន្ថែម​ដល់​គរុ​សិស្ស​ដែល​ជាជនជាតិ​​ដើម​ភាគ​តិច​លើ​វិធី​សាស្រ្ត​បង្រៀនពីរភាសា ទទួល​ស្គាល់​គ្រូ​បង្រៀន​សហគមន៍ពហុភាសា​ដែល​បាន​បំពេញ​តាម​បទ​ដ្ឋានអប្បបរមាដើម្បី​​ឲ្យពួកគេ​ក្លាយ​ជាគ្រូ​រដ្ឋ បោះ​ពុម្ពសម្ភារៈបង្រៀននិង​រៀន​ជាភាសា​ជនជាតិ​ដើម​ភាគ​តិចនិង​ធានាថាសិស្សទាំងអស់​ទទួល​បាន​សម្ភារៈទាំងនេះ​ក្នុង​ចំនួន​គ្រប់គ្រាន់ ប្រែក្លាយ​សាលារៀន​សហគមន៍​ពហុភាសា​ទៅជាសាលា​រៀន​រដ្ឋ​ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​អប់​រំ។

indengous2
ក្តាខៀននៅក្នុងថ្នាក់​រៀន​ពហុភាសា​ ដែលមានភាសាជនជាតិដើមភាគតិច និងការបកប្រែជាភាសាខ្មែរ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួន ណារ៉ុន ថ្លែង​​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ជាតិ​ស្តីពីការ​អប់រំពហុភាសា​ឆ្នាំ​២០១៥-២០១៨ ដែល​រៀប​ចំ​នៅ​ខេត្ត​ក្រចេះកាលពីថ្ងៃទី១ខែមីនាថាសព្វ​ថ្ងៃ​ការ​អប់រំ​សម្រាប់​​​កុ​មារ​ជនជាតិ​ដើមភាគ​តិច​​កំពុង​ជួប​ការ​លំបាក ដោយពួកគេ​មិនទាន់ទទួល​បាន​ការ​អប់​រំ​ប្រកប​ដោយ​សម​ធម៌​​ដូច​កុមារ​ទូទៅ។ លោកបន្ថែម​ថា​ការ​អប់​រំ​ពហុភាសា​នឹង​ជួយ​ឲ្យ​ពួ​កគេ​អាច​រៀន​ទាន់​កុមារ​ដទៃព្រមទាំង​ជួយ​កាត់បន្ថយអត្រារៀនត្រួតថ្នាក់ ការបោះបង់ការសិក្សា និងកាត់បន្ថយភាពក្រីក្រដល់ជនជាតិដើមភាគតិចនៅកម្ពុជា។

លោក​មានប្រសាសន៍ថា៖ ការ​បង្រៀន​​២ភាសានេះគឺ​​លើកទឹក​ចិត្ត​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​បញ្ជូន​កូនចៅទៅរៀន ចឹងកាត់​បន្ថ​យ​នូវភាព​ក្រី​ក្រផង ក៏​ផ្តល់ឱកាសឲ្យគាត់​ទទួល​បាន​នូវ​ការ​អភិ​វឌ្ឍ​សមស្រប ប្រសិនបើពួកគាត់​អត់​ចេះ​ភាសាខ្មែរ ​គាត់​មិនអាច​រក​ការងារធ្វើ​បានទេ”។​

ផែនការ​សកម្មភាព​ជាតិ​ស្តីពីការ​អប់រំ​ពហុភាសា​ទទួល​ស្គាល់​ថាកុមារ​ជនជាតិ​ដើម​ភាគ​តិច​ទាំងអស់​មាន​សិទ្ធិ​ទទួល​បានការ​អប់រំ​ភាសាកំណើត​របស់ពួកគេ​និង​ទទួល​ស្គាល់​ថា​នេះ​ជាវិធីសាស្រ្ត​ល្អ​បំផុត​​ដើម្បី​សិស្ស​ទទួល​បាន​ជោគ​ជ័យ​។ ការអប់រំ​ពហុភាសា​ត្រូវ​បានអនុវត្ត​ក្នុងការ​អប់រំ​ក្នុងប្រព័ន្ធ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៣​ ពេល​ដែល​អង្គការ​ឃែរ​បើក​សាលា​រៀន​សហគមន៍​​ដើម្បី​សា​កល្បង​ការ​អប់រំពហុភាសានៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​ក្រសួង​អប់​រំដាក់​បញ្ជូល​​​តាម​សាលា​រៀន​រដ្ឋក្នុង​ខេត្ត​រតនគិរី​​​ក្នុង​ឆ្នាំ​២០០៧-២០០៨។ ការអប់រំ​ពហុភាសាត្រូវ​បានអនុវត្តក្នុង​កម្រិត​មត្តេយ្យ​សិក្សា​នៅ​តាម​សាលារៀន​រដ្ឋក្នុង​ខេត្ត​ចំនួន​៥ និង​កម្រិត​បឋម​ក្នុង​ខេត្ត​ចំនួន​៤។ ក្នុង​ឆ្នាំ​២០១៥​មានភាសា​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​៥​ត្រូវ​បាន​ប្រើ​ប្រាស់​​នៅ​តាម​សាលារៀន​ ដូចជាភាសាព្រៅ ទំពួន កាវ៉ែត និង​ព្នង។

indegious-3ប្រធាន​អង្គការឃែរប្រចាំប្រទេស​កម្ពុជា​ លោកស្រី​ ចូអាន ហ្វ៊ែរលី មានប្រសាសន៍ថា កិច្ច​សហការ​ជាច្រើន​​ឆ្នាំ​​រវាង​អ្នកពាក់ព័ន្ធ​ទាំង​អស់​ក្រោម​កិច្ចដឹកនាំ​របស់​​ក្រសួង និង​ការ​គាំទ្រពីអង្គការ​ឃែរ និង​យូនីសេហ្វ បាននាំឲ្យ​មាន​​កា​រៀប​ចំ​ផែន​ការ​ច្បាស់​​លាស់​មួយ​ដែ​ល​​ផ្តល់​នូវ​អត្ថប្រយោជន៍​ទូលំ​ទូលាយ​ដល់​កុមារ​មក​ពីសហគមន៍​ជន​​ជាតិ​​ដើមភាគ​តិច​តាម​រយៈការ​ផ្តល់ជាសៀវភៅ​សិក្សា និង​​គ្រូ​បង្រៀន​ជាដើម។

លោក​ស្រី​មានប្រសាសន៍ថា“ខណៈពេល​ដែល​ការ​អប់រំ​ពហុភាសា​កំពុង​ឈន​ទៅ​ដល់​ដំណាក់​កាល​បន្ទាប់ យើង​សង្ឃឹម​ថា​នឹង​បន្ត​ភាព​ជាដៃគូ​ប្រកប​ដោយ​ផ្លែ​ផ្កា​នេះ​ ក៏​ដូចជា​ស្វែង​រក​នូវ​ឱកាស​នា​ពេល​អនាគត​ដើម្បី​បង្កើន​លទ្ធផល​នៃ​ការ​អប់​រំ​ពហុ​ភាសា​នេះ​បន្ថែម​ទៀត”

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ រហូត​មក​ដល់ពេល​នេះ​សាលា​សហគមន៍​ពហុភាសា​មាន​ចំនួន​៦៧ ក្នុង​ខេត្តចំនួន​៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​ក្នុង​នោះ​សាលា​ចំនួន​២៧ត្រូវ​បាន​បញ្ចូលជា​សាលា​រដ្ឋក្រោយ​សាលាទាំងនោះ​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ