អ្នកស្រាវជ្រាវថាបក្សប្រឆាំងកុំឆ្លើយតបនឹងសំឡេងដែលថាលោក​ កឹម សុខា មានស្នេហាលួចលាក់

លោក កឹម សុខា កាលពីកន្លងទៅ

អ្នកសិក្សាផ្នែកនយោបាយនិងការអភិវឌ្ឍសង្គមមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាគណ​បក្ស​​​ប្រឆាំង​គួ​រក្សា​​​​ភាព​ស្ងៀមស្ងាត់ជាជាងឆ្លើយតបទៅនឹងការលួចបញ្ចេញខ្សែអាត់សំឡេងដែលអះអាង​ថាលោក កឹម សុខា ​មានស្នេហា​លួច​លាក់។​

នៅពេលថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ​មានស្នេហា​លួចលាក់ជាមួយស្រីក្មេងម្នាក់។ នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុន​បោះ​ឆ្នោត​​ឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់​ចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។​ កាលណោះលោក ហ៊ុន សែន បានថ្លែងវាយ​ប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ។​ ប៉ុន្តែក្រោយមកករណីនោះត្រូវបានស្ងាត់ទៅវិញនៅពេលលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិមិន​ចាប់អារម្មណ៍ដោយចាត់ទុកថាជាល្បិចនយោបាយរបស់បក្សកាន់អំណាច។

ថ្មីៗនេះខ្សែអាត់សំឡេងជាច្រើនត្រូវបានគេផ្សព្វផ្សាយ។ អ្នកខ្លះ​ថាសំ​ឡេងនោះជាសំឡេងពិតរបស់​លោក កឹម​ សុខា ប៉ុន្តែ​ខ្លះទៀតថាជាសំឡេងកែច្ឆៃតា​មប្រព័ន្ធប​ច្ចេកវិ​ទ្យា​ទំនើ​ប ហើយអ្នក​ខ្លះ​ទៀ​តជំរុញឲ្យលោក កឹម សុខា គួរចេញមុខបក​ស្រាយ​ករណី​នេះឲ្យ​សាធារណជនអ​ស់​ច​ម្ង​ល់។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី លើកឡើងថាសំឡេងដែ​លបានបង្ហោះតាម​បណ្តា​ញ​សង្គ​មនោះលោកថា មក​ដល់ពេលនេះមិនទាន់មានមន្ត្រីជំនាញណាបញ្ជាក់ថាជារឿងពិ​តនោះទេ​។ ប៉ុ​ន្តែ​លោ​កថាបើពិនិត្យមើលពីប្រវត្តិមេដឹក​នាំនយោបាយទាំងមេដឹកនាំបក្សកាន់អំណាចនិងមេ​ដឹក​នាំ​បក្ស​ប្រឆាំង​​លោ​កថាអ្នកទាំងពី​មានធ្លាប់បែកធ្លាយ​រឿងស្នេហាលួចលាក់ដូចតែគ្នា។

លោក កែម ឡី បញ្ជាក់ថាបើយកល្អបក្សប្រឆាំងមិនគួរចេញមុខបកស្រាយករណីនេះទេដោយ​លោក​គិត​ថាជារឿងអត់​ប្រយោជន៍តែលោកថាទាំងពលរដ្ឋទាំងអ្នកគាំទ្រគណបក្សទាំងពីរគួរជំរុញមេ​ដឹកនាំរ​បស់​ខ្លួនឲ្យគិតពីប្រយោជន៍ជាតិ​ជាជាង​យករឿងបុគ្គលទៅរិះគន់គ្នា។ លោកបន្តថា៖ “អ្នកនយោបាយធ្វើនយោបាយ​ដើម្បីដោះស្រាយរឿងសង្គម មិនមែន​ដោះស្រា​យរឿង​បុគ្គលទេ ខ្លួនឯងក្រ ខ្លួនឯងមាន ខ្លួនឯងមានរឿងអាស្រូវ ខ្លួន​ឯង​ជាមន្ត្រីស្អាតស្អំ អាហ្នឹងវាមិន​ដោះ​ស្រា​យខ្លួ​នឯងទេ។ យើងត្រូវដោះស្រាយបញ្ហាសង្គម។ អញ្ចឹងយើងត្រូវមានការជជែកបញ្ហាសង្គមច្រើនជាងបញ្ហាបុគ្គល។ បើបញ្ហាបុគ្គលនោះវាមិនចេះអស់ទេ ព្រោះថាមនុស្សអ្នកខ្លះមុខក្រញ៉ូវ អ្នកខ្លះសើច អ្នកខ្លះចូ​លចិត្ត​ផឹក​ស្រា អ្នកខ្លះ​អត់ចូលចិត្តផឹក។ អញ្ចឹងយើងចេះតែជជែកអាបញ្ហាហ្នឹង វាច្រមូកច្រប​​ល់ច្រើន អ្នកខ្លះ​ចូល​ចិត្ត​នា​​រីច្រើន អ្នកខ្លះចូលចិត្តតែប្រពន្ធខ្លួនឯង អញ្ចឹងវាលើសលប់។ អញ្ចឹងខ្ញុំថាបើមិ​នបកស្រា​យល្អ“។

ម្យ៉ាងទៀតលោក កែម ឡី បង្ហាញការខកចិត្តថាបើការសន្ទនាជាលក្ខណៈបុគ្គលត្រូវបាន​គេ​តាម​ដាន​ស្តាប់និង​ប​ញ្ចេញ​ជាសាធារណៈគ្មានការទប់ស្កាត់បែបនេះ លោកបានប្រៀបធៀបការ​លួច​ស្តាប់​នេះ​ទៅ​នឹង​​របបខ្មែរក្រហម។ លោកបន្ថែមថា៖ “ការលួចថតសំឡេងថតអីហ្នឹងវាជាអំពើអយុត្តិធម៌ណាស់! ព្រោះអីទូរសព្ទយើងតេក្នុ​ងន័យ​បុគ្គលប្តីប្រពន្ធស្នេហាពេលយប់ព្រលប់អី! ដល់គេស្តាប់រហូត អញ្ចឹង​ខ្ញុំគិតថាវាជាបរិប​ទស​ង្គមមួយដែលអាក្រក់ជាងសម័យប៉ុលពតទៅទៀត!“។

មកដល់ពេលនេះ​គណបក្សសង្គ្រោះជាតិមិនទាន់ចេញលិខិតបកស្រាយករណីបែកធ្លាយសំឡេង​សន្ទ​នា​ដែ​លគេអះអាងថា​ជា​សំឡេងលោក កឹម សុខា មានស្នេហាលួចលាក់នេះទេ។ ចំណែ​កអ្នកនាំ​ពាក្យគណ​បក្សនេះគឺលោក យ៉ែម បុញ្ញឫទ្ធិ សុំមិនធ្វើអត្ថាធិប្បាយដែរដោយលោកអះអាងថាមិនចាប់អារម្មណ៍ព្រោះ​ជារឿង​ដដែលៗ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក រស់ រ៉ាវុធ លើកឡើងថាការបង្ហាញសារថាមេ​ដឹកនាំបក្សប្រឆាំ​ងមួយនេះមាន​ស្នេហាលួចលាក់ លោកថាមិនមែនជារឿងថ្មីទេសម្រាប់ការប្រកួ​តប្រជែងនយោ​បាយនៅ​កម្ពុ​ជានោះ ប៉ុន្តែ​លោកថា​បើទោះ​ជាប្រើនយោបាយបែបនេះក៏ដោយតែ​គណបក្សប្រឆាំង​មិនបានធ្លាក់​ចុះ​ការគាំទ្រទេ។ លោកមានប្រសាសន៍ថា៖ “រឿងស្នេហារបស់បុគ្គលយើងកុំយកមកឡូកឡំសូម្បីតែ ចាងឈីង ប្រពន្ធ ម៉ៅ សេទង់ ប្រទេសចិនក៏នាងបាននិយាយថាគ្មានបុរសណាដែលមិនចង់ស្រីទេ ប៉ុន្តែគ្រាន់​ថាមិនដឹ​ងធ្វើម៉េច​បាន។ អញ្ចឹងទេយើងកុំយករឿងស្នេហាមកឡូកឡំនឹងរឿងនយោបាយវានាំឲ្យប្រទេសជាតិច្របូកច្របល់ ហើយអ្ន​កដែលខាតគឺប្រទេសជាតិនិងពលរដ្ឋខ្លួនឯង“។

លោក រស់ រ៉ាវុធ ឲ្យដឹងទៀតថាបើគណបក្សសង្គ្រោះជាតិចេះបង្វែករណីនេះ​ទៅជាការ​ពង្រឹងគោ​ល​នយោ​​​បាយ​របស់ខ្លួនទៅជាការឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យមានប្រ​សិទ្ធិភាពវិ​ញ​លោកថាគណបក្សនេះ​នឹងទាក់ទាញការគាំទ្រដែលលោកថាប្រសើជាងប្រើពេលវេលាបកស្រា​យតែ​រឿងបុគ្គល។

លោក រស់ រ៉ាវុធ រំឭកឲ្យពលរដ្ឋខ្មែរសកម្មជនគណបក្សនយោបាយគ្រប់និន្នាការព្រមទាំង​អ្នក​ន​យោ​បា​យ​​ផងគួរតែក្រ​ឡេក​មើលពីអតីតដែលខ្មែរបែកបាក់កើតចេញពីការហែកហួរនិងប្រ​កាន់បក្ខពួកបំ​​រើ​តែ​ប្រ​យោ​ជន៍បុគ្កល។ លោកថាអ្នកទាំងនោះ​គួរ​យកបទពិសោធន៍នោះមកជំរុញឲ្យខ្មែរ​ចេះធ្វើការរួ​ម​គ្នា​ដើ​​​​​ម្បី​ការអភិវឌ្ឍជាតិជាលក្ខណខ្មែរតែមួយ។ លោកបន្តថា៖ “សម្លឹងមើលប្រទេសជិតខាងថាតើគេដើ​រដល់ណាហើយ? គេកសាងជាតិគេដល់​ណាហើយ? ថា​តើខ្មែរត្រូវបន្តហែ​កហួរគ្នាដើម្បីតែអំណាច ដើម្បីតែបុ​គ្គលខ្លួនទៀតឬក៏យ៉ាងណា?“។

ទាំងអ្នកស្រាវជ្រាវទាំងអ្នកសិក្សាផ្នែកនយោបាយអះអាងប្រហាក់ប្រហែកគ្នាថាបច្ចុប្បន្ននេះពលរដ្ឋមាន​ចំណេះ​ដឹ​ងច្រើនពី​ការ​​តាមដានសកម្មភាពអ្នកនយោបាយ។ ពួកគេថាបើគណបក្សនយោបាយណាគ្មា​នភា​​ព​​ស្មោះ​ត្រង់នឹងប្រជាពលរដ្ឋគឺគណ​បក្ស​នយោបាយនោះទំនង​ជាមិន​អាច​បណ្តើមជ័យ​ជម្នះសម្រាប់​ការបោះឆ្នោតខាងមុខបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ