បាឡុងដឹកភ្ញៀវទេសចរណ៍ទស្សនាលើអាកាសធ្លាក់នៅសៀមរាប

សមត្ថកិច្ចនគរបាលក្រុងសៀមរាបឲ្យដឹងថា បាឡុងដឹកភ្ញៀវទស្សនាពីលើអាកាសនៅក្នុងខេត្តសៀមរាបមួយគ្រឿង ដែលមានផ្ទុកមនុស្ស១០នាក់ បានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅត្រង់ចំណុច​ភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។

អធិការនគរបាលក្រុងសៀមរាបលោក ទិត្យ ណារ៉ុង ប្រាប់វីអូឌីនៅរសៀលថ្ងៃនេះថា បាឡុងដែលធ្លាក់នោះ បានហោះចេញពីឃុំសណ្តែក ស្រុកប្រាសាទបាគង ហើយបាឡុងនេះ បានធ្លាក់ចុះនៅសង្កាត់ទឹកវិល ក្រុងសៀមរាម ខណៈបាឡុងនោះបានអស់ខ្យល់នៅលើអាកាស។

លោកបន្ដថា នៅក្នុងបាឡុងនោះ មានភ្ញៀវទេសចរណ៍អាស៊ីនិងអឺរ៉ុប ជិះទស្សនាលើអាកាសចំនួន៨នាក់ និងខ្មែរម្នាក់ដែលជា​អ្នកបើកបាឡុង។ ប៉ុន្ដែលោកថា ករណីនេះ គ្មានមានមនុស្សណាម្នាក់រងរបួសនោះទេ។ លោកថា​ ក្រោ​យ​កើត​ហេតុ រថយន្តបានមកទទួលដឹកយកភ្លៀវទេសចរណ៍នោះមកវិញ។

ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច នៅមិនទាន់ដឹងមូលហេតុច្បាស់នៃការធ្លាក់ចុះនេះនៅឡើយ។ លោកបន្ដថា «អត់ដឹងទេមិនដឹងខូចពីអីផង អត់មានទេក្រុមហ៊ុនដឹកយកទៅអស់ហើយ។ ហើយក្រុមហ៊ុនមិនមែននៅក្រុងសៀមរាបទេ នៅស្រុកប្រាសាទបាគង»។

ប្រធានផ្នែកលក់នៃក្រុមហ៊ុន Cambodia Fly Holyday​ International ដែលទទួលលក់សំបុត្រការហោះហើរបាឡុងនោះ លោក ម៉ៅ វីសេន មានប្រសាសន៍ថា បាឡុងរបស់លោក មិនមានបានធ្លាក់ចុះនោះទេ ព្រោះគ្មានមនុស្សគ្រោះថ្នាក់ ដោយលោកថា អ្នកបើកបរបានសម្រេចចុះចតនៅសង្កាត់ទឹកវិល ដោយសារនៅកន្លែងធ្លាប់ចុះចតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគងមាន​ខ្យល់ខ្លាំង។​ លោកបន្ដថា «អត់មានធ្លាក់ទេ បាឡុងធម្មតាបាឡុងគេត្រូវតែបប៉ោងឡើងអោយហោះឡើងលើ ដល់ពេលវាហោះឡើងលើគ្រប់នាទីវាទៅវាលែនឌីងវាចុះទៅវិញហើយចឹងវាចុះចតធម្មតា ប៉ុន្ដែពលរដ្ឋមិនដែលឃើញចុះចតទេ ព្រោះរាល់ដងមិនដែលចុះចតនៅហ្នឹងទេ គឺនៅស្វាយធំឃុំសណ្ដែក ប៉ុន្ដែដោយថ្ងៃនេះខ្យល់បកខ្លាំងនៅខាងស្វាយធំ»។

អភិបាលរងខេត្ដសៀមរាបនិងជាអ្នកនាំពាក្យលោក លី សំរិទ្ធ មានប្រសាសន៍ថា ក្រុមហ៊ុននេះ បានទទួលអាជ្ញាប័ណ្ណ និងបច្ចេកហោះហើរពីអាកាសចរណ៍ស៊ីវិល ហើយលោកបដិសេ​​ធ​ពីការធ្លាក់បាឡុងនេះ ដោយគ្រាន់តែប្រាប់ថា លោកទទួលបានតែរូបថតប៉ុណ្ណោះ។

គួររំលឹកថា កាលពីពេលកន្លង មានបាឡុងមួយ ក៏ធ្លាក់បានម្ដងរួចមកហើយ ដែលកាលនោះគឺធ្លាក់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយអាជ្ញាធរ ធ្លាប់បានផ្អាកធ្វើអាជីកម្មនេះ បណ្ដោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ