ក្រសួងមហាផ្ទៃប្រតិកម្មសម្ដីសកម្មជនបរិស្ថានថា គុកខ្មែរមិនមែនជាកន្លែងកែប្រែ

ក្រសួងមហាផ្ទៃបានប្រតិកម្មតបនឹងការលើកឡើងរបស់សកម្មជនបរិស្ថានម្នាក់ដែលទើបចេញពីពន្ធនាគារ ដែលបាននិយាយថា «គុកនៅកម្ពុជា មិនមែនជាកន្លែងអប់រំ និងសំបូរដោយអ្នកជក់គ្រឿងញៀន»។

នៅក្នុងលិខិតមួយ ចេញផ្សាយនៅថ្ងៃទី២មីនាម្សិលមិញ ក្រសួងមហាផ្ទៃបានឆ្លើយបំភ្លឺថា ពន្ធនាគារនៅកម្ពុជា មិនមែនជាកន្លែងប្រព្រឹត្តបទល្មើស និងចែកចាយគ្រឿងញៀននោះទេ ដោយថា ក្នុងចំណោមអ្នកទោសជាង៥ពាន់នាក់ គឺមានតែ២៦នាក់ ឬស្មើនឹង០,៥ភាគរយ បានលួចប្រើប្រាស់គ្រឿងញៀន នៅក្នុងពន្ធនាគារ។

ក្រសួងមហាផ្ទៃ បន្ថែមថា ពន្ធនាគារនៅប្រទេសកម្ពុជា គឺបានគោរពតាមស្ដង់ដារបទដ្ឋាន ដែលកំណត់ដោយអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីពន្ធនាគារ ពាក់ព័ន្ធនឹងការគ្រប់គ្រងវិន័យ របបអ្នកទោស សន្ដិសុខ អនាម័យ ជាដើម។ ក្រសួងមហាផ្ទៃ ក៏បានច្រានចោលការចោទប្រកាន់ ដែលថា ពន្ធនាគារនៅស្រុកខ្មែរ​ មិនមែនជាកន្លែងអប់រំ និងកែប្រែនោះ។

កាលពីថ្ងៃទី២៦ខែកុម្ភៈកន្លងទៅ សកម្មជនការពារបរិស្ថានម្នាក់ ដែលទើបចេញពីពន្ធនាគារ គឺលោក គង់ រ៉ៃយ៉ា បានផ្ដល់បទសម្ភាសន៍មួយនៅវិទ្យុអាស៊ីសេរី​ ដោយលោក បានរៀបរាប់ទុក្ខលំបាកពីជីវិតនៅក្នុងពន្ធនាគារ និងថា ពន្ធនាគារនៅកម្ពុជា គឺមានការចែកចាយគ្រឿងញៀនយ៉ាងគគ្រឹកគ្រែង ដោយលោកចោទថា មិនមែនជាកន្លែងអប់រំ កែប្រែឲ្យពលរដ្ឋក្លាយជាមនុស្សល្អនោះទេ។

ចំពោះការលើកឡើងដូចនេះ ក្រសួងមហាផ្ទៃបានសំដែងការខកចិត្ត ដោយថា ការអប់រំនៅពន្ធនាគារ​បានជួយឲ្យលោក គង់ រ៉ៃយ៉ា ប្ដេជ្ញាផ្ដើមធ្វើខ្លួនជាពលរដ្ឋល្អ​ ដោយចូលរួមការងារក្នុងសង្គម បន្ទាប់ពីគាត់បានអនុវត្តទោសពេញលេញ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីយុវជនបរិស្ថាន លោក គង់ រៃយ៉ា បាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ