វិភាគ៖ តើការប្តូរមេដឹកនាំសង្រ្គោះជាតិអាចជៀសផុតពីការប៉ុនប៉ងរំលាយបក្សនេះបានទេ?

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

គណបក្សសង្រ្គោះជាតិបានសម្រេចជ្រើសរើស លោក កឹម សុខា និង​មន្រ្តីជាន់ខ្ពស់៣រូបទៀតឲ្យដឹកនាំគណបក្សនេះជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីប្រធានបក្សទៅតាមការដាក់សម្ពាធរបស់ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបកែប្រែថ្មី។

សមាសភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះគឺលោក កឹម សុខា ជាប្រធាននិងមានអនុប្រធាន៣រូបទៀត មាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ។

ក្បាលម៉ាស៊ីនថ្មីដើម្បីដឹកនាំគណបក្សប្រឆាំងដែលជាគូប្រជែងប្រកៀកប្រកិត​នឹងគណបក្សកាន់អំណាចនេះគឺមិនមានបុគ្គលណាមួយជាប់បណ្តឹងនៅតុលាការដូចករណី លោក  សម រង្ស៊ី នោះទេ។ ប៉ុន្តែអ្នកវិភាគយល់ថា ផ្អែកតាមបទពិសោធន៍កន្លងទៅ បក្សសង្រ្គោះជាតិនៅតែ​ស្ថិត​ក្នុង​ការគំរាមកំហែង និង​មាន​លំហតូចចង្អៀតក្នុង​ការ​ប្រកួតប្រជែងទៅតាមអ្វីដែល​រដ្ឋធម្មនុញ្ញ​បាន​កំណត់។ នោះដោយសារសកម្មជនគណបក្សប្រឆាំងជាង២០រូប រួមទាំងអ្នកតំណាងរាស្ត្រពីរូបផង​ត្រូវបានតុលាការឃុំខ្លួនច្រើនឆ្នាំមកហើយ។

អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្សសង្រ្គោះជាតិនៅពេលនេះក៏មិនទាន់ប្រាកដថានឹង​អាចជៀសផុតពី​ការប៉ុនប៉ង​រំលាយ​ដោយ​ក្រុមណាមួយនោះទេ។

លោកមានប្រសាសន៍ «វាអាស្រ័យទាក់ទងថាតើក្បាលម៉ាស៊ីនព្រមទាំងក្នុង​ជួរបក្សហ្នឹង ខាង​ក្រោមៗទៀតហ្នឹង មានពាក់ព័ន្ធបញ្ហាប្តឹងផ្តល់​នៅតុលាការឬអត់? នឹងបញ្ហាឯទៀតៗទាំងបច្ចុប្បន្ននេះនិងទៅអនាគត។ ហ្នឹងអាចមានបញ្ហាដោយ​ខ្លួនឯងឬដោយអ្នកដទៃ»។

ក្រុមអ្នកនយោបាយនៅក្នុង​គណបក្សសង្រ្គោះជាតិ បានអះអាងថា បើទោះជា លោក សម រង្ស៊ី ម្នាក់មិនមានតួនាទី​នៅក្នុងគណបក្សនេះក៏ដោយ ប៉ុន្តែពួកគេថា ពលរដ្ឋរាប់លានគឺជាលោក សម រង្ស៊ី រួចទៅហើយ។

ជាក់ស្តែងគណបក្សសង្រ្គោះជាតិដែលទើបបង្កើតឡើងបានតែជាងមួយឆ្នាំកាលពីមុនបោះឆ្នោត​២០១៣នោះ ទទួលបានអសនៈ៥៥ដែលអ្នកវិភាគមិននឹកស្មានដល់ គឺក៏ជាផ្នែក​មួយ​នៃ​ការ​វិល​ចូល​ស្រុក​របស់លោក សម រង្ស៊ី។

កាលណោះអ្នកវិភាគមួយចំនួនមិន​នឹក​ស្មាន​ថា លោក សម រង្ស៊ី វិលចូលស្រុក​បានឡើយ​តែដោយសារស្ថានការណ៍នយោបាយប្រែប្រួល វត្តមានរបស់លោក សម រង្ស៊ី ដែលលុតជង្គង់ក្រាបជាន់ទឹកដីខ្មែរភ្លាមៗ បានធ្វើឲ្យមានអ្នកទទួល​ការ​ស្វាគមន៍លោកខ្ទង់លាន។

លោក ឡៅ ម៉ុងហៃ មើល​ឃើញថា​ក្បាលម៉ាស៊ីន​ដឹកនាំថ្មីនៅពេលនេះមាន​ភាពខ្លាំង​ម្យ៉ាងម្នាក់ បើ​ប្រៀប​ធៀប​នឹងការដឹកនាំរបស់លោក សម រង្ស៊ី។ តែលោកនៅតែ​ថា​លោក សម រង្ស៊ី មាន​ភាព​ក្លាហានច្រើន ហើយថាលាលែងរបស់គាត់មិនមែនដោយសារ​ធ្លាក់ប្រជាប្រិយភាពនោះទេ។

លោកលើកឡើងថា «មិនមែនគាត់បាត់បង់​ប្រជាប្រិយភាពទេ។ មានអ្នកនយោបាយខ្លះឬថ្នាក់​ដឹកនាំ​ខ្លះវាទាល់តែគេច្រានទ្រូង… តែគាត់[សម ង្ស៊ី]អត់ទេ គាត់សុំឈប់។ មេដឹកនាំអង់គ្លេស​មួយរូបគាត់​ឈ្នះឆ្នោត​៣អាណត្តិប៉ុន្តែអាណត្តិចុង​ក្រោយ​គាត់​ឈ្នះ​បានច្រើន ហើយ​ពាក់​កណ្តាល​អាណត្តិ គាត់ថាសុំលាលែងឈប់ហើយ ឲ្យគណបក្សហ្នឹងរើសមេដឹកនាំថ្មីទៅ»។

ការដកខ្លួនរបស់លោក សម រង្ស៊ី ចេញពីប្រធានគណបក្សនេះ អ្នកវិភាគមើលឃើញថា វាជា​ជំរើសមួយដែលពិបាកប៉ុន្តែមិនអាចប្រកែកបាន នោះក៏ព្រោះតែច្បាប់​ដែលទើប​ត្រូវ​បាន​កែ​ប្រែ​ដោយ​បក្សកាន់អំណាចនេះជាសម្ពាធធ្ងន់មួយបង្ខំឲ្យមេដឹកនាំបក្សប្រឆាំងទាំងពីរ​ប្រលែង​ដៃគ្នា​ជាចំហ។ប៉ុន្តែអ្នកវិភាគយល់ថា ការ​ផ្តល់​យោបល់និងយុទ្ធសាស្ត្រ​មួយចំនួននៅតែមាន​ការ​ចូល​រួម​យ៉ាងសំខាន់ពីលោក សម រង្ស៊ី ដដែល។​

មួយវិញទៀត ភាពល្បីល្បាញរបស់គណបក្សប្រឆាំងមួយនេះ អ្នកវិភាគមើលឃើញថា ក៏ដោយសារតែ​មាន​វត្ត​មាន​លោក សម រង្ស៊ី ផងដែរ កាលពីពេលកន្លងទៅ។

យ៉ាងណាក៏ដោយ ក្រោយពីអង្គសមាជបានជ្រើសរើស​​លោក កឹម សុខា ឲ្យធ្វើជាប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការ ភ្លាមៗនោះ លោក ហ៊ុន សែន ដែលពេលនេះកំពុងមានវិវាទជាមួយលោក សម រង្ស៊ី បានលិខិត​អបអរលោក កឹម សុខា ហើយ​នៅថ្ងៃដដែលនោះប្រធាន​ថ្មី​បក្សប្រឆាំងនេះក៏ចេញលិខិតតបវិញដោយការអរគុណ។

លោក ឡៅ ម៉ុងហៃ យល់ថាកាយវិកាបែបនេះរបស់​អ្នកនយោបាយ​មិនអាចជឿទុកចិត្តបានទាំងស្រុងនោះទេ។

លោកប្រៀបធៀបថា «គំនិត ឆាវឆាវ ហ្នឹងគឺត្រូវរ៉ូវគ្នាចឹងទៅឬសំដីអត់​ល្អគ្នាទៅ ប៉ុន្តែ​ចិត្ត​ទេវទាត់​មាត់ជាទេវតា កាយវិកាប្រើអំពើ​ហិង្សា ទាត់គេឬ[ប្រើ]ច្បាប់ឬតុលាការហ្នឹង»។

ប៉ុន្តែ លោក សម គន្ធាមី នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច វិភាគថា បើតាមលិខិតរបស់ប្រមុខបក្សកាន់អំណាច ​អបអរលោក កឹម សុខា នេះលោកថាការការ​ប៉ុន​ប៉ង​រំលាយ​ដៃគូ​ប្រកួត​មុន​ពេល​បោះ​ឆ្នោត​អាច​នឹង​បោះ​បង់​ទៅ​វិញ បើ​ទំនាក់ទំនងរវាង លោក កឹម សុខា និង​លោក ហ៊ុន សែន មានភាពល្អប្រសើ។

លោកមានប្រសាសន៍ថា «នេះជាចំណុចមួយល្អ។ ខ្ញុំសង្ឈឹមថាគណបក្សធំៗទាំងពីរហ្នឹងនឹង​មិន​មាន​បញ្ហា​ជម្លោះពាក្យ​សំដីដូចមុនៗទៀតទេព្រោះ​​យើង​ចង់​ឲ្យ​គាត់​ត្រូវ​គ្នា​ចូល​រួម​​ក្នុង​ការ​ប្រកួត​​បប្រជែងដោយ​យុត្តិធម៌ ហើយ​ជៀស​វាងការ​វាយ​ប្រហារគ្នាពាក្យ​សំដី គួរមានប្រើ​វប្បធម៌សន្ទនាដោះស្រាយបញ្ហានយោបាយក្តី។ជៀសវាងមានការគំរាម​កំហែង​នាំឲ្យគណបក្សនយោបាយ សកម្មជន ហើយ​នឹង​សង្គមស៊ីវិល និង​អ្នកបោះឆ្នោត​ទាំងអស់​ព្រួយបារម្ភ​រឿង​សភាពការណ៏​នយោបាយ»។

ច្បាប់ស្តីពីគណបក្សនយោបាយ ដែល​ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកែប្រែនោះនឹង​ត្រូវចូលជាធរមានឆាប់ៗនេះ បើទោះជាមានការរិះគន់យ៉ាងកងរំពងពីម្ឈដ្ឋានជាតិ និង​អន្តរជាតិថា «កម្ពុជាកំពុងឈានទៅរករបបឯកបក្ស» ក៏ដោយ។

ច្បាប់នេះត្រូវអ្នកវិភាគមើលឃើញថាជាគោលដៅមួយចង់រំលាយបក្សប្រឆាំងមុនពេលបោះឆ្នោត​ប៉ុន្តែលោក សម គន្ធាមី យល់ថា បើអ្នកនយោបាយបក្សធំៗទាំងពីរត្រូវរ៉ូវគ្នាវិញនោះ ច្បាប់នេះនឹងមិនត្រូវបានអនុវត្តនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ