អាជ្ញាធរខេត្ដឧត្ដរមានជ័យ រងការចោទថា រារាំងការបើកវគ្គបណ្ដុះបណ្ដាល

អាជ្ញាធរខេត្ដឧត្ដរមានជ័យ រងការចោទថា រារាំងអង្គការមួយមិនឲ្យបើកវគ្គបណ្ដុះបណ្ដា​ល​ដល់ពលរដ្ឋនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ដោយចោទថា ការប្រមូលផ្ដុំនោះបង្កបញ្ហាដល់សង្គម​ជាតិ។

អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល នៃអង្គការសមធម៌កម្ពុជា លោកស្រី គីម ឈាន ប្រាប់វីអូឌី នៅរសៀលថ្ងៃចន្ទនេះថា វគ្គអប់រំនេះមានរយៈពេលពីរថ្ងៃ ដោយលើកទីមួយធ្វើឡើងដោយលួចលាក់កាលពីថ្ងៃសៅរ៍ ប៉ុន្ដែកាលពីថ្ងៃអាទិត្យម្សិលមិញ ត្រូវបានអាជ្ញាធរអាជ្ញាធរមូលដ្ឋាន ដែលមានចៅសង្កាត់និងនគរបាលប៉ុស្ដិ៍ នៃសង្កាត់កូនគ្រៀល ចុះទៅរារាំងដោ​យចោទថា គ្មានច្បាប់អនុញ្ញាត បង្កបញ្ហាដល់សង្គមជាតិ។ ប៉ុន្តែលោកស្រីបន្ដថា វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងឲ្យពលរដ្ឋ​មានជម្លោះដីធ្លី និងមានបញ្ហាផ្សេងៗយល់ដឹងពីសិទ្ធិរបស់ខ្លួន ដោយមានពលរដ្ឋនៅសង្កាត់កូនគ្រៀល ជាង២០នាក់ចូលរួម។ លោកស្រីចាត់ទុករណីនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ។ អ្នកស្រីបន្ដថា «ការរារាំងនេះ ខ្ញុំគិតថាជាការរំលោភសិទ្ធិមនុស្សតែម្ដង ព្រោះអីនៅក្នុងច្បាប់យើងនិយាយពាក់ព័ន្ធនិងទទួលចំណេះដឹងសិទ្ធិចូលរួមប្រជុំ ប៉ុន្ដែដល់យើងធ្វើ បែរជាអាជ្ញាធរហាមឃាត់ ដោយគាត់សំអាងថា ទីមួយថាយើងអត់សុំច្បាប់គេមុន ហើយទី២គេគិតថាញុះញង់ទៅវិញ»។

ករណីនេះ ចៅសង្កាត់កូនគ្រៀល លោក លឿង ណុច មិនអាចសុំការឆ្លើយតបបានទេ ដោយលោកថា ច្រឡំលេខទូរសព្ទ។

អធិការនគរបាលក្រុងសំរោង លោក ស៊ុន សាន្ដ មានប្រសាសន៍ថា លោកមិនបានទទួ​លព័ត៌មាននេះទេ។

ទោះជាយ៉ាងណា មន្ដ្រីបណ្ដុះបណ្ដាលផ្លូវច្បាប់ នៃអង្គការសមធម៌កម្ពុជាលោក និល សុខហេង​ មានប្រសាសន៍ថា ការប្រមូលផ្ដុំឬការអប់រំដល់ពលរដ្ឋនៅតាមមូលដ្ឋាន លោកថា មិនចាំបាច់ត្រូវសុំការអនុញ្ញាត និងជូនដំណឹងពីអាជ្ញាធរនោះ។ លោកថា អាជ្ញាធរមានតូរនាទីយ៉ាងសំខាន់ដើម្បី​ចូលរួមចែករំលែកចំណេះដឹងពីច្បាប់ដល់ពួកគាត់។លោកហៅការរារាំងនោះថា ជាទង្វើមួ​យផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបន្ដថា «ស្ថាប័នមួយក្នុងការចូលរួមចំណែកផ្សព្វផ្សាយច្បាប់​ទៅឲ្យពលរដ្ឋតែបែជាមន្ដ្រីមូលដ្ឋានទាំងអស់ហ្នឹងគាត់ធ្វើការហាមឃាត់មិនឲ្យយើងផ្សព្វផ្សាយ​ចំណុចទាំងអស់ហ្នឹង។ យើងអត់ដឹងមូលអីច្បាស់លាស់ថាគាត់ចងបានអី»។

រដ្ឋធម្មនុញ្ញមាត្រា៤១ចែងថា ពលរដ្ឋខ្មែរគ្រប់រូបមានសេរីភាពបញ្ចេញមតិរបស់ខ្លួន មានសេរីភាពខាងជួបប្រជុំ មានសេរីភាពខាងសារព័ត៌មាន និងទទួលព័ត៌មាន ប៉ុន្ដែច្បាប់នេះមិនអាចឲ្យជនណាឆ្លៀតប្រើសិទ្ធិនេះដែលនាំឲ្យប៉ះពាល់ដល់កិតិ្ដយសអ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្ដិសុខជាតិបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ