លោក ហ៊ុន សែន អំពាវនាវដូចឆ្នាំមុនកុំឲ្យម្ចាស់រថយន្តតម្លើងថ្លៃសំបុត្រអំឡុងចូលឆ្នាំខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដូចឆ្នាំមុនៗដែរ កុំឲ្យ​ម្ចាស់​រថយន្តត​ម្លើង​ថ្លៃ​សំ​បុត្រខ្ពស់ពេកក្នុងពិធីបុណ្យ​ចូល​ឆ្នាំ ខណៈសេវាដឹកអ្នកធ្វើដំណើរនេះបានបន្តហក់ឡើងមួយទេ្វជាពីរឬ​លើ​ស​ពី​នេះ​ ក្នុងរដូវបុណ្យជាតិម្តងៗ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែរ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមេសានេះ លោក​នា​យ​​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែងថា ថ្វីត្បិតតែការតម្លើងថ្លៃជាកត្តាចំាបាច់របស់អ្នករកស៊ី ដើម្បីស្វែង​រ​​ក​​ប្រា​​​​​ក់​ចំណេញ ប៉ុន្តែលោកថា ការមិនដំឡើងថ្លៃហួសហេតុពេកក្នុងរដូវបុណ្យជាតិនេះ ជាគុ​ណ​ធ​ម៌មួ​យ​​របស់​​អ្នករកស៊ី។

លោកថា៖ «ខ្ញុំព្រះករុណាខ្ញុំបានអំពា​វនាវស្ទើរតែរៀងរាល់ឆ្នាំ ទាំងពេលភ្ជុំបិណ្យ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែ​ដោ​យសារតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬអា​ចថាក្រុ​ម​ហ៊ុ​នផង តម្លៃនៃការធ្វើដំណើរក៏មានការកើនឡើង។ ដូ​ច្នេះ​អំពាវនាវចំពោះម្ចាស់រថយន្ត ខិតខំយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋ ដែលជាសាច់ឈាមរបស់យើង ក្នងការ​ធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត និងពីភូមិកំណើតមកកាន់ទីក្រុងភ្នំ​ពេញវិញ។ ​សង្ឃឹម​ថាម្ចាស់រថ​យន្តនឹងទទួលយកនូ​វការគិ​តគូបែបនេះ ដើម្បីកាត់បន្ថយនូវការចំណាយរបស់ប្រជាជនរបស់យើង»។

ពិធីបុ​ណ្យ​ចូលឆ្នាំខ្មែរ​ នឹងប្រព្រឹត្តីទៅនៅសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អះអាងថា សាលារាជធានីនឹ​ងចេញលិខិតជូ​ន​ដំ​​​ណឹ​​​​ងទៅភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយបន្តពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ។ ប៉ុន្តែលោកថា អា​ជ្ញា​ធ​​រ​នឹ​ងមិនចា​ត់វិធាន​ការ ដើ​​ម្បីកំណត់តម្លៃក្នុងកម្រិតណាមួយសម្រាប់សេវាដឹកជញ្ជូននៅរដូវបុ​ណ្យ​ជា​តិនេះទេ។

លោកថា៖ «[អាជ្ញាធរនឹង]អំពាវនាវកុំឲ្យក្រុមហ៊ុនដំឡើងថ្លៃហួសហេតុ នេះជាអ្វីដែលយើងអាចធ្វើបាន នៅត្រឹ​​មក​ម្រិតហ្នឹង។ ប៉ិនត្រង់ថាលក្ខណដែលយើងដាក់ទៅតម្រូវឲ្យក្រុមហ៊ុនត្រូវតែអនុវត្តន៍ បើក្រុ​មហ៊ុ​នមិ​ន​អ​នុវត្តន៍នឹងដាក់ទោសទណ្ឌ នោះអត់មានទេ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្វាគម​ន៍ទៅនឹង​ការអំ​ពា​វនាវ របស់រដ្ឋាភិបាលនេះ ប៉ុន្តែលោកថា អ្វីដែលមានប្រសិទ្ធភាពជាងនេះ រដ្ឋាភិបាល​ត្រូវចាត់​វិ​ធា​​​ន​​ការកុំឲ្យក្រុមហ៊ុនម៉ៅការចំណតបន្តដំឡើ​​ងថ្លៃនៅរដូវចូលឆ្នាំនេះ និងថាត្រូវចាត់វិធា​នកា​រកុំ​​​ឲ្យអាជ្ញាធរខិលខូចមួយចំនួននៅបន្តប្រើតួ​នា​ទី​​​រ​ប​ស់ខ្លួនជម្រិតទារ​ប្រាក់ពី​រ​ថ​​យន្ត​​​ដឹកអ្ន​ក​ដំណើ​​រ។

លោកថា៖ «មិនបាច់ចាំទៅមើលឯណាឆ្ងាយទេ ទៅមើលតែគល់ស្ពានជ្រោយចង្វារទៅឃើញហើយ អនុវត្តន៍​បា​ន​​តែមួយភ្លេតទេ បន្ទាប់មកហុចដៃយកលុយៗ។ អាហ្នឹងដែលយើងមិ​នចង់ឃើញរូ​បភាពបែ​បហ្នឹ​ង​ត​ទៅ​ទៀត»។

ក្នុងពិធីសម្ពោធផ្លូវនោះដែរ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យ​អ្នក​បើកបរគោរពច្បាប់ច​រាចរណ៍ ដោ​យរំឭកថា កុំឲ្យថ្ងៃរីករា​យក្នុ​ង​ពិធី​ចូល​ឆ្នាំក្លាយជាថ្ងៃសោ​កនាដ​កម្ម​​នៃ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍។

គួ​រំ​ឭក​ផងដែរថា រៀងរាល់បុណ្យជាតិម្តងៗ អ្នកធ្វើដំណើរអះអាងថា តំលៃទាំងរថយន្តឈ្នួល និងរថយន្តក្រុង បា​​ន​ហ​ក់​ឡើង មួយទ្វេជាពីរ ឬច្រើនជាងនេះ ទោះជារដ្ឋាភិបាលបានអំពាវនាវទុកមុនក៏ដោយ ដោយ​សា​រ​តែពលរដ្ឋភាគច្រើន សម្រុកចេញពីទីក្រុងភ្នំពេញ ទៅ​​​កាន់​​​ស្រុកកំណើត ក្នុងពេលតែមួយ ក្នុងពិ​ធី​បុ​​ណ្យជាតិនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ