លោក​​ ហ៊ុន សែន បញ្ជា​ឲ្យ​សិក្សាលើ​ផ្លូវ៦០ម៉ែត្រត្រៀមសម្រាប់​យន្ត​ហោះ​ចុះចត

លោក ហ៊ុន សែន អញ្ជើញសម្ពោធមហាវិថីសម្ដេចតេជោ ហៅផ្លូវ៦០ម៉ែត្រ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បានប្រាប់​​ទៅ​ឲ្យរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិឲ្យធ្វើការ​សិក្សា​ទៅ​លើ​ផ្លូវ​៦០ម៉ែត្រថ្មី​ដែល​​ទើប​នឹង​សម្ពោធនៅព្រឹកនេះ ដើម្បី​ត្រៀម​​យន្ត​ហោះ​ចុះ​ចត នៅពេល​មាន​អាសន្ន។

«មហា​វិថីសម្តេច​តេជោ» ឬ​ផ្លូ​វ៦០​ម៉ែត្រ​នេះ ផ្តើមចេញចំណុចច្រមុះជ្រុះ ក្បាលថ្នល់ ទៅកាន់ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ដែល​មាន​ប្រវែងជិត​១០គីឡូម៉ែត្រ​និង​ទទឹង​ផ្លូវ​៦០​ម៉ែត្រ​ដែល​ជា​ផ្លូវ​ធំ​ដំបូង​គេបង្អស់​នៅកម្ពុជា។

ក្នុង​ពីធី​សម្ពោធផ្លូវ​មួយ​ខ្សែ​នេះ លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​បញ្ជាទៅ​​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​​ជាតិ​ លោក ទៀ បាញ់ ​ឲ្យ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ស្ថានភាព​ផ្លូវ​នេះដើម្បី​ត្រៀម​លក្ខណៈ ឲ្យ​យន្ត​ហោះចុះ​ចតបាន​នៅ​ជិត​ភ្នំពេញ​ ក្នុង​ករណី​ដែល​រាធានី​ភ្នំពេញ​មាន​អាសន្ន​។ លោក​ថា​ក្នុងពេល​​សាកល្បងចុះ​ចត​លើ​ផ្លូវ​នោះ​ លោកសុំ​ឲ្យ​ធ្វើ​ការ​សាក​ល្បងចុះ​ចត​ដោយ​យន្ត​ហោះ​យោធា។

លោក​ថា៖ «យន្ត​ហោះ​ដែល​មាន​សាំង​តិច​មិន​អាច​ធ្វើ​ដំណើ​រដល់​សៀម​រាប មិន​អាច​ធ្វើ​ដំណើ​រដល់​ទី​ក្រុង​ហូ ជីមិញ និង​ទីក្រុង​បាងកក ជម្រើស​ដែល​ល្អជាង​គេ​គឺ​នៅ​តំបន់​នេះ​ដែល​គួ​រតែ​សិក្សា អំពី​ការ​ចុះចត​ក្នុង​គ្រាមាន​អាសន្ន នូវ​ប្រភេទ​យន្ត​ហោះ​ខ្លះ។ ​ជា​ពិសេស​យន្តហោះ​ដែល​មាន​ស្លាបកង្ហា ATR ដែល​អាច​ចុះ​ចត​បាន​នាគ្រាមាន​អាសន្ន ព្រោះ​ពីស​របស់​យើង​នេះ​គឺ​អាច​ទ្រ​ទ្រង់​បាន ហើយ​ចំងាយ​ដែល​វា​អាច​រត់​គឺ​វា​អាច​ចុះ​ចត​បាន ដើម្បី​បញ្ជៀស​គ្រោះ​ថា្នក់​ជា​យថា​ហេតុ ចំណុច​នេះ​ទាម​ទារឲ្យ​មាន​ការ​សិក្សា​ហើយ​រហូត​ដល់​មាន​ការ ចុះ​សាកល្បង​នូវ​ប្រភេទ​យន្ត​ហោះ​យោធារបស់​យើង»។ ​

​លោក​ក៏​បាន​បញ្ជារ​ឲ្យ​​បង្កប់​ភ្លើងសញ្ញា​ដែល​អាច​ឲ្យ​សញ្ញា​ដល់​យន្ត​ហោះ​មើល​ឃើញ​ពេល​យប់​ដើម្បី​ងាយ​ស្រួល​ចុះ​ចត​ផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ