លិខិតមិត្តអ្នកអាន៖ ក្លិនអសោចកេរិ៍្ត​

បរិស្ថាន​នៅ​តំបន់អង្គរ​(រូបថត៖ ជា​ ខេមរា​)

«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាពាក្យស្លោកសម្រាប់ដាស់អារម្មណ៍មនុស្សខ្មែរ ឱ្យយកចិត្តទុកដាក់សម្អាតលំនៅដ្ឋាន ទីសាធារណៈ និងរមណីយដ្ឋានឱ្យមានសោភ័ណ្ឌភាពល្អ និងខិតខំបម្រើសេវាគ្រប់ប្រភេទប្រកបដោយចរិយាធម៌ និង​អំណរ​រីករាយ​ដល់ភ្ញៀវ​ទាំងជាតិ​ទាំងអន្តរ​ជាតិ​​ដើម្បីអភិវឌ្ឍវិស័យ​ទេសចរណ៍កម្ពុជា។ តាមរយៈពាក្យស្លោកនេះ វាពិតជា​បានជួយជម្រុញឱ្យមាន​ការកែលម្អរខ្លះៗដែរទាំង ផ្នែកសេវាកម្ម អនាម័យ និង​បរិស្ថាន។ តែហាក់មិន​ទាន់បាន​ជ្រួតជ្រាប​ទូលំទូលាយនៅឡើយ ទាំងពលរដ្ឋសាមញ្ញ អជ្ញាធរ និងថ្នាក់ដឹកនាំ។ ពេលមានកម្មវិធីធំៗម្តងៗ គេ​សង្កេត​ឃើញ​មាន​កាក​សំណល់​រាយប៉ាយពាសវាលពាស​កាល និងក្លិនគ្រប់រសជាតិ មានទាំងស្អុយ ឆ្អេះ ជូ និងផ្អូម។ ជាក់ស្តែង គឺក្នុងកម្មវិធីអង្គរសង្ក្រាន ដែល​បាន​រៀប​ចំនៅ​ឯខេត្ត​​សៀម​រាបនាបរិវេណអង្គរវត្ត​និងអង្គរធំ។

តាមរយៈការចូលរួមផ្ទាល់ និងការ​សង្កេត​តាម​ដាន​កម្មវិធី​អង្គរ​សង្ក្រាន​បីឆ្នាំជាប់ៗគ្នា ឃើញថា ការរៀបចំកម្មវិធី​មាន​ភាពល្អប្រសើរ​ពីមួយឆ្នាំទៅ​មួយឆ្នាំផ្នែក​ទស្សនីយភាពនិង សណ្តាប់ធ្នាប់​ទាំងមុនពេលនិងកំឡុងពេលដំណើរការកម្មវិធី។ តែផ្នែកអនាម័យនិងបរិស្ថានវិញទាំង​ក្នុងពេលដំណើរការ និងក្រោយ​​ពេល​ចប់កម្មវិធីនៅមានភាពខ្វះចន្លោះច្រើនស្ទើរពុំគួឲ្យជឿ។

ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងជាតិទាំងអន្តរជាតិបានចូលរួមទស្សនាកំសាន្តច្រើនកកកុញ។ អ្នកខ្លះ បានចម្អិនម្ហូបយកមកពីផ្ទះ អ្នកខ្លះបានទិញនៅតាមស្តង់ ឬតូបលក់ម្ហូបអាហារ ហើយយកទៅញ៉ាំនៅតាមកន្លែងផ្សេងៗ ក្បែរបរិវេណប្រាសាទបុរាណដែលគេប្រារពពិធីអង្គរសង្ក្រាន។ ធម្មជាតិមនុស្ស សត្វគឺផឹកស៊ី ជុះនោម។ អាការៈធម្មជាតិនេះ មានឥទ្ធិពលជាងបញ្ជាស្តេចទៅទៀត ពេលវាកើតអាការៈនេះហើយទាំងមនុស្ស ទាំងសត្វ ទាំងរាស្ត្រ ទាំងមន្ត្រី ត្រូវតែ​រក​កន្លែង​បន្ទោ​បង់​ចេញ។ តែជាអកុសលសម្រាប់​អ្នកចូល​រួមកម្មវិធីអង្គរសង្ក្រាន​មិនអាចរកបង្គន់សម្រាប់បន្ទោបង់បានឡើយ ព្រោះមិនមានបង្គន់គ្រប់គ្រាន់។

អ្នករៀបចំកម្មវិធី មិនបានរៀបចំបង្គន់​ចល័តឲ្យបានគ្រប់គ្រាន់បន្ថែមលើបង្គន់ដែលមានស្រាប់ដ៏តិចតួច និងខ្លះមានតែបង្គន់តែមិនមានទឹកក្នុងបង្គន់ទេ។ ដូច្នេះ គេមានតែបង្ខំចិត្តរក​គុម្ពោតព្រៃ​ ឬកន្លៀតណាមួយដោះទាល់មួយគ្រា ដើម្បីកុំឲ្យពិបាកត្បៀតនិងក្តៅខ្លួនយូរ។ ចំណែកឯកាកសំណល់សម្រាមវិញ ក៏មិនណយដែរ បន្ទាប់ពីហូបចុកឆ្អែត អ្នកខ្លះក៏បានប្រមែប្រមូលទុកដាក់​ដល់ធុងសម្រាម និងខ្លះទៀតបានប្រមូលយកទៅទុកដែរ តែធុង សម្រាម​ពេញ​ហៀរ​អស់​ទៅ​ហើយ រីឯអ្នកខ្លះទៀតក៏​បានបន្សល់ទុកកាកសំណល់រាយ​ប៉ាយ​ ត្រង់នេះមួយដុបត្រង់នោះមួយដុបនៅតាមកន្លែងដែលពួកគេបានអង្គុយស៊ីរៀងៗក្រុម។

ពេលវេលាកន្លងផុតទៅ ទាំងកាកសំណល់ដែលបាន​បញ្ចេញតាម​ទ្វារមុខនិងទ្វារក្រោយ​របស់មនុស្ស និងកាកសំណល់ម្ហូបអាហារ ដែល​នៅ​សល់​សន្ធឹក​សន្ធាប់​បាន​សាយ​ភាយនូវក្លិនអសោចគ្រប់រសជាតិនៅជុំវិញប្រាសាទបុរាណដែលជាទីសក្ការៈដ៏សក្តិសិទ្ធិ និងជារមណីយដ្ឋាន ប្រវត្តិសាស្ត្រសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប និងជាសម្បត្តិបេតិកភ័ណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។

សរុបមកវិញ ល្មមដល់ពេលហើយដែលពលរដ្ឋខ្មែរម្នាក់ៗ ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាអនាម័យទាំងនៅផ្ទះខ្លួនឯង នៅទីសាធារណៈ និង​តំបន់​រមណីយ​ដ្ឋានផ្សេងៗ។ ហើយក៏ល្មមដល់ពេលដែរសម្រាប់អជ្ញាធរ និងថ្នាក់ដឹកនាំក្នុងការចាត់ចែងផែនការការងា ប្រកបដោយចំណេះដឹង សតិសប្បជ្ជៈញៈ និង​មនសិការ ក្នុងការសម្អាតបរិស្ថាន និងអនាម័យសាធារណៈ។ រាល់ពេលធ្វើកម្មវិធីអ្វីមួយ ត្រូវរៀបចំគ្រប់ជ្រុងឲ្យបានល្អទាំងមុខឆាក និងក្រោយឆាក និង ទាំង​មុន​ពេល កំឡុងពេលដំណើរការ និងក្រោយពេលបញ្ចប់កម្មវិធី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ