ក្រសួងមហាផ្ទៃកិនបំផ្លាញផលិតផលក្លែងក្លាយជាង៦០តោន

រូបភាព៖ ការបំផ្លាញផលិតផលក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ​កិនបំផ្លាញផលិតផលជាង ៦០តោនដែលរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ពិធីកិនបំផ្លាញផលិតផលក្លែងក្លាយ នៅព្រឹកនេះ ធ្វើឡើង​នៅ​ទីលាន​ចាក់​សំរាម​បឹងជើង​ឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។ ពិធីនេះដែល មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តំណាងទូត ក្រសួងពាក់ព័ន្ធ ស្ថាប័នតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។​

នៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវ ឲ្យស្ថាប័ន្ធពាក់ព័ន្ធពង្រឹងការទប់ស្កាត់ និងឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់​ផលិតផលសម្អាង ក៏ដូចជាផលិតផលផ្សេងៗ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។

លោកបន្តែមថា៖«ប្រសិនបើយើងមិនបានទប់ស្កាត់ឲ្យបានទាន់ពេលវេលា​ គ្រឿងសម្អាងក្លែងក្លាយទាំងនោះ វានឹងត្រូវចែកចាយនៅលើកទីផ្សារនៅក្នុងព្រះរាជណាចក្រកម្ពុជាទាំងមូល ហើយអ្នកដែលទទួលរងគ្រោះ គឺប្រជាពលរដ្ឋ គឺអ្នកដែលប្រើប្រាស់ឬ ក៏អាចនិយាយថាយើងទាំងអស់គ្នាតែម្ដង ហើយយើងខាតបង់ ថវិកាផង និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផង ហើយក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ក៏អាចថាបានដែរ»។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា លើកឡើងថា  ផលិតផលក្លែងក្លាយដែលបង្ក្រាបបានហើយយកមកបំផ្លាញនេះ​រួមមានថ្នាំលាបសក់ ថ្នាំអប់សក់ សាប៊ូលាងមុខ សាប៊ូកក់សក់ ម្សៅលាបមុខ ឡេលាបស្បែក ក្រេមលាបមាត់ ស្បៃយ៍បាញ់សក់ ទឹកអប់ ជាដើម។ លោកបន្តថា  ផលិតផលគ្រឿងសម្អាងទាំងនេះ ភាគច្រើនផលិតនៅក្នុងប្រទេសកម្ពុជា  ហើយនាំចេញទៅក្រៅរួចទើបនាំចូលមកលក់នៅកម្ពុជាវិញ ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ថាផលិតមកពីក្រៅប្រទេស។

លោកថា៖«ដើម្បីបោកបន្លំប្រជាពលរដ្ឋ ក៏ដូចជាអ្នកចែកចាយគ្នាសុចរិតទៀងត្រង់ហ្នឹង ឲ្យគិតថា របស់ហ្នឹង នាំចូលពីបរទេស វេចខ្ចប់ ច្រកអី ចូលដប ចូលស្បោង ចូលកញ្ចប់អីស្រួលបួលឡើងកុងទីន័រ ឆ្លងកាត់ច្រក បកមកវិញអាហ្នឹង ដូចថា​មកពីជប៉ុន ធ្លាក់នាយសមុទ្រណាមកដល់កម្ពុជាវិញ»។

លោកបន្តថា ម្ចាស់ចែកចាយ ឬ លក់ផលិតផលក្លែងក្លាយទាំងនោះមួយចំនួនកំពុងជាប់ពន្ធនាគារ ហើយខ្លះទៀតតុលាការកំពុងបន្តនីតិវិធី។

នេះជាលើកទី២ ហើយដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃបានកិនបំផ្លាញគ្រឿងសម្អាងនៅដើមឆ្នាំនេះ​ បន្ទាប់ពីរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

កាលពីថ្ងៃទី៧ ខែមីនា កន្លងមក មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រីកាំកុងត្រូល បានដុតបំផ្លាញផលិតផលក្លែងក្លាយ និងខូចគុណភាពទម្ងន់ជាង១០តោន បន្ទាប់ពីរឹបអូសបានពីឈ្មួញដែលចែកចាយនៅលើទីផ្សារ។

បើតាមរដ្ឋធម្មនុញ្ញមាត្រា៧២ចែងថា រដ្ឋាភិបាលត្រូវហាមឃាត់ត្រូវផ្តន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល ផលិត ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើដែលប៉ះពាល់ដល់សុខភាព និងជីវិតអ្នកប្រើប្រាស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ