ក្រសួងការងារបានឲ្យដឹងថា ក្រុមហ៊ុនស្របច្បាប់បញ្ជូនពលករធ្វើការនៅបរទេសមានជិត១០០ក្រុមហ៊ុន។
ក្នុងហ្វេសប៊ុករបស់ក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឈ្មោះក្រុមហ៊ុនស្របច្បាប់បញ្ជូនពលករធ្វើការនៅបរទេសមានចំនួន៩៣ក្រុមហ៊ុន ដោយថាបច្ចុប្បន្ននេះ មានតែក្រុមហ៊ុន៨៥ប៉ុណ្ណោះ កំពុងដំណើរការងាររបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ផ្សាយកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ ឲ្យដឹងថា ពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មានជាង៣០ម៉ឺន ប៉ុន្តែក្នុងរយៈពេលដែល តម្រូវចុះបញ្ជីទទួលភាពស្របច្បាប់ ចាប់ពីថ្ងៃទី២៤ខែកក្កដា ដល់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ មានអ្នកចុះឈ្មោះបានតែ២០ម៉ឺននាក់ (២ ០៣ ៧៣២នាក់) នៅសល់ប្រមាណ ១០ម៉ឺននាក់ទៀត។
ចំពោះ លោក មឿន តុលា នាយកនៃអង្គការសង់ត្រាល់ មានប្រសាសន៍ថា តាមការប៉ាន់ប្រមាណពលករខ្មែរ នៅក្រៅប្រទេស មានចំនួនប្រមាណ ១លាន៩សែននាក់ ក្នុងនោះ១លាន៦សែននាក់នៅក្នុងប្រទេសថៃ ដែលលោកថា អ្នកស្របច្បាប់មានចំនួន ៦០ភាគរយ និងអ្នកខុសច្បាប់ចំនួន៤០ភាគរយ៕