ពលរដ្ឋខេត្តឧត្តរមានជ័យប្ដឹងទៅតុលាការថៃឲ្យជួយរកយុត្តិធម៌រឿងជម្លោះដីធ្លី

រូបភាព៖ ឈ្មោះក្រុមហ៊ុន (ហ្វេសប៊ុក)

ប្រជាពលរដ្ឋខ្មែររស់នៅខេត្តឧត្តរមានជ័យដែលចោទថា ក្រុមហ៊ុនមានម្ចាស់ជាជនជាតិថៃរំលោភយកដីធ្លីធ្វើកសិកម្មរបស់ពួកគាត់ដែលអូសបន្លាយ១០ឆ្នាំមកនេះ មិនទាន់មានដំណោះស្រាយនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅទីក្រុងបាងកក ដើម្បីឲ្យជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ ។​​

ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស “Inclusive Development International” កាលពីម្សិលមិញបានឲ្យដឹងថា  ប្រជាពលរដ្ឋជាង៣ពាន់នាក់ នៅខេត្តឧត្តរមានជ័យ បានប្ដឹងក្រុមហ៊ុនស្ករសរបស់ថៃដ៏ធំមួយឈ្មោះ «ក្រុមហ៊ុនមីត្រផល» ថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស ដូចជា ដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ បណ្ដេញពួកគេចេញពីលំនៅឋានទាំងបង្ខំ កាលពីចន្លោះឆ្នាំ២០០៨ និង២០០៩។

ពាក្យបណ្ដឹងនេះ ធ្វើឡើងនៅតុលាការស៊ីវិល ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨មីនា ហើយដើមបណ្ដឹង គឺជាពលរដ្ឋខ្មែរ២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ ៦០០គ្រួសារ រស់នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយទាមទារសំណងទឹកប្រាក់ប្រមាណជាង ៤លានបាត ឬ ជាង១៣ម៉ឺនដុល្លារអាមេរិក (១៣១ ០០០ដុល្លារ)។

បើតាមសេចក្ដីថ្លែងការណ៍ កាលពីឆ្នាំ២០១៣ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ដែលតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ៦០២គ្រួសារ បានដាក់ពាក្យប្ដឹងម្ដងរួចមកហើយ នៅគណៈកម្មាធិការសិទ្ធិមនុស្សថៃ។​

ក្រោយការស៊ើបអង្កេតអស់រយៈពេល២ឆ្នាំ ពោលគឺនៅឆ្នាំ២០១៥ គណៈកម្មាធិការសិទ្ធិមនុស្សថៃ បានរកឃើញថា ក្រុមហ៊ុនមីត្រផល ពិតជាមានការទទួលខុសត្រូវដោយផ្ទាល់ ក្នុងករណីរំលោភយកដីប្រជាពលរដ្ឋខ្មែរ។ ប៉ុន្ដែ ក្រុមហ៊ុនមួយនេះ នៅមិនទាន់ផ្ដល់សំណងការខូចខាតដល់ប្រជាពលរដ្ឋរងគ្រោះនៅឡើយ។

ក្នុងពាក្យបណ្ដឹង កាលពីថ្ងៃទី២៨ខែមីនា ប្រជាពលរដ្ឋរងគ្រោះចោទប្រកាន់ទៀតថា ក្រុមហ៊ុនមីត្រផល បានឃុបឃិតជាមួយអាជ្ញាធរកម្ពុជា និងបានបំពានច្បាប់មួយចំនួន ដូចជា ច្បាប់ភូមិបាល ច្បាប់ព្រៃឈើ និងច្បាប់អន្ដរជាតិ។

VOD មិនអាចទាក់ទងតំណាងក្រុមហ៊ុនមីត្រផល ដើម្បីឆ្លើយបំភ្លឺបានទេ។ ប៉ុន្ដែ ក្រុមហ៊ុនមីត្រផល បានឆ្លើយតបនឹងសារព័ត៌មាន Reuters ថា ក្រុមហ៊ុនមួយនេះ​ បានមកវិនិយោគនៅកម្ពុជា ក្នុងភាពជាដៃគូដោយស្មោះត្រង់ និងបានទទួលសិទ្ធិលើដីសម្បទាន ស្របទៅតាមច្បាប់របស់កម្ពុជា។

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ក្រុមហ៊ុនមីត្រផលពន្យល់ថា ខ្លួនបានបញ្ចប់គម្រោងតាំងពីឆ្នាំ២០១៤មកម្ល៉េះ និងបានប្រាប់ទៅអាជ្ញាធរកម្ពុជា ឲ្យប្រគល់ដីធ្លីមានជម្លោះនេះ ទៅសហគមន៍វិញទៀតផង។

អភិបាលស្រុកសំរោង លោក អ៊ុន សុភ័ក្រ្ត ប្រាប់ VOD ថា ករណីនេះ អាជ្ញាធរកម្ពុជា បានដោះស្រាយម្ដងរួចទៅហើយ។ ប៉ុន្ដែ ចំពោះការប្ដឹងបន្ដទៅតុលាការប្រទេសថៃ​ លោកថា មិនបានដឹងឡើយ។​

លោកថា៖ «ករណីនេះ ខ្ញុំអត់ជ្រាបទេណា ខ្ញុំអត់ដឹងផង អត់ឃើញមកសាលាក្រុងផង។ រឿងបញ្ហាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរដែនដី មានក្រុង មានខេត្តអី បានដោះស្រាយហើយតើ។ ទៅប្ដឹង ប្ដឹងទៅ មកសួរអីខ្ញុំ  បើគាត់ទៅប្ដឹងថៃឯណោះតើ ទេខ្ញុំអត់ដឹងទេ គាត់ជាជនជាតិថៃ ឬក៏ស្អី ខ្ញុំអត់ដឹងទេ ​បើគេជាជនជាតិថៃដែរ បានគេប្ដឹងថៃ»។

មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំនៅខេត្ដឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់ថា បណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះទាំងនេះ គឺបណ្ដាមកពីអាជ្ញាធរកម្ពុជា មិនអាចដោះស្រាយជូនពួកគាត់បាន។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា ត្រូវជួយទំនុកបម្រុងដល់ពលរដ្ឋខ្លួនឯង ដើម្បីឲ្យពួកគេ អាចស្វែងរកយុត្តិធម៌ពិតប្រាកដ។

លោកថា៖ «ប្រជាពលរដ្ឋ គាត់មិនទាន់បានសំណងសម្រាប់ពួកគាត់ឲ្យបានសមរម្យ ឲ្យបានយុត្តិធម៌ អញ្ចឹង គាត់ត្រូវស្វែងរកក្រុមហ៊ុនណា ដែលរំលោភ ហើយអ្នកដែលមានសិទ្ធិក្នុងការដោះស្រាយជូនពួកគាត់។ បើសិនខាងអាជ្ញាធរគាត់ថា បានដោះស្រាយ បើសិនជាគាត់បានដោះស្រាយ ប្រហែលប្រជាពលរដ្ឋ គាត់មិនប្ដឹងទៅដល់ក្រៅប្រទេសទេ»។

ក្រុមហ៊ុនមីត្រផល ដែលរួមមានក្រុមហ៊ុនដៃគូចំនួន៣ គឺក្រុមហ៊ុនអង្គរស៊ូហ្គឺ (Angkor Sugar) ទន្លេស៊ូហ្គឺខេន (Tonle Sugar) និងខេន និងស៊ូហ្គឺវ៉ាលី​ (Cane and Sugar Valley) បានទទួលសិទ្ធិលើដីសម្បទានសេដ្ឋកិច្ចចំនួន៣កន្លែង ក្នុងស្រុកសំរោង ស្រុកចុងកាល់ ខេត្ដឧត្តរមានជ័យ ដែលមានផ្ទៃដីទំហំជិត ២ម៉ឺនហិកតា ហើយជម្លោះបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ក៏ចាប់ផ្ដើមកើតមានឡើងនៅឆ្នាំ២០០៩។

ប៉ុន្ដែ ក្រុមហ៊ុននេះ បានបោះបង់ដីសម្បទាននៅឆ្នាំ២០១៥ បន្ទាប់ពីពលរដ្ឋបានដាក់ពាក្យបណ្ដឹងនៅគណៈកម្មាធិការសិទ្ធិមនុស្សថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ