ជប៉ុនផ្ដល់លុយ​៧ពាន់លាន​ដុល្លារ​សម្រាប់​ជួយ​ការ​អភិវឌ្ឍក្នុង​​ប្រទេស​តំបន់​ទន្លេ​មេគង្គ

(រូបភាពពី Reuters)

រដ្ឋមន្ត្រីការបរទេសជប៉ុនប្រកាសកាលពីថ្ងៃចន្ទថា ជប៉ុនចង់ធ្វើការជាមួយបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ និងជួយពួកគេធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងជំរុញការអភិវឌ្ឍជាមួយនឹងទឹកប្រាក់ជំនួយ៧៥០ពាន់លានយ៉េន (៧ពាន់លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំ។

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានធ្វើការសន្យាជួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បែបនេះនៅក្នុងរាជធានីបាងកកប្រទេសថៃដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ដែលចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ។

លោក Kishida បានថ្លែងនៅក្នុងសន្ទរកថាកាលពីថ្ងៃចន្ទថា៖ “ប្រទេសជប៉ុនចង់ធ្វើការជាមួយបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គដើម្បីបង្កើតក្របខណ្ឌសម្រាប់គាំទ្រការខិតខំរបស់ប្រទេសទន្លេមេគង្គនៅក្នុងលក្ខណៈលម្អិតមួយនៅលើមូលដ្ឋានតំបន់ជាមួយតំបន់ឬនៅលើមូលដ្ឋានប្រធានបទដោយប្រធានបទ”។

ប្រទេសជប៉ុនបានប្រកាសពីផែនការផែនការអភិវឌ្ឍប្រទេសតំបន់ទន្លេក្នុងរយៈពេលបីឆ្នាំនេះកាលពីឆ្នាំមុន។ តំបន់ទន្លេមេគង្គនេះត្រូវគេមើលឃើញថា ជាតំបន់ដែលប្រទេសជប៉ុននិងចិនកំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពល។

ប្រទេសចិនបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍តាមរយៈកម្មវិធីជំនួយរបស់រដ្ឋាភិបាលនិងហេដ្ឋារចនាសម្ព័ន្ធ។

ទោះយ៉ាងណា រដ្ឋមន្ត្រីកាបរទេសជប៉ុនលោក Kishida មិនបាននិយាយពីចិននោះទេនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃចន្ទ។ លោកក៏នឹងត្រូវទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាមផងដែរ។

កាលពីថ្ងៃចន្ទ លោក Kishida ក៏បានជួបនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលបានដឹកនាំរដ្ឋាភិបាលយោធាចាប់តាំងពីកងទ័ពបានធ្វើរដ្ឋប្រហារយកអំណាចកាលពីខែឧសភាឆ្នាំ២០១៤។ ប្រទេសថៃបានខិតចូលកាន់តែជិតទៅប្រទេសចិនចាប់តាំងរដ្ឋប្រហារដែលប្រទេសលោកខាងលិចបានរិះគន់នេះមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ