អង្គការតម្លាភាពអន្តរជាតិរិះគន់ចំណាត់ការ​ACUលើ​មន្រ្តីការពារសិទ្ធិមនុស្ស​

ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

អង្គការតម្លាភាពអន្តរជាតិបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិ ដោយថាអង្គភាព”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។

មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ពួកត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃចន្ទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២ខែឧសភាពីទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់  អង្គការតម្លាភាពអន្តរជាតិបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវការយាយីទៅលើសង្គមស៊ីវិល។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ “ពួកគេត្រូវបានបញ្ជូនទៅតុលាការនិងរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ជុំវិញករណីមួយដែលទទួលរងឥទ្ធិពលនយោបាយយ៉ាងធ្ងន់ធ្ងរ”

លោកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova)អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ អង្គការតម្លាភាពអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវការជ្រៀតជ្រែកផ្នែកនយោបាយនិងការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សនិងអ្នកប្រឆាំងអំពើពុករលួយ”។ លោកស្រីបន្ថែមថា៖ “អង្គភាពប្រឆាំងអំពើពុករលួយមិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ។ ការអនុវត្តបែបនេះបញ្ជូននូវសារអវិជ្ជមានទៅកាន់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋនៅទូទាំងពិភពលោកផងដែរ។ សង្គមស៊ីវិលត្រូវការការការពារដើម្បីឲ្យពួកគេអាចបំពេញការងារក្នុងការជួយគាំពារប្រជាពលរដ្ឋ

អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងទៀតថាការបង្ក្រាបលើសង្គមស៊ីវិលចុងក្រោយនេះកើតឡើងស្របពេលនឹងការដាក់ចេញនូវច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល”ដ៏រឹតត្បិតមួយ”។ អង្គការតម្លាភាពបន្តថាអង្គការសង្គមស៊ីវិលចាំបាច់ត្រូវតែទទួលបាននូវសេរីភាពក្នុងការអនុវត្តការងារ ដោយមិនព្រួយបារម្ភអំពីការវាយបក សងសឹកផ្សេងៗនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីប្រធានACU លោក ឱម យ៉ិនទៀង បាននៅឡើយទេ។ ទោះជាយ៉ាងណា កន្លងទៅ លោកធ្លាប់បញ្ជាក់ថាការសម្រេចឃុំឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងមន្រ្តីគ.ជ.ប ដោយសារចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយភស្តុតាងដែលអង្គភាពមាននិងចម្លើយសារភាពរបស់អ្នកផ្សេងទៀត។

កាលពីថ្ងៃចន្ទ ក្រុមសហគមន៍និងអង្គការសមាគមប្រមាណ៦០បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការសោកស្តាយចំពោះការចោទប្រកាន់របស់តុលាការលើមន្រ្តីអាដហុកនិងមន្រ្តីគ.ជ.ប ពីបទល្មើសសូកប៉ាន់និងសមគំនិត ដោយលើកឡើងថាសមាគមអាដហុកផ្តល់លុយជាង២០០ដុល្លារដល់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាគោលការណ៍របស់អង្គការ មិនពាក់ព័ន្ធនឹងការសូកប៉ាន់នោះទេ។

សមាគមអាដហុកធ្លាប់បញ្ជាក់ថាខ្លួនបានផ្តល់លុយចំនួន២០៤ដុល្លារដល់កញ្ញាស្រីមុំ នៅពេលនាងបានមកពឹងសមាគមឲ្យជួយផ្តល់សេវាផ្លូវច្បាប់ដល់នាង ខណៈនាងបានបដិសេធថាមិនមានទំនាក់ទំនងសេ្នហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងបដិសេធថាសំឡេងក្នុងខ្សែអាត់ដែលបែកធ្លាយ មិនមែនជាសំឡេងរបស់នាងនោះទេ។

រហូតមកដល់ពេលនេះ តុលាការមិនទាន់ទម្លាយថាតើការចោទប្រកាន់ពីការសូកប៉ាន់នោះក្នុងទំហំលុយប៉ុន្មាននិងហេតុអ្វីបានករណីនេះត្រូវបានចាត់ទុកថាជាការសូកប៉ាន់។

អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាស្រីមុំ បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

សង្គមស៊ីវិលបានបញ្ជាក់ថាលិខិតចំហនេះត្រូវបានដាក់ក្រោយពេលដែលអ្នកនាងកំពុងត្រូវបានសាកសួរដោយនគរបាលប្រឆាំងភេរវកម្មនិងព្រះរាជអាជ្ញាអំពីទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិនិងក្រោយពេលដែលអង្គការអាដហុកបានឆ្លើយតបនឹងសំណើរសុំជំនួយផ្នែកច្បាប់និងផ្នែកសម្ភារៈរបស់កញ្ញា។ អង្គការបញ្ជាក់ថា៖ “នៅក្នុងបរិបទនៃការជួយបែបនេះ អង្គការអាដហុកក៏បានផ្តល់ថវិកាដល់ស្រីមុំចំនួន២០៤ដុល្លារអាមេរិកសម្រាប់ការចាយវាយថ្លៃអាហារនិងថ្លៃធ្វើដំណើរ ដែលរួមទាំងការធ្វើដំណើរទៅចូលរួមឆ្លើយសំណួររបស់អាជ្ញាធរតុលាការផងដែរ។ ការផ្តល់ទឹកប្រាក់បន្តិចបន្តួចស្របតាមគោលការណ៍អង្គការទាំងនេះដល់អតិថិជនគឺសម្រាប់ការចំណាយជាមូលដ្ឋាននានា ឥឡូវនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទថាជាអំពើសូកប៉ាន់ និងពុករលួយទៅវិញ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ