អ្នកមានជម្លោះដីធ្លីនៅជ្រោយចង្វារស្នើអាជ្ញាធរបើកវេទិកាសាធារណៈរកដំណោះស្រាយ

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅខណ្ឌជ្រោយចង្វារ

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វារទាមទារឲ្យភាគីពាក់ព័ន្ធចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដីរបស់ពួកគេ ខណៈពលរដ្ឋមិនទទួលយកការផ្តល់សំណងរបស់សាលារាជធានីភ្នំពេញ។

តំណាងពលរដ្ឋប្រមាណ៤០នាក់  នៅថ្ងៃនេះបាននាំគ្នាដាក់ញត្តិទៅសាលាខណ្ឌជ្រោយចង្វារ ដោយស្នើសុំឲ្យអាជ្ញាធរខណ្ឌបើកវេទិកាសាធារណៈមួយឲ្យមានការចូលរួម រវាងពលរដ្ឋ តំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធក្នុងស្វែងរកដំណោះស្រាយសមរម្យ សម្រាប់ទាំងគ្នា។

លោក ជា សុផាត អះអាងថា ជាតំណាងពលរដ្ឋប្រាប់អ្នកសារព័ត៌មានថាកន្លងមកសាលារាជធានីភ្នំពេញបានដោះស្រយប៉ះពាល់តាមគោលនយោបាយ ដោយសម្រេចឲ្យពលរដ្ឋទទួល យកសំណងត្រឹមតែ១០%នៃផ្ទៃដីខ្លួនកាន់កាប់ ហើយសាលារាជធានីភ្នំពេញយក៥០% និងក្រុមហ៊ុនទទួល៤០%  ដែលដំណោះស្រាយនេះ លោកថា ពួកគាត់មិនអាចទទួលយកបានឡើយ ដោយថាដំណោះស្រាយនោះមិនមានតម្លាភាព។

លោកបន្តថា អ្វីដែលពលរដ្ឋទាមទារនោះ គឺសុំឲ្យរដ្ឋាភិបាលឃ្វៀលជាស្បែកខ្លាសម្រាប់ដីលំនៅឋាន និងសម្រាប់ដីស្រែចំការសុំសំណង៥០%នៃដីដែលខ្លួនកាន់កាប់ ហើយបើទិញលក់ត្រូវគិតតាមតម្លៃទីផ្សារ។

លោកបន្ថែមថា «សូមលោកមេតាបើវេទិកាសាធារណៈមួយដើម្បីអញ្ចើញអស់លោកដែលពាក់ ព័ន្ធទាំងប៉ុន្មានហ្នឹង ទាំងក្រុមហ៊ុន សាលាក្រុង និងអ្នកណាក៍ដោយដែលពាក់ព័ន្ធជាមួយដីធ្លី នៅតំបន់ជ្រោយចង្វារមិនបានស្រាយមកជជែកគ្នាលំអិត រកខុសនិងត្រូវ រកច្រកចេញមើលកុំ ឲ្យពួកខ្ញុំវេទនាពេកដោយសារតែដីរបស់ខ្លួនឯងត្រូវបានគេបំពានយកហើយគេថាស្រាយរលូន ទៅវិញ រលូនយ៉ាងម៉េចបើអត់ដោះស្រាយឲ្យពួកខ្ញុំផង ដោះស្រាយឲ្យ១០%តាមគោលនយោ បាយរបស់សាលារាជធានីភ្នំពេញ សួរបើដីលោក ដីរបស់ម៉ែឪរបស់អស់លោកតើទទួលយក ទេ១០%ហ្នឹង»។

អភិបាលរងខណ្ឌជ្រោយចង្វារលោក ហ៊ុយ សារ៉ុន បានទទួលញត្តិពីពលរដ្ឋប៉ុន្តែលោកមិន សន្យាថានឹងរៀបចំវេទិកាសាធារណៈឬក៍អត់នោះទេ។ តែទោះបីជាយ៉ាងណាលោកថាលោក នឹងរាយកាណ៍ព័ត៌មាននេះទៅសាលារាជធានីភ្នំពេញធ្វើការពិចារណា និងសម្រេច។

លោកបន្ថែមថា «ក្រោយពីទទួលញត្តិបងប្អូនយើងពាក់ព័ន្ធដីធ្លីនេះ ខ្ញុំនឹងធ្វើរបាយការណ៍រាយ ការណ៍ជូនសាលារាជធានីភ្នំពេញដើម្បីបានជ្រាប។សម្រាប់វេទិកាសាធារណៈខ្ញុំអត់ទាន់បាន ដឹងទេព្រោះអីអាហ្នឹងអាស្រ័យលើថ្នាក់ទឹកនាំ»។

ក្រុមពលរដ្ឋអះអាងថា ពួកគេជាង១០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន (OCIC) តាំងពីឆ្នាំ២០១១ចាប់ពីតាំងក្រុមហ៊ុននោះ ទទួ​ល​​​បា​​នសិទ្ធិវិនិ​យោគ​ធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារ។ ពលរដ្ឋបានតវ៉ាតាំងពីពេលនោះរហូតមក ដោយទាមទារឲ្យរដ្ឋាភិបាលឃ្វៀលជាស្បែកខ្លាសម្រាប់ដីលំនៅឋាន សម្រាប់ដីស្រែចំការសុំសំណង៥០%នៃដីដែលខ្លួនកាន់កាប់ ហើយបើទិញលក់ត្រូវគិតតាមតម្លៃទីផ្សារ។

គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋទាំងនោះធ្លាប់រកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋដូចជារដ្ឋសភា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យលោកនាយករដ្ឋ និងក្រសួងរៀបចំដែនដីជាដើម ប៉ុន្តែរហូតមក ដល់ពេលនេះនៅតែមិនមានដំណោះស្រាយដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ