រដ្ឋាភិបាល៖ ការ​គាប​សង្កត់​សេរីភាព​សារព័ត៌មានមិន​គ្រោះ​ថ្នាក់​ដូច​ព័ត៌មាន​មិន​ពិត

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីពេលកន្លងទៅ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​បង្ហាញក្តី​បារម្ភ​របស់​ខ្លួន​ថា​ សេរីភាព​សារព័ត៌មាន​ដែល​ច្រើន​លើស​លប់​ពេក​អាច​បណ្តាល​ឲ្យ​មាន​ព័ត៌មាន​មិន​ពិត​ច្រើន​ ដោយ​ថាពេល​ខ្លះ​ការ​​រិត​ត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​គឺវា​មិន​គ្រោះ​ថ្នាក់ ដូច​ព័ត៌មាន​មិន​ពិតដែល​បាន​ផ្សាយ​ចេញ​នោះ​ទេ។

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បាន​សំដែង​ក្តីបារម្ភ​របស់​ខ្លួន​នៅព្រឹក​ថ្ងៃ​ទី​៣ ឧសភា ចំ​ទិវា​សិទ្ធិ​​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៧​នេះ​ថា កាលណា​សេរីភាពសារព័ត៌មាន​ច្រើន​លើស​លប់​ពេក​អាចបណ្តាលឲ្យ​មានព័ត៌មាន​មិន​ពិត​ច្រើន​ចូល​លាយ​ឡំ ដែល​ចូល​មក​​បំផ្លាញ​ការ​គិត​របស់​ប្រជា​ពល​រដ្ឋ ហើយ​ធ្វើ​ឲ្យពល​រដ្ឋ​​មួយ​ចំនួន​គិត​ថា​អ្នកសារព័ត៌មាន​គឺ​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ទាំងអស់ ដែល​​លោក​ថា​នៅពេល​នោះ​ហើយ​សំណេរ​របស់​អ្នក​សារព័ត៌មា​ន​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ ហើយ​សង្គម​នឹង​កើត​មាន​បញ្ហា​ជាច្រើន។

លោក​ថា៖ «ដូច្នេះ​បន្តិច​ម្តងៗ​ អ្នក​កាសែត​យើង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់ យើ​ង​និយាយ​ស្អីគឺគេ​លែង​ជឿរ​។ អញ្ចឹង​គេ​យក​តែ​ក្រុម​គ្នា​គេ​មក​និយាយតែ​រឿង​ខ្លី​ៗធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ព្រៀត! នេះ​ជា​ការ​បារម្ភ​របស់​ខ្ញុំ​ច្រើន​ជាការ​គៀប​សង្កត់ លើ​សេរីភាព​សារព័ត៌មាន ហើយ​វា​គ្រោះ​ថ្នាក់​ជា​ការ​គំរាម​កំហែង​លើ​អាយុជិវិត​អ្នក​ការ​សែត​ទៅ​ទៀត ពីព្រោះ​នៅ​ពេល​ណា​អ្នក​កាសែត​បាត់​សំឡេង​ហើយ​ ពេល​នោះ​សង្គម​មួយនោះ​នឹង​ប្រែ​ប្រួល​ច្រើន​ណាស់ ក្រឡាប់​ចាក់​ច្រើន​ណាស់»។

លោក​បាន​​ជម្រុញ​ទៅ​ដល់​ស្ថាប័នពាក់​ព័ន្ធ​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ទាំង​អស់​គិតពី​បញ្ហា​នេះឡើង​វិញ និង​ចូលរួម​ក្នុង​ការលុប​បំបាត់​ព័ត៌មាន​ណា​ដែល​មិន​ពិត​ទាំង​អស់​នេះ​ចេញ។

មន្ត្រី​គម្រោង​ថ្នាក់​ជាតិរបស់​អង្គការ​យូណេស្កូលោក ឆាយ សុផល ថានៅពេល​ដែល​សង្គម​មួយ​មាន​សេរីភាព​សារព័ត៌មាន​ច្រើន និងឆាប់​ទៅ​ដល់​ពល​រដ្ឋពេក​​​ ព័ត៌មាន​មិន​ពិត​អាច​ជ្រៀត​ចូល​ទៅ​បំផ្លាញ​ការ​គិត​ពលរ​ដ្ឋ​បាន ហើយ​ការ​ចែក​ចាយ​បន្តនូវ​ព័ត៌មាន​មិន​ពិត​នេះ​វាជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ដដែល​ទទួល​ព័ត៌មាន​ទាំង​នេះ និង​សង្គម​ផង​ដែរ។

លោកថា៖ «អញ្ចឹង​នៅពេលព័ត៌មាន​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម វា​ធ្វើ​ឲ្យ​លឿន​យក​តែ​មែន​ទែន​ហើយ​ប្រជាពល​រដ្ឋ​​មួយ​ចំនួន​ដែល​យើង​ដឹង​ហើយ គាត់​មិន​បាន​ដឹង​ថា​ព័ត៌មាន​នោះ​មក​ពី​ប្រភព​ណា គឺ​ធ្វើ​ឲ្យ​គាត់​ជឿ​ឆាប់​ជឿ​ដូច្នេះ​នៅពេល​ដែល​គាត់​ឆាប់​ជឿ គាត់​នឹង​ចែក​បន្ត​ទៅ​ទៀត​មិន​ដឹង​ថា​នេះ​ពិតឬ​មិន​ពិត​ នេះ​ជា​ចំណុច​អវិជ្ជមានសម្បើមណាស់។ ហើយ​សម្រាប់​យើង​ជា​អ្នក​សារព័ត៌មាន​អាជីព វា​ជា​ចំណុចល្អ​ដែល​នៅពេល​ដែល​ដំណឹង​នោះ​ទទួល​បាន​ភ្លាម​អញ្ចឹង​យើង​គួរ​តែ​ទទួល​បាន​នូវ​ដំណឹងនោះ ដូច​ជា​ប្រភព​យើង​មួយ​អញ្ចឹង​ ប្រសិន​ជា​យើង​ធ្វើ​ការ​តាម​ដាន ប្រសិន​បើ​វាមិន​ពិត​យើង​ក៏​ផ្សាយ​ថា​វា​មិន​ពិត​ ហើយ​បើ​ពិត​យើង​គួរ​ផ្សាយ​តាម​ជំនាញ​របស់​យើង»។ ​​​​

តំណាង​ឲ្យ​ប្រទេស​ដែល​មាន​ច្បាប់​ស្តីពី​សេរីភាព​​សារព័ត៌មានជាង​២៥០​ឆ្នាំ​មក​ហើយ និងជា​ប្រទេស​ដែល​ជាប់​លេខ​ពីរ​លើ​ការ​វាយ​តម្លៃ​ពី​សេរីភាព​សារព័ត៌មាន​ពិភព​លោកឆ្នាំ​២០១៧ ឯក​អគ្គរដ្ឋ​ទូ​ត​ប្រទេស​​​​ស៊ុយ​អែត​​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី ម៉េរី សារជេន (Maria Sargren) មានប្រសាសន៍​ថា​ប្រទេស​អ្នក​ស្រី​ឲ្យ​តម្លៃ​ទៅ​លើ​សេរីភាព​នៃ​សារព័ត៌មាន ហើយ​ក៏​ដោយ​សារ​សារព័ត៌មាននេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រទេស​អ្នក​ស្រី​រីក​ចំរើន​ដូច​សព្វ​ថ្ងៃ។ ដោយ​ឡែក​សម្រាប់​ប្រទេស​​កម្ពុជា​វិញ​​លោ​​កស្រី​មើល​ឃើញ​ថា​ ខណៈដែល​ការ​ផ្សព្វផ្សាយ​តា​ម​ប្រព័ន្ធ​អ៊ិ​ន​ធើណែ​ត​នៅ​ប្រទេស​​នេះ​មាន​ការ​រីកចំរើន​នោះ លោ​ក​ស្រី​ឃើញ​ថាគួរតែ​មាន​ការ​លើក​ទឹក​ចិត្តបន្ថែម​ តែលោក​ស្រី​​ថា​ត្រូវ​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់ និង​ក្រម​សីល​ធម៌។

តាមរយៈអ្នក​បកប្រែលោកស្រីថា៖ «ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​កាន់​តែច្រើន​ឡើង​អាច​បញ្ចេញ​នូវ​គំនិត​របស់ខ្លួន ដូច្នេះ​ទំនង​យើង​នឹង​អាច​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ប្រជា​ពល​រដ្ឋ​ធម្មតា បន្ថែម​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំខាង​មុខ​នេះ នេះ​គឺ​ជា​និន្នាការ​ដែល​ផ្តល់​ឲ្យការ​រាយការណ៍ព័ត៌មាន​នេះ កាន់តែទៅគៀក​ទៅ​នឹង​អ្នក​ដែល​រង​ផល​ប៉ះពាល់ ក៏​ដូច​ជា​បង្កើន​នូវ​បរិយាកាស​ប្រជា​ធិបតេយ្យ​ច្រើន​ជា​ង​មុន ក៏​ប៉ុន្តែ​ច្បាប់​(កម្ពុជា​) នៅ​មិន​ទាន់​តាម​ទាន់​យន្ត​ការ​នេះ​ឡើយ ដូច្នេះ​ហើយ​ទើប​កើត​មាន​ការ​ញុះ​ញង់​តាម​អ៊ិន​ធើ​ណែត។ … ក៏​ប៉ុន្តែ​មា​ន​ចំណុច​សំខាន់​មួយ​ដែល​អ្នក​សារព័ត៌មាន​មិន​ថា​ពួកគេ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយ​ណា​នោះ​ទេគឺ​ថា​ពួកគេ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ត្រឹម​ត្រូវ រាយការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ និង​រាយការណ៍​ឲ្យ​មាន​តុល្យភាព»។

របាយការណ៍​របស់​អង្គការ​អ្នក​កាសែតគ្មានព្រំដែនបាន​ឲ្យ​ដឹង​ថា​សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣២ លើ១៨០ ដែល​ចំណាត់​នេះ​បើ​ធៀប​ទៅ​នឹង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​។

ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​នេះ​មាន ប្រទេស​ ណែវេស ស៊ុយ​អែត និង​ហ្វាំងឡង់ ខណៈប្រទេស​ដែល​ជាប់ចំណាត់​ថ្នាក់​ក្រោម​គេ​បង្អស់​គឺ​ប្រទេស​កូរ៉េខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ