រដ្ឋាភិបាល៖ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការអប់រំប្រជាពលរដ្ឋ

លោក ហ៊ុន សែន កាលពីពេលកន្លងទៅ (រូបភាព Reuters)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកអ្នកសារព័ត៌មានថា មានតួនាទីសំខាន់ក្នុងការអប់រំប្រជាពលរដ្ឋ។ លោកលើកឡើងបែបនេះក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០១៧។

សារលិខិតចុះកាលបរិច្ឆេទតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានសកលលោក ខួបលើកទី១៦ ដែលគេកំពុងប្រារព្ធនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា «អ្នកសារព័ត៌មាន និងពិធីករ-ពិធីការិនីវិទ្យុទូរសទស្សន៍ ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីច្បាប់ សីលធម៌សង្គម វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន សុខភាព អំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សានៅក្នុងសង្គម ការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាសំខាន់បំផុតដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់»

លោកក៏បានលើកឡើងដែរពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ក្នុងការផ្យព្វផ្សាយព័ត៌មានអំពីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ។ លោកស្នើឲ្យអ្នកសារព័ត៌មានប្រកាន់យកភាពអព្យាក្រិត្យនិងគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឲ្យបរិយាកាសនយោបាយ និងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា ប្រកបដោយភាពត្រឹមត្រូវ សេរី យុត្តិធម៌ ហើយលទ្ធផលបោះឆ្នោតអាចទទួលយកបាន។

សារលិខិតបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គភាពសារព័ត៌មានជាតិនិងបរទេស រាប់ទាំងនិន្នាការគាំទ្រនិងប្រឆាំង មានចំនួន៥៣០អង្គភាពនៅកម្ពុជា។

ទោះជាយ៉ាងណា របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនថាសេរីភាពសារព័ត៌​មាននៅកម្ពុជា ថយចុះ៤ចំណាត់ថ្នាក់ មកលេខ១៣២នៅឆ្នាំ២០១៧នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ