​លិខិតមិត្តអ្នកអាន៖ មាន​មេ​រៀន​អ្វី​ខ្លះ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​អាច​រៀន​បាន​ពី​បាតុកម្ម​ឆ្នាំ​២០១៣?

បាតុកម្ម​របស់គណបក្ស​សង្រ្គោះជាតិ​នៅទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា ឆ្នាំ​២០១៣

បើបាតុកម្មពុំមែនជាដំណោះស្រាយ ហេតុអ្វីពេលទាល់ច្រក គណបក្សសង្គ្រោះជាតិតែងត្រឡប់ទៅរកវិធីនេះ មិនបែរទៅរកវប្បធម៌សន្ទនាជាអាទិភាព? បច្ចុប្បន្ន បក្សប្រឆាំងហាក់ឋិតនៅក្នុងស្ថានភាពដូចកាលក្រោយការបោះឆ្នោតឆ្នាំ២០១៣ដូច្នោះដែរ ពោលគឺបាតុកម្មគឺជាជម្រើសចុងក្រោយ មធ្យោបាយដែលដើរតាមយន្តការស្ថាប័នមិនអាចទៅរួចទេ ព្រោះបក្សកាន់អំណាចត្រួតត្រាស្ថាប័នរដ្ឋទាំងស្រុង។ ទោះមតិសាធារណៈនិងអ្នកវិភាគខ្លះហាក់ឱ្យតម្លៃលើការចរចាជាងបាតុកម្ម មើលឃើញថាបាតុកម្មជាវិធីអប្រសិទ្ធភាពក៏ដោយ ក៏ពុំអាចកែប្រែការពិតមួយដែលថា បាតុកម្មឆ្នាំ២០១៣ របស់បក្សប្រឆាំងមានកំហុសឆ្គងផ្នែកតាក់ទិចយ៉ាងច្រើន ដែលនាំឱ្យបាតុកម្មបរាជ័យ មិនមែនបាតុកម្មជាតាក់ទិចបរាជ័យដោយឯកឯងទេ។ យើងនឹងលើកយកមេរៀនដែលបានមកពីបទពិសោធបាតុកម្មកាលនោះមកបង្ហាញដូចខាងក្រោម៖

ក. ខ្វះផែនការយុទ្ធសាស្ត្រ

បក្សប្រឆាំងមានបទពិសោធខាងរៀបចំបាតុកម្ម ដឹកនាំពលរដ្ឋធ្វើបាតុកម្មជាច្រើនដង បាតុកម្មទ្រង់ទ្រោយធំធ្លាប់កើតមាននៅឆ្នាំ១៩៩៨ម្តងហើយ ដឹកនាំដោយលោក សម រង្ស៊ី ដូច្នេះហើយទើបអ្នកនិពន្ធសៀវភៅ «កម្ពុជារបស់ ហ៊ុន សែន» ទំ. ២៦៣ លោក Sebastian Strangio យល់ថា «បក្សប្រឆាំងពូកែខាងរៀបចំបាតុកម្មតាមផ្លូវ»។ ទោះបីយ៉ាងណា បើលោក Strangio ពិតជានិយាយត្រូវមែន ម្ល៉េះសមមហាបាតុកម្ម៩៨និង២០១៣បានជោគជ័យបាត់ទៅហើយ។ កំហុសឆ្គងធំបំផុតមួយនៃបាតុកម្មរបស់បក្សប្រឆាំងគឺខ្វះខាតផែនការយុទ្ធសាស្ត្ររយៈពេលវែង។ លោក កែម ឡី បានហៅរបៀបធ្វើនយោបាយរបស់បក្សប្រឆាំងថានយោបាយអង្ករកំប៉ុង ពោលគឺហូបមួយគិតថ្ងៃមួយ មិនគិតពីរបីថ្ងៃឬមួយខែថាត្រូវធ្វើអ្វីទុកមុននោះទេ។ ក្រឡេកមកមើលខាងបក្សកាន់អំណាចវិញ លោក Benny Vidyono នៅក្នុងស្នាដៃ«សាក្សីប្រវត្តិសាស្ត្រ» បានអះអាងថា«ជោគជ័យរបស់លោក ហ៊ុន សែន គួរតែត្រូវបានឃើញតាមរយៈការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ការព្យាយាមមានទីប្រឹក្សាល្អៗនិងភាពប៉ិនប្រសប់ខាងប្រើល្បិចកលដែលអាចធ្វើឱ្យគាត់ដើរពីរបីជំហានមុនគូបដិបក្ខរបស់ខ្លួនជានិច្ច»។  តាមរយៈរបាយការណ៍របស់សង្គមស៊ីវិលជាតិអន្តរជាតិ បក្សប្រឆាំងបានដឹងមុនពីភាពមិនប្រក្រតីនៅមុនការបោះឆ្នោត២០១៣និងភាពមិនឯករាជ្យនៃស្ថាប័នបោះឆ្នោតទៅហើយ ប៉ុន្តែមិនធ្វើពហិកាការបោះឆ្នោតដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតបាត់បង់សេចក្តីទុកចិត្តពីពលរដ្ឋ បែរជានៅតែចូលរួមការបោះឆ្នោតផ្តល់ទំនុកចិត្តឱ្យស្ថាប័ននោះ (បើមិនទុកចិត្ត ហេតុអ្វីចូលរួមការបោះឆ្នោត?) ពោលគឺបក្សប្រឆាំងជួយឱ្យផែនការលួចបន្លំសន្លឹកឆ្នោតរបស់បក្សកាន់អំណាចដើរទៅមុខយ៉ាងរលូនដោយមិនដឹងខ្លួន។ ផ្ទុយពីបក្សប្រឆាំង បក្សកាន់អំណាចធ្វើនយោបាយអង្ករច្រកប៉ាវ ដោយត្រៀមផែនការសកម្មភាពច្រើនទុកសម្រាប់ទប់ទល់នឹងបក្សប្រឆាំង។ ឧ. ដំបូងរៀបការបោះឆ្នោតបង្គ្រប់កិច្ច, បដិសេធភាពមិនប្រក្រតី, អូសក្រលានីតិវិធីដោះស្រាយជម្លោះក្រោយបោះឆ្នោតរហូតបិទបញ្ចប់, បង្ក្រាបការតវ៉ាលទ្ធផលឆ្នោត, ដាក់សម្ពាធនយោបាយនិងសេដ្ឋកិច្ចបង្ខំឱ្យបក្សប្រឆាំងចូលសភាហើយធ្វើឱ្យសភាគ្មានអំណាច បក្សប្រឆាំងគ្មានឥទ្ធិពលក្នុងសភា, អនុម័តច្បាប់បោះឆ្នោតថ្មី កែមាត្រា បិទផ្លូវតវ៉ាការបោះឆ្នោតឆ្នាំ២០១៨ មិនឱ្យបក្សប្រឆាំងធ្វើពហិការម្តងទៀត បើធ្វើនឹងបាត់បង់កៅអីក្នុងសភារបស់ខ្លួន, ផាកពិន័យអ្នករិះគន់ដំណើរការបោះឆ្នោត, បើកដៃយោធាចូលគណបក្សនយោបាយ(ចូលបានតែបក្សកាន់អំណាចប៉ុណ្ណោះ) ដើម្បីពង្រឹងភក្តីភាពទុកបង្ក្រាបការតវ៉ានៅក្រោយការបោះឆ្នោត២០១៨, ធ្វើឱ្យគ.ជ.ប.ថ្មីបាត់បង់ឯករាជ្យដោយដំឡើងអគ្គលេខាធិការចាស់សាជាថ្មី ចាប់ខ្លួនអគ្គលេខាធិការរងដែលមិនទោរទៅរកបក្សរបស់ខ្លួន ដៅមុខសញ្ញាលើសមាជិកគ.ជ.ប.ទាំងឡាយណាដែលមកពីបក្សប្រឆាំង, បង្កភាពមិនប្រក្រតីការបោះឆ្នោតឆ្នាំ២០១៨ យកសេណារីយ៉ូ២០១៣មកប្រើម្តងទៀត…ទាំងអស់នេះ បង្ហាញថាអំណះអំណាងរបស់លោក Vidyono អំពីពីរបីជំហានដើរមុនគូប្រជែងរបស់បក្សអំណាច មិនមែនចេះតែនិយាយទេ។

តាក់ទិចតែមួយគត់ដែលអាចប្រឆាំងនឹងយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចទាំងអម្បាលម៉ានខាងលើមានតែសកម្មភាពអហិង្សាប៉ុណ្ណោះ ដែលក្នុងនោះមានបាតុកម្មអហិង្សាដែរ ប៉ុន្តែបក្សកាន់ប្រឆាំងគ្មានជំនាញខាងធ្វើសកម្មភាពអហិង្សាឡើយ ដូច្នេះបរាជ័យនៃបាតុកម្មរបស់បក្សប្រឆាំងគឺជារឿងដែលងាយរំពឹងទុក។ សកម្មភាពអហិង្សា ដូចចលនាប្រដាប់អាវុធដែរ ទាមទារឱ្យមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដែលអ្នកយុទ្ធសាស្ត្រសង្គ្រាមអង្លេសBasil Liddell Hart ហៅថា យុទ្ធសាស្ត្រមេ (Grand Strategy) ពោលគឺជាយុទ្ធសាស្ត្រធំរយៈវែង តម្រូវឱ្យមានតាក់ទិចច្រើនសំបូរបែបនិងប្រើធនធានគ្រប់យ៉ាងដែលមានទាំងអស់ ដើម្បីសម្រេចគោលដៅធំរបស់ចលនា។ បាតុកម្មឆ្នាំ២០១៣ ជាក់ស្តែងណាស់ គឺខ្វះត្រង់ចំណុចនេះ ម្តងបក្សប្រឆាំងទាមទារសារើលទ្ធផលឆ្នោតដែលពួកគេថាមានភាពមិនប្រក្រតីកម្រិតធ្ងន់ ក្រោយមកទាមទារបោះឆ្នោតឡើងវិញ ចុងក្រោយពេលស្ថានការណ៍នយោបាយនៅប្រទេសថៃ បក្សប្រឆាំងទាមទារឱ្យលោកស្រី យីនឡាក់ នាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង បក្សប្រឆាំងនៅស្រុកខ្មែរក៏ទាមទារដូចគ្នា។ ការផ្លាស់ប្តូរគោលដៅឆាប់រហ័សធ្វើឱ្យបាតុកម្មធីងធោង មិនអាចផ្តោតធនធានទាំងអស់លើគោលដៅដាច់ណាត់មួយបាន។ ផែនការយុទ្ធសាស្ត្រមិនមែនត្រឹមតែការកំណត់គោលដៅទេ តែគឺវិធីធ្វើសកម្មភាពតូចៗ ជាដំណាក់ៗ សម្រេចគោលដៅតូចម្តងមួយៗ ដើម្បីទៅដល់គោលដៅធំ និងវិធីរក្សាបាននូវគោលដៅនីមួយៗមិនឱ្យត្រូវគូប្រជែងជំទាស់គោលដៅបាន។ បក្សប្រឆាំងគួរតែត្រៀមតាក់ទិចនិងយុទ្ធសាស្ត្រទប់ទល់ ពឹងលើខ្លួនឯង ពិសេសពេលរដ្ឋាភិបាលបើកការបង្ក្រាប ផ្ទុយទៅវិញ ពួកគេអាងសម្ពាធអន្តរជាតិថា រដ្ឋាភិបាលខ្លាចជាប់បណ្តឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទីបំផុតគ្មានអន្តរាគមន៍អ្វីទាំងអស់ ការបង្ក្រាបរបស់រដ្ឋាភិបាលលើបាតុកម្មក៏ទទួលបានជោគជ័យ។

ខ. ប្រើតាក់ទិចដោយគ្មានភាពច្នៃប្រតិដ្ឋនិងខ្វះការបណ្តុះបណ្តាលសកម្មជន

តាក់ទិចធ្វើសកម្មភាពអហិង្សាដែលបក្សប្រឆាំងធ្វើដំបូងបំផុតនៅក្រោយការបោះឆ្នោតនិងដើម្បីប្រឆាំងលទ្ធផលឆ្នោតគឺពហិការមិនចូលសភា ដែលបក្សនេះខ្លួនឯងមិនទាំងដឹងថាខ្លួនកំពុងធ្វើនេះជាសកម្មភាពអហិង្សាផង។ សកម្មភាពនេះប៉ះពាល់ដល់ភាពស្របច្បាប់របស់រដ្ឋាភិបាល ដូច្នេះហើយទើបពួកគេចេះតែចង់ឱ្យបក្សប្រឆាំងចូលសភារហូត មិនចង់ឱ្យធ្វើបាតុកម្មឡើយ ព្រោះគូប្រជែងណាក៏ដូចគ្នាដែរតែងចង់ឱ្យដៃគូម្ខាងទៀតធ្វើអ្វីដែលខ្លួនមានប្រៀប ចូលសភាព្រោះបក្សកាន់អំណាចមានសំឡេងគ្រប់៥០បូក១ មិនត្រូវការសំឡេងបង្គ្រប់ពីបក្សប្រឆាំងឡើយ តែបើបាតុកម្មវិញ ហួសដែនកំណត់របស់បក្សអំណាចដែលធ្លាប់មានប្រវត្តិយោធាចេញពីខ្មែរក្រហម មានជំនាញខាងសឹកសង្គ្រាមតែគ្មានជំនាញខាងទប់ទល់នឹងចលនាអហិង្សាទេ ទើបបណ្តោយបាតុកម្មរីកធំបាននាកាលនោះ។ រដ្ឋាភិបាលបានប្រព្រឹត្តកំហុសដ៏ធំមួយដោយផ្តល់ឱកាសឱ្យបក្សប្រឆាំងចាប់ផ្តើមចលនា ពង្រីកខ្លួនធំទៅៗ រហូតដល់ជិតមួយខែ ផ្ទុយទៅវិញ បក្សប្រឆាំងពុំចេះចាប់ឱកាសដ៏កម្រនេះសោះ ពួកគេបែរជាចំណាយពេលភាគច្រើនគិតតែពីរិះគន់រដ្ឋាភិបាលនៅពេលជួបជុំនឹងបាតុករ។ ការរិះគន់មិនមែនថាមិនឱ្យធ្វើទេ គ្រាន់តែថាគេមិនគួរចំណាយពេលច្រើនដល់ម្លឹងឡើយ អ្វីដែលចាំបាច់ចំពោះមុខគឺការបណ្តុះបណ្តាលនិងពង្រឹងវិន័យអហិង្សា ដែលអាចពង្រីកការយល់ដឹងអំពីវិធីធ្វើសកម្មភាពអហិង្សា បញ្ចៀសអំពើហិង្សាចេញបាតុកម្មខ្លួនឯង ទប់ទល់នឹងការបញ្ចូលជនបង្កប់មកញុះញង់ឱ្យមានអំពើហិង្សាពីរដ្ឋអំណាច ដំឡើងកំរិតនៃភាពក្រាញននៀលនឹងការបង្ក្រាបពីអាជ្ញាធរនិងបន្ថយភាពឆាប់បាក់ទឹកចិត្ត ប្រញាប់វាយតម្លៃថាបាតុកម្មអប្រសិទ្ធភាព។

ត្រឹមចាក់ខ្សែវីដេអូអំពីមហាត្មា គន្ធី ឱ្យបាតុករទស្សនាពិតជាពុំគ្រប់គ្រាន់ឡើយ គេត្រូវការគ្រូបង្គោលមកបង្វឹកបង្ហាត់បង្ហាញផ្ទាល់នៅនឹងកន្លែង។ បើចង់បានប្រសិទ្ធភាពខ្ពស់ គេត្រូវចែងកាលវិភាគ ចែកវគ្គបណ្តុះបណ្តាលទៅតាមប្រភេទអ្នកចូលរួម មានចំនួនតូចល្មមស្រួលបណ្តុះបណ្តាលតាមតួនាទី (សកម្មជនចូលរួមជាអចិន្តត្រៃយ៍, អ្នកស្មគ្រចូលរួមម្តងម្កាលធ្វើកិច្ចការជាក់លាក់ណាមួយ, អ្នកគាំទ្រចូលរួមសកម្មភាពផ្ទាល់ដូចជាធ្វើបាតុកម្ម, អ្នកចំណូលថ្មីដែលអាចចាត់ចូលជាប្រភេទណាមួយក្នុងចំណោមទាំងបី) នៅតាមទីស្នាក់ការបក្សនីមួយៗ។ អ្វីដែលបក្សប្រឆាំងធ្វើដើម្បីពង្រឹងវិន័យអហិង្សាគឺគ្រាន់តែអំពាវនាវមិនឱ្យប្រើហិង្សាប៉ុណ្ណោះ ហើយក៏ធ្វើឡើងក្នុងហេតុផលសីលធម៌ទៅទៀត។ អំពាវនាវគឺជាតាក់ទិចអប្រសិទ្ធភាពខ្លាំងណាស់ ដែលគេឧស្សាហ៍ឮជានិច្ចតាមសារព័ត៌មាន ប៉ុន្តែមិនដែលឃើញពីប្រសិទ្ធភាពនៃការអំពាវនាវឡើយ។ បាតុករមិនចេះតែអាចអត់ទ្រាំមិនប្រើហិង្សាតបតនោះទេ ពួកគេត្រូវការយល់ដឹងពីសារប្រយោជន៍នៃការមិនប្រើហិង្សា វិធីទប់កំហឹងខ្លួននិងបញ្ចៀសហិង្សាពីខាងអាជ្ញាធរ ពោលគឺវិធីឱ្យធ្វើឱ្យការបង្ក្រាបទទួលបានលទ្ធផលផ្ទុយពីការរំពឹងទុករបស់រដ្ឋអំណាច។ គ្មានអ្វីចម្លែកទេ បក្សប្រឆាំងខ្លួនឯងក៏ពុំបានយល់ដឹងច្បាស់ពីចំណុចទាំងអស់នេះដែរ តើឱ្យរំពឹងលើពួកគេថាអាចពន្យល់បាតុករដូចម្តេចកើត?

ការប្រគំតន្រី្តនៅក្នុងបាតុកម្មមានប្រយោជន៍ដើម្បីទាក់ទាញអ្នកចូលរួម បំបាត់ភាពភ័យខ្លាចនិងកំសាន្តអារម្មណ៍អ្នកចូលរួមកុំឱ្យធុញទ្រាន់ ប៉ុន្តែប្រើប្រៀបនឹងការបណ្តុះបណ្តាលបាតុករ វាឋិតក្នុងលំដាប់ថ្នាក់បន្ទាប់បន្សំប៉ុណ្ណោះ។ ចំណុចខ្សោយធំបំផុតខាងផ្នែកតាក់ទិចនៅក្នុងបាតុកម្មរបស់បក្សប្រឆាំងគឺប្រើតែវិធីប្រមូលផ្តុំនៅមួយកន្លែងដែលងាយស្រួលឱ្យអាជ្ញាធរបង្ក្រាបសរុបទាំងម្តង។ តាមពិតទៅ បក្សប្រឆាំងក៏បានដង្ហែក្បួនខ្លះដែរ ប៉ុន្តែជាស្នូលគឺនៅផ្តុំទីលានប្រជាធិបតេយ្យ។ គេកុំភ្លេចថា ចលនាប្រជាធិបតេយ្យនិស្សិតចិននៅឆ្នាំ១៩៨៩ ក៏ប្រើតែតាក់ទិចប្រមូលផ្តុំដូចគ្នាដែរ នៅទីលានធៀនអានមិនដែលបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរចិនក្នុងការបង្ក្រាបរង្គាល ឱ្យគួរស្តាយ បាតុកម្មរបស់បក្សប្រឆាំងប្រព្រឹត្តកំហុសដូចគ្នានេះ។ នៅពេលរដ្ឋាភិបាលចាប់ផ្តើមបង្ក្រាបកូដកម្មកម្មករនៅផ្លូវវ៉េងស្រេង បន្ទាប់មកដល់ទីលានប្រជាធិបតេយ្យ កំហុសមួយរបស់បក្សប្រឆាំងនាកាលនោះគឺប្រកាសឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់។ ឱ្យមែនទែនទៅ គ្មាននរណាអាចសម្ងំស្ងប់ស្ងាត់នៅក្នុងស្ថានភាពហិង្សាបែបនោះឡើយ កម្មករខ្លះខ្លាចរត់ទៅស្រុកកំណើត សាធារណជនខ្លះផ្ទុះកំហឹង, ជំរុញឱ្យពួកគេស្ងប់ស្ងាត់គឺជួយធ្វើឱ្យការបង្ក្រាបបំភ័យបាតុករបានយ៉ាងមានប្រសិទ្ធភាព និងមិនចេះទាញយកផលប្រយោជន៍ផ្នែកតាក់ទិចពីកំហឹងសាធារណជននៅពេលនោះ។

ក្នុងកាលៈទេសៈនោះ បើសំទុះប្រជាជនមិនត្រូវសម្រន់តែត្រូវបានបំផុសទៅវិញ បក្សប្រឆាំងប្រកាសធ្វើកូដកម្មទួទាំងប្រទេស ប្រើតាក់ទិចពង្រាយគ្នាលែងប្រមូលផ្តុំដើម្បីបំបែកមុខសញ្ញាច្រើនពិបាកបង្ក្រាប ដូចជា ស្នើឱ្យសហជីពប្រាប់កម្មករនៅតែបន្តកូដកម្មដោយមិនបាច់ផ្តុំគ្នា, សុំឱ្យសមាគមគ្រូបង្រៀនប្រកាសឱ្យគ្រូបង្រៀនធ្វើកូដកម្មមិនចូលបង្រៀន, បក្សប្រឆាំងខ្លួនឯងកៀងគរពលរដ្ឋឱ្យផ្អាកសកម្មភាពទាំងឡាយណាដែលធ្វើឱ្យស្ថាប័នរដ្ឋដើរ ដូចជា មិនបង់ពន្ធ, មិនប្រើសេវាសាធារណៈរបស់រដ្ឋ, មិនទិញទំនិញឬប្រើសេវាកម្មក្រុមហ៊ុនរដ្ឋដែលជិតស្និទ្ធនឹងរដ្ឋអំណាច, មិនទិញទំនិញនៅផ្សារទំនើបធំៗណាមួយដែលធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចគាំង, ឃាត់កូនឱ្យមិនទៅសាលារៀនរដ្ឋមួយរយៈ, ឱ្យព្រះសង្ឃចាកចេញពីវត្តអារាមមួយរយៈដើម្បីធ្វើឱ្យស្ថាប័នសាសនាគាំង…ទាំងអស់នេះនឹងធ្វើឱ្យការបង្ក្រាបអប្រសិទ្ធភាពនិងធ្វើរដ្ឋាភិបាលមិនអាចទ្រាំទ្របានយូរឡើយ បើអនុវត្តដោយ ៣,៥ភាគរយនៃប្រជាជនសរុប ពោលគឺ៥សែននាក់។

គួរឱ្យស្តាយ បក្សប្រឆាំងមិនចេះក្តាប់ឱកាស បែរជាបណ្តោយកូដកម្មកម្មករបរាជ័យ មិនជួយទំនុកបម្រុងច្រើនដល់សហជីពដែលជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន បានត្រឹមតែទៅជួបកម្មករក្រោយរងរបួសពីការបង្ក្រាបនៅមន្ទីរពេទ្យប៉ុណ្ណោះ។ បក្សប្រឆាំងអាចជួយបានច្រើនជាងនេះឆ្ងាយណាស់ ឧ. សេវាសុខាភិបាលនៅទីលានប្រជាធិបតេយ្យគួរតែចល័ត ដើម្បីអាចបត់បែនតាមសភាពការណ៍និងជួយកម្មករពេលអាសន្ន ប៉ុន្តែជាអកុសល កម្មករបានផ្ទុះកំហឹងប្រើហិង្សាបំផ្លាញពេទ្យឯកជនមួយ បើមានជំនួយនេះពីបក្សប្រឆាំងប្រហែលគ្មានករណីនេះកើតឡើងទេ។ ដូចគ្នាដែរ ពួកគេក៏អាចជួយបណ្តុះបណ្តាលកម្មករអំពីវិន័យអហិង្សាដូចធ្វើចំពោះបាតុកររបស់ខ្លួនដែរ តែដូចរៀបរាប់រួចហើយ ផ្នែកបណ្តុះបណ្តាល បក្សប្រឆាំងនៅមានចំណុចខ្វះខាត កម្មករក៏បាត់ជីវិត ព្រោះមិនអាចរក្សាវិន័យអហិង្សាបាន ទៅតបតនឹងភ្នាក់ងារបង្ក្រាបរបស់រដ្ឋអំណាច។

គ. ចរចាគឺចុះចាញ់

នៅពេលដែលបក្សប្រឆាំងបែរពីតាក់ទិចមានប្រៀបមកតាក់ទិចចាញ់ប្រៀប ពោលគឺពីបាតុកម្មមកចរចាចូលសភា បាតុកម្មបានបរាជ័យជាស្ថាពរ មានន័យថា បើពួកគេនៅតែបន្តបាតុកម្មនិងមិនចូលសភា ទោះចរចាក៏មានទម្ងន់ខ្លះដែរ ហើយនៅតែដាក់សម្ពាធឱ្យគូប្រជែងគោរពកិច្ចព្រមព្រៀងផង តែដល់ឈប់បាតុកម្មតែម្តងក្រោមលេសដដែលៗកាត់បន្ថយអំពើហិង្សា កិច្ចព្រៀមព្រៀងក៏ត្រូវបក្សកាន់អំណាចរំលោភដោយចំហរគ្មានភាពអៀនខ្មាស។ តាមពិតទៅមិនមែនអ្នកនៅក្នុងបក្សប្រឆាំងទាំងអស់សុទ្ធតែចង់ចូលសភាដូចលោក សម រង្ស៊ី នោះទេ ជាក់ស្តែង លោក កឹម សុខា មិនសប្បាយចិត្តនឹងកិច្ចព្រមព្រៀង ២២ កក្កដា ២០១៤ និងការចូលសភានៃបក្សរបស់ខ្លួនឡើយ ដែលលោកបានដឹងមុនថាក្រោយចូលសភា អ្វីទាំងអស់នឹងឋិតក្នុងកណ្តាប់ដៃរបស់នាយករដ្ឋមន្ត្រី។ ការចូលតុចរចាដោយមិនបើកចំហរទាំងដៃគូម្ខាងទៀតបានបង្ក្រាបដោយហិង្សាលើបាតុកម្មរបស់ខ្លួន ល្មមអាចធ្វើឱ្យបក្សប្រឆាំងដឹងថាបក្សកាន់អំណាចចូលចិត្តវាយមិនចូលចិត្តសន្ទនាទេ បើសិនសន្ទនា  នោះគេច្បាស់ជាសន្ទនាតែពេលណាមានប្រៀបលើដៃគូប៉ុណ្ណោះ ប៉ុន្តែបក្សប្រឆាំងនៅតែព្រមតាមកិច្ចព្រមព្រៀងដែលផ្តល់ប្រយោជន៍យ៉ាងច្រើនដល់បក្សកាន់អំណាចជាងបក្សប្រឆាំង ដូច្នេះគ្មានហេតុផលអ្វីដែលយើងមិនយល់ពីការមិនសប្បាយចិត្តរបស់លោក កឹម សុខា នោះទេ។ ក្រោយមកទៀត វប្បធម៌សន្ទនាក៏ត្រូវបានបង្កើតរួមគ្នារវាងលោក ហ៊ុន សែន និង សម រង្ស៊ី ដោយគ្មានលោក កឹម សុខា ដែលយើងមើលឃើញថាជាវប្បធម៌បំបែកនិងបញ្ជាច្រើនជាង ព្រោះលោក ហ៊ុន សែន មិនសន្ទនាជាមួយលោក កឹម សុខា ទេ ហើយសន្ទនាជាមួយលោក សម រង្ស៊ី ក៏មិនមែនក្នុងនាមជាដៃគូស្មើភាពដែរ គឺរបៀបថ្នាក់លើនិយាយបញ្ជាទៅថ្នាក់ក្រោម ដូច្នេះហើយទើបលោកតែងគំរាមលោក សម រង្ស៊ី អំពីការលុបចោលវប្បធម៌នេះរហូត ដើម្បីបង្ហាញថាលោកនៅពីលើ។ ស្នៀតនេះគឺលោក ហ៊ុន សែន ចង់ខិតជិតលោក សម រង្ស៊ី ដើម្បីពង្រីកគម្លាតលោកឱ្យឆ្ងាយពីលោក កឹម សុខា តែទោះបីយ៉ាងណា មេបក្សប្រឆាំងទាំងពីរសុទ្ធតែដឹងថាបែកបាក់ស្លាប់ សាមគ្គីរស់។ ការចរចាសន្ទនាតែរវាងថ្នាក់ដឹកនាំកំពូល មិនចំពោះថ្នាក់ក្រោម ជាក់ស្តែងគឺជារបៀបសន្ទនាបែបមេបក្សនិយម។

លោក កែម ឡី អះអាងថា វប្បធម៌សន្ទនាមិនត្រឹមតែមិនអាចជួយជ្រោងប្រជាធិបតេយ្យទេ ថែមទាំងបំផ្លាញយន្តការប្រជាធិបតេយ្យដែលមានស្រាប់ទៅទៀត ដូចដែលលោកអះអាងច្បាប់បោះឆ្នោតថ្មីអនុម័តមិនមែនដោយសភាឡើយ តែគឺដោយបុគ្គលតែពីររូបប៉ុណ្ណោះ។ គុណវិបត្តិនៃជម្រើសព្រមចរចារបស់បក្សប្រឆាំងគឺធ្វើឡើងដោយមិនបើកចំហ អនុញ្ញាតឱ្យភាគីម្ខាងទៀត អាចបកប្រែស្រេចនឹងចិត្ត គ្មានសាក្សី គ្មានឯកភាព។ លោក ហ៊ុន សែន ក៏ទម្លាយការឱ្យប្រាក់ជាថ្នូរនឹងការចូលសភា ធ្វើឱ្យបក្សប្រឆាំងអាម៉ាស។ ក្រោយមកលោកស្រី ឡាក់ សុភាព សមាជិកបក្សប្រឆាំង ក៏បរិហារពីរឿងនេះទៀត ជាលទ្ធផល ក៏ត្រូវបានបណ្តេញចេញពីបក្ស។ នេះក៏ជាកំហុសមួយរបស់បក្សប្រឆាំងខ្លួនឯងដែរ ដែលមិនព្រមបង្ខំបក្សកាន់អំណាច ដាក់លក្ខខណ្ឌថាចរចាបើកទ្វារ មានសារព័ត៌មាន សង្គមស៊ីវិល ជាសាក្សី ទើបព្រមចរចា ទើបនាំឱ្យមានការបកស្រាយថ្លែងការណ៍ជាឯកត្តោភាគីបែបនេះ។ មួយទៀត ការមិនព្រមបើកកញ្ចប់ថវិកាបក្សនិងប្រកាសទ្រព្យសម្បត្តិរបស់មេបក្សនិងសមាជិកជាចំហទើបនាំឱ្យពេលបញ្ហាចោទប្រកាន់ទទួលលុយ គ្មានភស្តុតាងបញ្ជាក់ ធ្វើឱ្យសាធារណមតិងឿងឆ្ងល់ថា ហេតុអ្វីមិនព្រមពិនិត្យភស្តុតាងស្រាវជ្រាវមើលប្រភពលុយរបស់អ្នកដែលលោក ហ៊ុន សែន ថាទទួលទាំងអស់នោះសិនទៅ? ចាំរកឃើញថាមិនពិត ចាំដេញលោកស្រី ឡាក់ សុភាព ចេញពីបក្សជាក្រោយក៏បាន ដើម្បីយុត្តិធម៌ទាំងសម្រាប់ភាគីចោទនិងត្រូវចោទ។

មេរៀនដែលយើងបរិយាយទាំងប៉ុន្មានគ្រាន់តែសើៗប៉ុណ្ណោះ តែវាអាចជួយបានមួយផ្នែកធំ បើបក្សប្រឆាំងអាចចាប់បាននិងទទួលស្គាល់ពីគុណវិបត្តិទាំងអស់នេះ ហើយកែលម្អបាន។ បាតុកម្មអហិង្សាឆ្នាំ២០១៣គួរតែជោគជ័យ បើមានផែនការយុទ្ធសាស្ត្រច្បាស់លាស់រយៈពេលវែងយ៉ាងហោចណាស់៣ឆ្នាំ មានការបណ្តុះបណ្តាលដែលមានគុណភាព រក្សាវិន័យអហិង្សាបានខ្ជាប់ខ្ជួន ថែរក្សាជួយទំនុកបម្រុងសម្ព័ន្ធមិត្តទាំងឡាយឱ្យបានដិតដល់(សហជីពឯករាជ្យ) ប្រើតាក់ទិចសំបូរបែបជាជាងប្រមូលផ្តុំនៅកន្លែងៗដដែល បន្តបាតុកម្មជាជាងចរចា ពិសេសគឺប្រមូលកម្លាំងប្រជាជនដកហូតប្រភពអំណាចរដ្ឋ។ បាតុកម្មអហិង្សាបរាជ័យ មិនមែនមកពីបក្សកាន់អំណាចខ្លាំងទេតែគឺមកពីបក្សប្រឆាំងខ្សោយ៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ