លិខិតមិត្តអ្នកអាន៖ តួនាទីបញ្ញវន្តក្នុងសង្គមប្រជាធិបតេយ្យ

បើទោះជាពាក្យបញ្ញវន្តឬប្រជាធិបតេយ្យសុទ្ធតែត្រូវបានពន្យល់ក្នុងវចនានុក្រមយ៉ាងណាក៏ដោយក៏ន័យស៊ីជម្រៅជាងនេះគួរតែជាអ្វីដែលត្រូវលើកមកនិយាយ។ ហើយអ្វីដែលរឹតតែគួរនិយាយទៅទៀតនោះគឺតួនាទីរបស់បញ្ញវន្តក្នុងសង្គមប្រជាធិបតេយ្យតែម្តង!។កម្ពុជាយើងនៅពេលនេះមានអ្នកចេះដឹងមិនតិចទេបើពិនិត្យមើលតួលេខដែលសិស្សានុសិស្សបានបញ្ចប់ពីការសិក្សាទាំងក្នុងនៅក្រៅប្រទេស។ក៏ប៉ុន្តែបើគ្រាន់តែសំអាងថាបានរៀនចប់ឬមានសញ្ញាបត្រគរដូចភ្នំថាជាបណ្ឌិតបញ្ញវន្តនោះក៏គួរតែពិចារណាឡើងវិញដែរ។

បញ្ញវន្តគួរតែជាអ្នកដែលស្រឡាញ់និងលើកស្ទួយភាពយុត្តិធម៌ សេរីភាពនិងការគោរព ច្បាប់របស់រដ្ឋក្នុងសង្គម។ រដ្ឋប្រជាធិបតេយ្យក៏មិនគួរគ្រាន់តែមានឈ្មោះប្រជាធិបតេយ្យឡើយ ហើយបើគ្រាន់តែពិនិត្យលើតែឈ្មោះនោះ អ្នកចាត់ទុកថារបបកម្ពុជាប្រជាធិបតេយ្យជារបបប្រជាធិបតេយ្យពិតប្រាកដច្បាស់ជាត្រូវបានម៉ាក់ងាយ។ រដ្ឋប្រជាធិបតេយ្យត្រូវឈរលើគោលការណ៏សេរីភាព យុត្តិធម៌សង្គមនិងការគោរពច្បាប់។ បើទោះជាមិនមែនរដ្ឋប្រជាធិបតេយ្យពេញលេញមួយ យ៉ាងហោចណាស់ រដ្ឋដែលយកលំនាំប្រជាធិបតេយ្យក៏ត្រូវគោរពគោលការណ៍សំខាន់ៗមួយចំនួនដូចដែលទស្សនៈវិទូនយោបាយដែលគេទទួលស្គាល់ជាសាកល លោក Robert A. Dahl បានបង្ហាញពីកម្រិតទាបបំផុតនៃប្រជាធិបតេយ្យ(Polyarchy)  នោះគឺការបង្កើតឡើងនូវស្ថាប័នដែលធានាអោយមានជាអាទិ៍៖  ១. ការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ហើយមានកាលកំណត់ច្បាស់លាស់ ២.មន្រ្តីជាប់ឆ្នោតត្រូវមានគណនីយ្យភាពក្នុងការចាត់ចែងគោលនយោបាយរបស់ខ្លួន ៣.ពលរដ្ឋត្រូវមានសិទ្ធិសេរីភាពក្នុងការបច្ចេញមតិដោយពេញលេញ ៤.ពលរដ្ឋត្រូវមានសិទ្ធិទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ៥.ពលរដ្ឋត្រូវមានសិទ្ធិចូលរួមបង្កើតសមាគមឬសហគមន៍និង ៦.ពលរដ្ឋត្រូវមានសិទ្ធិបោះឆ្នោតឬឈរឈ្មោះឲ្យគេបោះឆ្នោតដោយសេរី។

បើទោះជាគោលការណ៍ទាបបំផុតនេះក៏ដោយ ក៏ប្រទេសមួយចំនួនមានទាំងកម្ពុជាផង ក៏មិនទាន់អាចសម្រេចបានដែរទោះបីជាមានរដ្ឋធម្មនុញ្ញបានធានាអះអាងយ៉ាងណាក៏ដោយ។ មានស្ថាប័នជាច្រើនកំពុងធ្វើការលើកិច្ចការនេះហើយគេអាចដឹងបានថាការគ្រប់គ្រងមានលក្ខខណៈប្រកបដោយសេរីភាពការគោរពច្បាប់ឬប្រជាធិបតេយ្យនៅប្រទេសមួយបានដោយងាយ ដោយគ្រាន់តែពិនិត្យមើលរបាយការណ៍វិទ្យាសាស្រ្តដែលអ្នកប្រាជ្ញក្នុងពិភពលោកទទួលស្គាល់មានជាអាទិ៍ដូចជាPolity IV ឬ Freedom House Index ឬ Worldwide Governace Indicators ។ល។និង។ល។

ក្នុងឆ្នាំ២០១៦នេះ មូលនិធិអាឡឺម៉ង់បានដាក់ពិន្ទុអោយប្រជាធិបតេយ្យកម្ពុជាក្នុងBertelsmann Transformative Index របស់ខ្លួនចំនួន៣,២ដែលជាចំណាត់ថ្នាក់ប្រទេសAutocracy មានន័យជាខ្មែរថាផ្តាច់ការនិយម។ មានអ្នកដឹកនាំមិនប្រជាធិបតេយ្យឬផ្តាច់ការខ្លះបានបដិសេធទៅនឹងរបាយការណ៍ទាំងនេះប៉ុន្តែពួកគេគ្មានហេតុផលបែបវិទ្យាសាស្រ្តណាមួយដែលគេទទួលស្គាល់ជាសាកលយកមកសំអាងឡើយ។ គេតែងតែយកហេតុផលសេដ្ឋកិច្ចរីកចម្រើនជាតួលេខមកអះអាងថាការគ្រប់គ្រងរបស់គេបានល្អ។ ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តសង្គមនិងសេដ្ឋកិច្ចបានកំណត់ថាបើតួលេខសេដ្ឋកិច្ចរីកចម្រើន តែពិន្ទុនៃការគ្រប់គ្រងមិនឡើង នោះមានន័យថា មានបញ្ហា(State Capture)ក្នុងប្រព័ន្ធដឹកនាំ។ វាអាចមានន័យថាមាននាយទុនមួយក្រុមកំពុងកាន់ក្តាប់សេដ្ឋកិច្ចដែលបានបង្កើតបានជាតួលេខ តែពលរដ្ឋភាគច្រើនមិនបានទទួលផលពីសេដ្ឋកិច្ចដែលស្តែងជាសេវាកម្មសាធារណៈផ្សេងៗនោះឡើយ។

ឆ្លងតាមការបង្ហាញខាងលើ ក្នុងនាមជាបញ្ញាជន ឬជនដែលមានចំណេះដឹង ក៏គួរតែជាអ្នក ពាំនាំនូវយោបល់ អនុសាសន៏ ឬក៏ជាការរិះគន់នានា ដើម្បីជាការចែករំលែកជាចំណេះដឹង បង្កើតជាទន់ក្នុងការជជែក ពិភាក្សានិងរិះគិត ក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនិងការគោរពច្បាប់ដើម្បីធ្វើយ៉ាងណាឲ្យសង្គមមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនិងរីកចម្រើនរុងរឿងបានយូរអង្វែង។

ជាអកុសល បញ្ញាជនខ្លះ មានទាំងសញ្ញាបត្របណ្ឌិត បានត្រឹមតែវិភាគដូរយកបាយ ខ្វះមនសិការហើយតែងតែនិយាយពង្វៀងការពិតដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននិងបក្ខពួកដោយបំភ្លេចនូវទុក្ខវេទនារបស់រាស្រ្តមួយនគរដែលកំពុងតែឈឺចាប់ដោយសារតែគោលនយោបាយសង្គមដែលកើតឡើងចេញពីការវិភាគដូរបាយទាំងនោះ។ បើមិនអាចនិយាយការពិតអោយអស់បាន ក៏គួរតែកុំនិយាយការមិនពិតដែលនាំអោយមានការយល់ច្រឡំ។ បើមិនអាចនិយាយជួយលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សទាំងឡាយបាន ក៏គួរតែកុំនិយាយបំផ្លើស កាយត្រឡប់ការពិត ឬបន្លាចអ្នកដទៃមិនឲ្យនិយាយការពិតឬគំរាមអ្នកដទៃមិនឲ្យស្រឡាញ់យុត្តិធម៌ឬសេរីភាពដើម្បីទទួលការពិត! ជាកាពិត ការនិយាយបន្លប់ស្ថានការណ៍របស់ពួកគេ មិនមែនជារឿងចៃដន្យឡើយ។ កាលពីដើមខែ មករាកន្លងទៅកាសែតប៊ីប៊ីស៊ីបានចុះផ្សាយពីការសិក្សាស្រាវជ្រាវមួយទៅលើវិធីសាស្រ្តដែលក្រុមហ៊ុនបារីបានព្យាយាមផ្សព្វផ្សាយពង្វៀងនិងបន្លប់ស្វារតីអ្នកជក់ដោយសំអាងហេតុផលផ្សេងៗកុំអោយចាប់អារម្មណ៏លើផលវិបាករបស់វាតាំងតែពីជាង៤០ឆ្នាំមុន។ “Agnotology”គឺជាការសិក្សាផ្តោតទៅលើពីរបៀបក្នុងការផ្សព្វផ្សាយដើម្បីពង្វៀង បន្លប់ ឬបំភ័ន្តដើម្បីធ្វើឲ្យមនុស្សលែងចង់ដឹង ឬលែងចង់ខ្វល់ពីអ្វីមួយដើម្បីសម្រេចគោលបំណងអ្វីមួយ។ ក្នុងវិស័យនយោបាយក៏ដូចគ្នានេះដែរ! គេព្យាយាមធ្វើឲ្យនយោបាយជារឿងរសើប ស្មុគស្មាញ ស្មោកគ្រោកឬពិសពុល ដែលធ្វើឲ្យមនុស្សខ្លាចរអា ស្អប់ខ្ពើមឬមិនខ្វល់ពីនយោបាយ ដែលធាតុពិត អ្នកនយោបាយក្នុងសង្គមប្រជាធិបតេយ្យ គឺគ្រាន់តែជាអ្នកដែលរាស្រ្តជួលមកឲ្យធ្វើការក្នុងពេលរាស្រ្តត្រូវការហើយរាស្រ្តនឹងបោះឆ្នោតរើសអ្នកថ្មីមកធ្វើការឲ្យទៀតបើអ្នកថ្មីមានកម្មវិធីនយោបាយបម្រើរាស្រ្តបានល្អជាង។ វាមិនចម្លែកទេដែលឃើញនាយករដ្ឋមន្ត្រីក្នុងប្រទេសទាំងនោះជិះរថភ្លើងឬជិះកង់ទៅធ្វើការដូចមាននៅប្រទេសអង់គ្លេសឬដឺណាមាកជាដើម។ ផ្ទុយទៅវិញ អ្នកនយោបាយ ក្នុងសង្គមផ្តាច់ការតែងចាត់ទុកខ្លួនជាបុរសអស្ចារ្យឬអាទិទេព ទៅណាមកណាមានគេហែហម បិទផ្លូវលិចកើត បើទោះជាដំណើរខ្លួនគ្រាន់តែដំណើរមានលក្ខណៈឯកជនយ៉ាងណាក៏ដោយ។

មកដល់សព្វថ្ងៃនេះ ក្នុងការជជែកដេញដោលជាលក្ខណៈវិទ្យាសាស្រ្ត ទស្សនៈវិទូសង្គមនិងនយោបាយលើសាកលលោកគេឈប់និយាយពីរបបសង្គមណាដែលត្រូវជំនួសរបបប្រជាធិបតេយ្យហើយតាំងតែពីរុស្ស៊ីដួលរំលំមកក៏ប៉ុន្តែគេតែងបន្តរពិភាក្សាថាតើត្រូវធ្វើដូម្តេចដើម្បីលើកស្ទួយរបបនេះឲ្យកាន់តែពេញលេញ ព្រោះថាមកដល់ពេលនេះមានតែ របបប្រជាធិបតេយ្យពិតប្រាកដមួយគត់ដែលអាចធានានូវសន្តិភាពពេញលេញ មិនបង្កសង្គ្រាមក្នុងប្រទេសខ្លួនឯង ក៏ដូចជាជាមួយប្រទេសជិតខាង ដូចដែលមានឧទាហរណ៍ ស្រាប់សម្រាប់ស្ថិរភាពនិងសន្តិភាពពេញលេញនៅសហភាពអឺរ៉ុបឬជម្លោះហិង្សានៅតំបន់មជ្ឈឹមបូព៌ាឬសង្គ្រាមរ៉ាំរ៉ៃនៅតំបន់អាហ្វ្រិកជាដើម។

ជាការពិត សហគមន៍អឺរ៉ុបនិង អាមេរិកគឺជាអ្នកឈានមុខក្នុងការលើកស្ទួយប្រជាធិបតេយ្យនៅក្នុងសាកលលោកមិនអាចប្រកែកបាន។ ជាការពិតមួយទៀតដែលថាប្រទេសទាំងនេះបានទទួលផលប្រយោជន៍ផ្សេងៗ ពីប្រជាធិបតេយ្យនេះពីព្រោះថាប្រទេសដែលមានសង្គ្រាមតែងតែនាំផលវិបាកមិនត្រឹមតែប្រជាជនខ្លួនឯងក្នុងប្រទេស ប៉ុន្តែបានបន្ថែមទាំងនាំទុក្ខដល់គេឯងនៅក្រៅប្រទេសទៀតតាមរយៈជនភៀសខ្លួន ជំងឺឆ្លង ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ឬអំពើភេរវកម្មជាដើម។ មតិច្រណែននិន្ទាពីប្រទេសដែលជាសត្រូវនឹងអាមេរិកឬអឺរ៉ុប ហើយភាគច្រើនគឺមានមេដឹកនាំផ្តាច់ការនោះតែងតែព្យាយាមឃោសនាបំប៉ោងទៅពលរដ្ឋខ្លួនដោយបញ្ឆេះឲ្យមានមនោគមន៍វិជ្ជាជាតិសាសន៍ជ្រុលនិយមមួយ ឬក៏ទម្លាក់កំហុសពីអស្ថិរភាពសង្គមដែលខ្លួនឯងជាអ្នកគ្រប់គ្រងដោយចង្អុលទៅប្រទេសអាមេរិកឬអឺរ៉ុបជាដើម។ជាឧទាហរណ៍គេតែងចង្អុលទៅវិបត្តិនៅអ៊ីរ៉ាក់ ស៊ីរីឬលីបីដោយលើកយករូបភាពអវិជ្ជមាននានាមកបន្លាចប្រជាជនខ្លួន ក៏ប៉ុន្តែពួកគេមិនបានបង្ហាញពីការពិតនៅពីក្រោយអស្ថិរភាពនៃប្រទេសទាំងនោះទេ។

តើគេហ៊ានបង្ហាញទេថានៅពីក្រោយវិបត្តិ នៅប្រទេសទាំងនោះគឺមកពីអ្នកដឹកនាំល្មោភអំណាច? តើគេហ៊ានប្រាប់រាស្រ្តការពិតទេដែលថាពីក្រោយវិបត្តិទាំងនោះ គឺមកពីមានមេដឹកនាំល្មោភអំណាចទាំងនោះជិះជាន់ កេងប្រវ័ញ្ចនិងជញ្ជក់ឈាមជាតិនិងរាស្រ្តខ្លួនឯងយ៉ាងព្រៃផ្សៃ? តើគេហ៊ាននិយាយដោយស្មោះត្រង់ដែរឬទេថាមូលហេតុដែលនាំអោយមានអស្ថិរភាព គឺមកពីប្រទេសផ្តាច់ការទាំងនោះមិនមានស្ថាប័នទ្រទ្រង់ប្រជាធិបតេយ្យរឹងមាំដែលបង្កឲ្យមានការឈឺចាប់និងទុក្ខវេទនាយ៉ាងក្រៃលែងដល់ពលរដ្ឋខ្លួន?

គេត្រូវបា្រប់ថាកាដេហ្វីទម្លាក់គ្រាប់បែកសម្លាប់ជនជាតិឯងយ៉ាងណា។ គេគួរប្រាប់ផងថាប្រធានាធិបតីវ័យក្មេងអាសាដនៅស៊ីរីបានបន្តតំណែងពីឪពុកខ្លួនដែលបានមកដោយរដ្ឋប្រហារតាំងពីឆ្នាំ១៩៧០។ គ្រាន់តែឪពុកស្លាប់នៅឆ្នាំ២០០០ភ្លាម សភាប្រទេស៊ីរីបាន បញ្ចុះអាយុដើម្បីតម្រូវឲ្យអាសាដក្លាយជាមេដឹកនាំបន្តរភ្លែត។ស្ថានភាពនៅអ៊ីរ៉ាក់ក៏មិនខុសគ្នាប៉ុន្មានដែរ។ ក្នុងចំណោមនោះប្រហែលមានប្រជាជនអំបូរឃឺតនៅអ៊ីរ៉ាក់ផងដែរគឺជាអ្នកដែលបានស្គាល់រសជាតិឈឺចាប់និងវេទនាបំផុតក្នុងសម័យគ្រប់គ្រងរបស់សាដាម។

គេក៏គួរបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៅឥណ្ឌូនេស៊ីឬហ្វីលីពីនដែលជាប្រទេសនាំមុខក្នុងរបបប្រជាធិបតេយ្យក្នុងតំបន់ឬក៏ប្រាប់ពីរបៀបដែលកូរេខាងត្បូង ជប៉ុនឬអាឡឺម៉ង់ ត្រូវបានក្រុមប្រទេសប្រជាធិបតេយ្យជួយអភិវឌ្ឍយ៉ាងដូម្តេចទើបបានមកដល់សព្វថ្ងៃ។

បើថាអ្នកដឹកនាំផ្តាច់ការទាំងនោះមិនហ៊ាននិយាយការពិតទៅហើយ ក្នុងនាមជាបញ្ញវន្តក៏ត្រូវលើកយកពីហេតុនិងផលមកបង្ហាញឲ្យច្បាស់។ តែបើថាអ្នកដែលព្យាយាមនិយាយបិទបាំងការពិតដើម្បីគ្រាន់តែលើកជើងអែបអបយកតំណែងបុណ្យសក្តិឬលុយកាក់ថាជាបញ្ញវន្តឬបញ្ញជន វាហាក់ដូចជាផ្តល់តម្លៃខ្ពស់ពេកដល់ពួកគេ។ តែបើប្រៀបពួកគេជាមួយពួក សូហ្វីសក្នុងសម័យសូក្រាតរឹតតែមិនសម ព្រោះបើទោះជាមនោគមវិជ្ជាអសីលធម៌របស់ពួកសូហ្វីស ក៏នៅតែមានសិល្បៈសមរម្យដើម្បីឲ្យមនុស្សអាចនឹងពិចារណា។ ក៏ប៉ុន្តែការព្យាយាមកាយត្រឡប់ការពិតទាំងងងឹតងងល់ក្រោមមហិច្ចតាផ្ទាល់ខ្លួនរបស់ពួកអ្នកដូរបាយទាំងនោះ អាចធ្វើបានតែចំពោះពលរដ្ឋស្លូតត្រង់ខ្វះចំណេះដឹង ខ្វះការស្រាវជ្រាវនិងខ្វះការស្វែងយល់តែប៉ុណ្ណោះ។

បញ្ញវន្តត្រូវហ៊ានធ្វើជាជនគំរូក្នុងការជជែកស្វែងរកការពិត ការពិភាក្សាដើម្បីជាចំណេះដឹង និងការលើកស្ទួយសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យពិតប្រាកដក្នុងសង្គម។ ចំណុចល្អរបស់ប្រជាធិបតេយ្យគឺសេរីភាពដែលនាំមកនូវការប្រកួតប្រជែងគំនិតដែលអាចធ្វើឲ្យសង្គមរីកចម្រើនជឿនលឿនបាន។ អ្នកនយោបាយក្នុងសង្គមប្រជាធិបតេយ្យមិនត្រូវខ្លាចគេបះបោរផ្តួលរលំនោះទេ ព្រោះថា បើដល់អាណត្តិបោះឆ្នោត នោះបើរាស្រ្តនៅត្រូវការ គេនឹងបោះឲ្យជាប់ឆ្នោតដើម្បីបន្តដឹកនាំតទៅទៀតហើយ តែបើគេលែងត្រូវការក៏គួរដើរចេញដោយទុកស្នាមញញឹមចុងក្រោយឲ្យពលរដ្ឋបានចងចាំផង។  តែបើចង់អោយកូនចៅខ្លួនជំនាន់ក្រោយ ត្រូវរស់នៅដោយប្តូរវង្សត្រកូលក៏ទុកឲ្យរាស្រ្តសម្រេចចុះ!

ជាចុងក្រោយរាស្រ្តខ្មែរត្រូវលើកទឹកចិត្តឲ្យបញ្ញវន្តទាំងឡាយក្លាហានក្នុងការនិយាយការពិតប្រកបដោយភាពថ្លៃថ្នូរជាមនុស្ស ហើយបើទោះជាមិនអាចនិយាយដោយចំហរក៏ត្រូវនិយាយដោយសម្ងាត់។ ហើយបើទោះជានិយាយមិនបានក៏គួរកុំនិយាយកុហកប្រាសចាកគុណធម៌ សីលធម៌ និងយុត្តិធម៌ដែលខ្លួនស្រឡាញ់។ បិទមាត់ហើយរក្សាទុកតំណែងខ្លួន រួចលួចលើកទឹកចិត្តឲ្យរាស្រ្តស្វែងយល់ពីព័ត៌មាន តាមដាននិងធ្វើការវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីឲ្យមានមូលដ្ឋាន ក្នុងការពិចារណា ដើម្បីចាកឲ្យផុតពីភាពIgnoranceឬភាពមិនចង់ដឹង មិនចង់ឬមិនចង់ខ្វល់ ព្រោះថាអ្នកនយោបាយក្នុងសង្គមផ្តាច់ ការគេកំពុងប្រើវិធីបន្លប់ បំភ័ន្ត បំភ្លៃនិងបន្លាច ដើម្បីបង្កើតពលរដ្ឋ Ignoranceឲ្យបានកាន់តែច្រើន គេកាន់តែសប្បាយតពូជ!

សរសេរមកកាន់លោក ជុំ ច័ន្ទដារិន តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ