សមាជិក​សភាបក្ស​ប្រឆាំងថារដ្ឋាភិបាលបក្សកាន់អំណាច​បង្ក​រឿងដោយគ្មានមូលដ្ឋាន

លោក កឹម សុខា ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួនកាល​ពីពេល​កន្លង​ទៅ​(រូបថត​ពីហ្វេសប៊ុកលោក កឹម សុខា)

ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានស្នើឲ្យរដ្ឋាភិបាលនៃគណបក្សកាន់អំណាចបញ្ឈប់”ការបង្ករឿងដោយគ្មានមូលដ្ឋានមករំខានតួនាទី”របស់តំណាងរាស្រ្តបក្សប្រឆាំង។

ក្រុមសមាជិកសភាលើកឡើងបែបនេះ ក្រោយពេលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែមិថុនា ក្រុមសមាជិកសភាបក្សប្រឆាំងបានលើកឡើងថាមកដល់ពេលនេះ ការប្រើប្រាស់អំណាចដោយរំលោភលើអភ័យឯកសិទ្ធិសភានៅតែបន្តបកស្រាយដោយ”គ្មានមូលដ្ឋានច្បាប់និងរំលោភខ្លឹមសារនៃរដ្ឋធម្មនុញ្ញ” ដើម្បីធ្វើការគាបសង្កត់មកលើតំណាងរាស្រ្តបក្សប្រឆាំង។

ក្រុមតំណាងរាស្រ្តបញ្ជាក់ថា៖ “យើងខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថាក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិនៅតែប្រកាន់គោលជំហរប្រឆាំងដាច់ខាតលើការរំលោភលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្តដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ”

បើតាមសេចក្តីថ្លែងការណ៍ ក្រុមតំណាងរាស្រ្តបក្សប្រឆាំងមិនអាចឲ្យតំណាងរាស្រ្តចូលទៅបំភ្លឺ”ដោយបង្ខំ”តាមដីកាកោះឬក៏ការកោះអញ្ជើញរបស់ស្ថាប័នណាបានឡើយឬមួយទទួលការចោទប្រកាន់ណាពីសំណាក់តុលាការ ល្កឹកណាអភ័យឯកសិទ្ធិមិនទាន់ត្រូវបានព្យួរ តាមការអនុម័តដោយសំឡេងពីរភាគបីនៃសមាជិកសភាទាំង១២៣រូប។ ក្រុមសមាជិកសភាលើកឡើងថាការបកស្រាយណាដោយយោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភាឬច្បាប់ដទៃណាដែលផ្ទុយពីគោលការណ៍រដ្ឋធម្មនុញ្ញគឺជាការសំអាងមានចរិត”នយោបាយសុទ្ធសាធ”។

សេចក្តីថ្លែងការណ៍បន្ថែមថា៖ “ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិសុំឲ្យរាជរដ្ឋាភិបាលនៃគណបក្សកាន់អំណាចបញ្ឈប់រាល់ការបង្ករឿងដោយគ្មានមូលដ្ឋានមករំខានដល់តួនាទីរបស់តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិដែលភារកិច្ចបម្រើនិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរនោះ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បញ្ជាក់ថាចំណាត់ការលើលោក កឹម សុខា ជារឿងរបស់តុលាការ មិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជានោះទេ។

គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភានិងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។

មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការឬចៅក្រមស៊ើបសួរឬមុខតុលាការព្រហ្មទណ្ឌហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ