សមត្ថកិច្ចច្រានចោល​ការចុះផ្សាយថា​នគរបាលបាញ់អ្នកជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍

បុរសពីរនាក់ដែល​សមត្ថកិច្ច​អះអាង​ថាជា​មុខសញ្ញា​ជួញដូរគ្រឿងញៀន ហើយ​ត្រូវបាន​កាសែត​កោះសន្តិភាព​ចុះផ្សាយ​ថាពួកគេ​មិនគោរពច្បាប់ចរាចរណ៍ ហើយ​សមត្ថកិច្ច​បាន​បាញ់កាំភ្លើង(រូបថតពីកោះសន្តិភាព​)

សមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថាករណីផ្ទុះអាវុធបង្កឲ្យបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលបានធ្វើដំណើរដោយម៉ូតូលើផ្លូវជាតិលេខ៥ រងរបួសជើងនោះ ជាករណីរាកៃកាំភ្លើងពេលចុះចាប់គ្រឿងញៀន ដោយច្រានចោលថាករណីនេះមិនមែនជាការបាញ់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។

កាលថ្ងៃព្រហស្បតិ៍ សារព័ត៌មានក្នុងស្រុកកោះសន្តិភាពបានចុះផ្សាយថានៅវេលាម៉ោងប្រហែលជា៣រសៀល សមត្ថកិច្ចខណ្ឌឫស្សីកែវបានបាញ់បុរសម្នាក់ក្នុងចំណោមពីរនាក់ឲ្យរងរបួសជើងខាងស្តាំ ខណៈអ្នកទាំងពីរបានព្យាយាមជិះម៉ូតូដែលគ្មានផ្លាកលេខ គ្មានមួកសុវត្ថិភាពនិងគ្មានកញ្ចក់គេចពីកន្លែងត្រួតពិនិត្យចរាចរណ៍នៅម្តុំគីឡូម៉ែត្រលេខ១០លើផ្លូវជាតិលេខ៥។ បើតាមសារព័ត៌មានដដែល បុរសម្នាក់ដែលជាអ្នកបើកម៉ូតូបានរងរបួសជើងខាងស្តាំ។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយវីអូឌី អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសារ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មាននេះ។ លោកឲ្យដឹងថាបុរសទាំងពីរជាមុខសញ្ញសង្ស័យថាបានរក្សាទុកសារធាតុញៀន ដោយលោកថាសមត្ថកិច្ចខណ្ឌឫស្សីកែវបានព្យាយាមតាមឃាត់ពួកគេដើម្បីត្រួតពិនិត្យ តាំងពីសង្កាត់ទួលសង្កែ ប៉ុន្តែមិនអាចឃាត់បាន។ លោកបន្តថាសមត្ថកិច្ចនៅសង្កាត់ទួលសង្កែក៏បានបញ្ជូនព័ត៌មានបន្តទៅកាន់សមត្ថកិច្ចផ្សេងទៀតនៅក្នុងខណ្ឌជាមួយគ្នាដើម្បីឃាត់បុរសទាំងពីរនេះ។

លោកបន្ថែមថា៖ “ព័ត៌មានហ្នឹងក៏បានបញ្ជូនតាមវិទ្យុទាក់ទងទៅបណ្តាគោលដៅពួនស្ទាក់ ក៏ដូចជាគោលល្បាតផ្សេងៗ គោលដៅឈរជើងនៅបណ្តាតាមប៉ុស្តិ៍ទាំងអស់ក្នុងខណ្ឌឫស្សីកែវនេះ ដើម្បីបញ្ជូនព័ត៌មានសុំបទអន្តរាគមន៍សុំការត្រួតពិនិត្យ ប៉ុន្តែជនដែលជាសមាសភាពជួយដូរគ្រឿងញៀននេះគាត់នៅតែបង្កសកម្មភាព ដោយមិនសហការឲ្យសមត្ថកិច្ចយើងត្រួតពិនិត្យនោះទេ”

បើតាមលោកអធិការដដែល បុរសទាំងពីរមិនត្រឹមតែមិនបានឈប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យនោះទេ តែថែមទាំងបានបើកម៉ូតូគេចរហូតដល់ចំណុចកើតហេតុក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវដោយបានឆ្លងកាត់ចំណុចត្រួតពិនិត្យចរាចរណ៍ផងដែរ។ លោកបន្តថាបុរសទាំងពីរត្រូវសមត្ថកិច្ចសង្កាត់ស្វាយប៉ាកបញ្ឈប់ដំណើរបាន តែបុរសទាំងពីរនោះមិនបានសហការជាមួយសមត្ថកិច្ចក្នុងការត្រួតពិនិត្យនោះទេ។

លោកបន្តថា៖ “ក៏ប៉ុន្តែនៅពេលដែលយើងត្រួតពិនិត្យហ្នឹង ជនហ្នឹងក៏បានបង្កសកម្មភាពតបតជាមួយសមត្ថកិច្ចយើង ឲ្យក៏ចៃដន្យបានបណ្តាលឲ្យផ្ទុះអាវុធខ្លីដែលសមត្ថកិច្ចយើងដាក់នៅចង្កេះហ្នឹង…បើដកបាញ់ ដូចសារព័ត៌មាន ដូចការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋ យើងឃាត់រារាំងគាត់តាំងពីចំណុចចាប់ផ្តើមម្លេះ”។

ទោះយ៉ាងណា លោកអធិការមិនអាចពន្យល់បានទេថាអាវុធខ្លីនោះអាចរាកៃផ្ទុះបានយ៉ាងដូចម្តេច ខណៈអាវុធខ្លីនោះសៀតនៅនឹងចង្កេះរបស់សមត្ថកិច្ច ដោយលោកថាការប្រវាយប្រតប់គ្នាពិបាកសន្និដ្ឋានថារាកៃយ៉ាងម៉េចនោះ។

បើតាមវីឌីអូឃ្លីបរបស់សមត្ថកិច្ច បុរសដែលជាអ្នកបើកម៉ូតូបានសារភាពថាខ្លួនយកសារធាតុញៀនទាំងនោះទុកប្រើប្រាស់ផ្ទាល់ខ្លួននៅឯផ្ទះរបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំងដែលជាស្រុកកំណើត។ បុរសនោះប្រាប់សមត្ថកិច្ចទៀតថាខ្លួនចាប់ផ្តើមប្រើប្រាស់សារធាតុញៀននេះតាំងពីខែកុម្ភៈ ឆ្នាំ២០១៦មក។

វីអូឌីមិនអាចសុំការបកស្រាយពីក្រុមគ្រួសារជនរងគ្រោះបាននោះទេ។

ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ លោក ធៀម ប៊ុនសេង មានប្រសាសន៍ថាក្នុងករណីប្រវាយប្រតប់រវាងសមត្ថកិច្ចនិងជនសង្ស័យ ហើយកាំភ្លើងរបស់សមត្ថកិច្ចរាកែត្រូវជនសង្ស័យនោះ លោកថាសមត្ថកិច្ចរូបនោះអាចទទួលពិន័យរដ្ឋបាល បើគេរកឃើញថាគាត់ទុកដាក់អាវុធមិនត្រឹមត្រូវ។ ដោយឡែក លោកថាបើជនសង្ស័យប្រវាយប្រតប់ជាមួយសមត្ថកិច្ចហើយបានធ្វើឲ្យប៉ះអាវុធរបស់សមត្ថកិច្ច និងមានការរាកៃត្រូវខ្លួនឯងនោះ លោកថានេះមិនមែនជាការទទួលខុសត្រូវរបស់សមត្ថកិច្ចនោះទេ។

លោកបន្ថែមថា៖ “បើសិនជារាកៃមានអ្នកណាទទួលខុសត្រូវ អ្នកកាន់កាប់អាវុធគេ…ច្បាស់លាស់របស់គេ គេសៀតត្រឹមត្រូវ បើរាកៃជាការចៃដន្យស៊ើបបញ្ជាក់បន្ថែមទៀត…អាហ្នឹងតាមការជាក់ស្តែងបើគាត់សៀតទៅធ្វេសប្រហែសគាត់ត្រូវពិន័យរដ្ឋបាល បើគាត់(សមត្ថកិច្ច)ទុកដាក់(អាវុធ)ត្រឹមត្រូវហើយជនល្មើសប្រវាយប្រតប់ហើយវារាកៃត្រូវខ្លួនឯងអាហ្នឹងខ្ញុំគិតថាមិនអីដែរ”

លោក ធៀម ប៊ុនសេង ឲ្យដឹងដែរថាសមត្ថកិច្ចមិនងាយនឹងប្រើអាវុធនោះទេ បើសិនជាគ្មានការអនុញ្ញាតពីថ្នាក់លើ ទោះបីជាក្នុងបេសកកម្មចុះបង្រ្កាបបទល្មើសក៏ដោយ វៀរលែងតែថាជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចជាមុន។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថាបើសិនជាសមត្ថកិច្ចអះអាងថាជនសង្ស័យត្រូវរបួសដោយសាររាកៃកាំភ្លើង នោះលោកថាត្រូវតែមានគណៈកម្មការស៊ើបអង្កេតមួយដើម្បីរកការពិតថាតើករណីនេះកើតចេញពីការធ្វេសប្រហែសរបស់សមត្ថកិច្ចឬយ៉ាងណា។

លោកបន្ថែមថា៖ “រាកៃមិនមែនគ្រាន់តែថារាកៃរួចទេ ត្រូវមានការស៊ើបអង្កេត អាចអាជ្ញាធរថ្នាក់ណាពិនិត្យមើលទៅ អាចក្នុងក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការពិនិត្យមើលទៅ ចេះតែថារាកៃៗប្រជាពលរដ្ឋគេមិនអស់ចិត្ត”

បើតាមអធិការខណ្ឌឬស្សីកែវ សមត្ថកិច្ចបានរកឃើញសារធាតុញៀននៅក្រោមកែបម៉ូតូរបស់បុរសទាំងពីរនោះចំនួន៣កញ្ចប់តូច។ លោកថាអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែលោកមិនបានបញ្ជាក់ថាបុរសម្នាក់ទៀតកំពុងនៅទីណានោះទេ។ ទោះយ៉ាងណាលោកថាសមត្ថកិច្ចកំរៀបចំនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការក្នុងរយៈពេល៤៨ម៉ោង ទាក់ទងនឹងបទចោទរក្សាទុកសារធាតុញៀនដោយខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ