លោក កឹម សុខា នឹង​មិន​ចូល​ខ្លួនទៅតុលាការ តាម​ការ​បង្គាប់របស់ចៅក្រមស៊ើបសួរ​

លោក កឹម សុខា កាលពីកន្លងទៅ

មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងមិនចូលទៅតុលាការ តាមការបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនោះទេ។

បើតាមដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០នាទីព្រឹក។ ដីកាបង្គាប់បញ្ជាក់ថាការបង្គាប់ឲ្យចូលខ្លួនគឺដើម្បីសាក សួរពីដំណើររឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងទៅកាន់អ្នកគាំទ្រថាលោក កឹម សុខា នឹងមិនចូលតាមដីការបស់ចៅក្រមនោះទេ ដោយថាលោក កឹម សុខា មានអភ័យឯកសិទ្ធិ។ លោកបន្តថាមេធាវីរបស់លោក កឹម សុខា កំពុងសិក្សាផ្លូវច្បាប់នានាលើចំណាត់ការរបស់តុលាការ។

គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភានិងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ។

មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការឬចៅក្រមស៊ើបសួរឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ