អាជ្ញាធរ​នឹង​ជម្លៀស​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ពី​តំបន់​ទេសចរណ៍​ភ្នំ​គូលែន​

អាជ្ញាធរខេត្ដសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅលើភ្នំគូលែន នៃស្រុកស្វាយលើ ក្នុងខេត្តនេះ នឹងត្រូវឲ្យចាកចេញពីតំបន់នោះ ដើម្បីរៀបចំថែរក្សាបរិស្ថាននៅតំបន់ទេសចរណ៍។

ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប លោក ភួង លីណា មានប្រសាសន៍កាលពីថ្ងៃសៅរ៍ម្សិលមិញថា ពលរដ្ឋជាង ៣០០គ្រួសារ រស់នៅលើភ្នំគូលែន នឹងត្រូវឲ្យចាកចេញទៅកាន់ទីតាំងថ្មី ដែលលោកថា ការរស់នៅរបស់ពួកគេ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រភ្នំគូលែន។

ប៉ុន្តែ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅយូរមកហើយនោះ នឹងត្រូវបានរក្សាទុកដដែល ហើយប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញពីតំបន់នោះ ភាគច្រើនគឺជាគ្រួសារកងទ័ព និងពលរដ្ឋទីតាំងលំនៅថ្មីមិនរៀបរយ។

ចំណែកសំណង់លក់ដូរផ្សេងៗ លោក លីណា ឲ្យដឹងថា អាជ្ញាធរនឹងរៀបចំឲ្យមានសណ្ដាប់ធម្មតាឡើងវិញ។

លោក លីណា បានឲ្យដឹងបន្ថែមថា អាជ្ញាធរនឹងផ្ដល់ដីសម្បទានសង្គមកិច្ច ឬដីបំរុងទុករបស់រដ្ឋ ប៉ុន្តែ លោកមិនអាចបញ្ជាក់បានថា ទីតាំងថ្មីនោះ ស្ថិតនៅកន្លែងជាក់លាក់នៅឡើយទេ ដោយគ្រាន់តែប្រាប់ថា ស្ថិតនៅមិនឆ្ងាយពីកន្លែងចាស់ ហើយសមរម្យសម្រាប់ពួកគាត់រស់នៅ។

លោក ភូង លីណា បន្ថែមថា ការឲ្យពលរដ្ឋចេញពីតំបន់ទេសចរណ៍នេះ ដើម្បីយកតំបន់ឧទ្យានជាតិភ្នំគូលេននេះ ដាក់ចូលជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក ដែលក្រសួងបរិស្ថាននឹងរៀបចំនៅពេលខាងមុខនេះ។

មេឃុំខ្នងភ្នំ ស្រុកស្វាយលើ លោក ឈឿម តាំង មានប្រសាសន៍ថា លោកទទួលបានសេចក្ដីសម្រេចពីសាលាខេត្ដ ឲ្យស្រង់ឈ្មោះប្រជាពលរដ្ឋដែលជាគ្រួសារកងទ័ព និងសំណង់អានាធិបតេយ្យថ្មីៗ។

លោកបន្ថែមថា ពលរដ្ឋមួយចំនួនរស់នៅលើភ្នំគូលេន ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រភ្នំគូលែននោះ។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាបលោក នូ ពុទ្ធិ មានប្រសាសន៍ថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋ ដើម្បីអភិវឌ្ឍន៍នៅតំបន់ណាមួយ ត្រូវមានការយល់ព្រម ឬស្ម័គ្រចិត្ដពីពួកគាត់ ហើយលោកថា ត្រូវមានទីតាំងច្បាស់លាស់ និងផ្ដល់សំណងសមរម្យដល់ពួកគេ ។

លោកបន្ដថា អាជ្ញាធរត្រូវរៀបចំទីកន្លែងថ្មីនោះ ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ដូចជា សាលារៀន និងមណ្ឌលសុខភាព ជាមុនសិន មុនផ្លាស់ប្ដូរពួកគេ។

បើតាមមន្ដ្រីឃុំ បានឲ្យដឹងថា ឃុំខ្នងភ្នំ មានចំនួន ៩ភូមិ ដែលមាននៅពលរដ្ឋរស់ ៩៧០គ្រួសារ ហើយអ្នកភូមិភាគច្រើនប្រកបរបរធ្វើស្រែចម្ការវិលជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ