លីកាដូ៖ សេរីភាព​នៃ​ការ​រិះគន់​នៅ​កម្ពុជា​កំពុង​បាត់​បង់​សំឡេង

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កត់សំគាល់ថា ​សំឡេង​រិះគន់​នៅ​កម្ពុជាកំពុង​ត្រូវបាន​រដ្ឋាភិបាល​ព្យាយាម​បិទ​បាំង និង​រំលោភបំពាន ខណៈដែល​ការ​បោះឆ្នោតឆ្នាំ​២០១៨​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។​

សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និងការ​ពារ​សិទ្ធិ​មនុស្សហៅកាត់ថា លីកាដូ បាន​ចេញ​របាយការណ៍​របស់ខ្លួន​នៅ​ថ្ងៃ​នេះ ដោយ​បានរកឃើញថា​សំឡេង​រិះគន់​រដ្ឋាភិបាល​កំពុង​តែ​ត្រូវបាន​រដ្ឋាភិបាល​រំលោភបំពាន បាត់​បង់​ និង​គំរាម​កំហែង​​តាម​​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការចាប់​ដាក់​ពន្ធនាគារ ការ​ប្រើ​ប្រាស់​ហិង្សា​ដែល​គាំទ្រ​ដោយ​​អាជ្ញាធរ និង​ការ​ប្រើប្រាស់​​ច្បាប់​ថ្មី​ និង​វិសោធនកម្ម​ ដែល​គោល​ដៅ​ទាំងនោះ​គឺ​សំដៅ​ទៅលើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​អ្នក​ដែល​មិន​គាំទ្រ​សកម្មភាព​របស់​រដ្ឋាភិបាល។

លីកា​ដូសរសេរ​​ថា​ «ចាប់​តាំង​ពី​ឆ្នាំ​២០១៥ អ្នក​តំណាង​សហ​គមន៍​ជា​ច្រើន មេដឹកនាំ​សហ​ជីព​ និង​សកម្ម​ជន​បរិស្ថាន បាន​ទទួល​រង​នូវការ​ចោទ​ប្រកាន់​ដេល​មិនមា​ន​មូល​ដ្ឋាន​ច្បាប់​ ការកោះ​ហៅ​ឲ្យ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ដែល​ជា​វិធីសាស្ត្រ​បំភិត​បំភ័យដើម្បី​បំបិទ​មាត់​ និង​បញ្ឃប់ភាព​​សកម្មនិយម និង​ការ​ជាប់​ពន្ធនាគារ​តាមរយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធតុលាការ​កម្ពុជា ដែល​មាន​លក្ខណៈលំអៀង ចំពោះ​បុគ្គល​ដែល​អាជ្ញាធរ​យល់​ថា​ជា​ការ​គំរាម​កំហែង​ដល់​ខ្លួន»។

អង្គការ​លីការ​ដូ បាន​លើកឡើង​ថាការ​ធ្វើ​ទុក​បុកម្មេញ​ពី​សំណាក់​រដ្ឋាភិបាលនេះ​នឹង​អាច​បន្ត​ទៀតទៅ​ថ្ងៃ​អនាគត​ ហើយ​នឹង​បន្ត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែងរបស់​អ្នក​សិទ្ធិ​មនុស្ស​ ដើម្បី​ការ​ពារ​សេរី​ភាព​ប្រជា​ពល​រដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួងយុត្តិ​ធម៌​​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថារដ្ឋាភិបាល​ធ្វើការ​អនុវត្តន៍​ច្បាប់​ស្នើ​គ្នា​ៗ ហើយថា​ការ​រក​ឃើញ​របស់​លីកាដូ​នេះ​ជា​ការ​រក​ឃើញ​តែ​មួយ​ជ្រុងប៉ុណ្ណោះ​ដែលមិន​បាន​សិក្សា​ស្ថានភាព​​បច្ចេក​ទេស​ផ្លូវ​​ច្បាប់។ លោក​លើក​ឡើង​ថា​ប្រទេស​នីតិរដ្ឋ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​គឺ​ការ​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​អនុវត្តន៍​ច្បាប់។

លោក​ថា៖ «សកម្មភាពរបស់អង្គការសង្គមស៊ីវិលគឺត្រូវស្ថិតក្រោមក្រមខ័ណ្ខច្បាប់ ការជួបជុំគ្នា ការបញ្ចេញមតិនោះក៏ស្ថិតក្រោមក្របខ័ណ្ឌច្បាប់ដែរ។ ប្រសិនបើយើងធ្វើសកម្មភាពទាំងអស់នោះលើសពីព្រំដែនកំណត់នៃវិជ្ជាជីវៈរបស់យើងជាសង្គមស៊ីវិល អំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌអញ្ចឹងមានតែ ចំណាត់ការតាមផ្លូវច្បាប់ទេ ហើយឧបករណ៍ដែលបានកំណត់នោះគឺមានតែចំណាត់ការតាមប្រព័ន្ធតុលាការទេដែលអាចកំណត់ថាតើសកម្មភាពនោះវាល្មើទៅនឹងច្បាប់ក៏មិនល្មើសទៅនឹងច្បាប់។ ហើយការប្រើប្រាស់កម្លាំងរបស់អាជ្ញាធរមានសមត្ថកិច្ចជាកាប្រើប្រាស់កម្លាំង លើសលប់ជាការរំលោភបំពានទៅលើសេរីភាពរបស់ប្រជាពលរដ្ឋក៏ជាការប្រើប្រាស់កម្លាំងដែលចាំបាច់ក្នុងការថែរក្សាសន្តិសុខសង្គម»

ស្ថានភាពសិទ្ធិមនុស្សនៅ​កម្ពុជា​ត្រូវ​បាន​គេ​មើ​លឃើញ​ថា មានការធ្លាក់ចុះ​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​មាន​ការបោះឆ្នោតឆ្នាំ២០១៣មក ខណៈមានចាប់ឃុំខ្លួនមន្រ្តីសិទ្ធិ​មនុស្ស​អាដហុក​ដែលត្រូវ​បានដោះ​លែងថ្មីៗនេះ។ ​

អតីតតំណាងពិសេសនៃអង្គការសហប្រជាជាតិដែលបានធ្វើការនៅកម្ពុជាពីឆ្នាំ២០០៥ដល់២០០៨ លោក យ៉ាស ហ្គាយ ធ្លាប់​បាន​វាយ​តម្លៃ​ថា​ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាថានៅឆ្នាំ២០១៦ ស្ថានភាពសិទ្ធិមនុស្ស​ អាក្រក់​​ជាងពេលដែលទើបតែផ្តួលរំលំរបបខ្មែរក្រហមទៅទៀត។លោកលើកឡើងដូចនេះដោយសំអាងលើ​ការ​ចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស មេដឹកនាំសហគមន៍ និងការធ្វើបុកទុក្ខម្នេញបក្សប្រឆាំង ការបង្កើត​ច្បាប់ថ្មីៗ​នានា​ដូចជា ច្បាប់សហជីព ច្បាប់គ្រប់គ្រងអង្កការសង្គមស៊ីវិល និងគម្រោងច្បាប់​ស្តីពីគ្រប់គ្រង​អ៊ិនធើណែត​ជាដើម ដែលទាំងអស់​នេះ​លោក​ថាបានគំរាមកំហែង បំបិទសំឡេងសង្គមស៊ីវិល និងធ្វើឲ្យអន្តរាយដល់ការ​ចូលរួម​របស់​ប្រជា​ពល​រដ្ឋ​​ក្នុងដំណើរការប្រជាធិបតេយ្យកម្ពុជាផងដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​លើ​ក​ឡើង​នេះ​ត្រូវបាន​គណបក្សប្រជា​ជន​ច្រាន​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ