សកម្មជនដីធ្លីគ្រោងរកអន្តរាគមន៍ជាថ្មី ឲ្យដោះលែងអ្នកស្រី ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីនៅតំបន់បឹងកក់  អះអាងថា ពួកគេនឹងដាក់ញត្តិនៅតាមស្ថាប័នអន្តរជាតិមួយចំនួន ឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យដោះលែងតំណាងពួកគេ ដោយថា អ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តិកំហុសដូចតុលាការចោទប្រកាន់ឡើយ។

ការលើករបស់សកម្មជនដីធ្លីគឺបន្ទាប់ពីមន្រ្តីសិទ្ធិមនុស្សអាដហុក និងមន្រ្តី គជប ត្រូវបានដោះលែង ហើយ​ថាអ្នកស្រី ទេព វន្នី ជាមនុស្សម្នាក់ដែលសកម្មចេញមុខទាមទារឲ្យដោះអ្នកអ្នកទាំងនោះផងដែរ។

តំណាងសហគមន៍បឹងកក់អ្នកស្រី ប៊ូវ សោភា ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ពួកគាត់គ្រោងនឹងធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ដោយដើរដាក់ញត្តិនៅតាមស្ថាប័នអន្តរជាតិ ដើម្បីជួយជំរុញទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងពួកគេ ហើយសម្រាប់ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនោះពួកគាត់នៅតែធ្វើដដែល  ប្រសិនបើរដ្ឋាភិបាលនៅមិនទាន់ដោះលែងអ្នកស្រី ទេព វន្នី ។

អ្នកស្រីថា «ពួកខ្ញុំមិនទាន់ដឹងទេ ដោយសារ ពួកខ្ញុំថាធ្វើយុទ្ធនាការក្នុងសប្ដាហ៍នេះ ប៉ុន្តែ​ពេលឃើញលទ្ធល្អសម្រាប់សង្គមស៊ីវិលពួកខ្ញុំគិតរកយុត្តិសាស្ត្រថ្មីទៀត តើពួកខ្ញុំអាចនឹងធ្វើអ្វីផ្សេងៗ ហើយថ្ងៃនេះដែរ ពួកខ្ញុំនឹងទៅជួបអ្នកស្រី ទេព វន្នី នៅពន្ធនាគារ នៅម៉ោងថ្ងៃនេះ។ តើគាត់ចង់បានអ្វីបន្ថែមទៀត សម្រាប់ពួកយើងធ្វើ អ្វីដែលពួកយើងទន្ទឹងរងចាំសាលាដំបូងរាជធានីភ្នំពេញ នឹង​​បញ្ជូនសំណុំអ្នកស្រីទេព វន្នីទៅសាលាឧទ្ធរណ៍ក្នុងពេលឆាប់ៗនេះ ព្រោះអីវានីតិវិធីច្រើនណាស់មកហើយ ទៅដល់សាលាឧទ្ធរណ៍ដែលមិនបានផ្ដល់យុត្តិធម៌ដល់អ្នកស្រី ទេព វន្នី»។

អ្នកស្រីបន្តថា ការនៅបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី នេះ មិនបានចំណេញទៅរដ្ឋាភិបាលនោះទេ មានតែធ្វើឲ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ឆ្នោតបន្តទៀត ដោយថា អ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តដូចតុលាការចោទប្រកាន់ឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលគ្មានសិទ្ធិលូកដៃក្នុងរឿងប្រព័ន្ធតុលាការឡើយ។

លោកថា «បងចង់ជម្រាបថាបងនៅខាងគណបក្សបងអត់មានចម្លើយសម្រាប់រឿងតុលាការនឹងរឿងផង»។

អ្នកនាំពាក្យសមាគមអាដហុកលោក សំ ចាន់គា មានប្រសាសន៍ថា ការបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី មិនបានចំណេញអ្វីឡើយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនដោះលែង អ្នកស្រី ទេព វន្នី វានឹងធ្វើប៉ះពាល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ។

លោកថា «វាប៉ះពាល់ខ្លះរួចមកហើយ ចឹងហើយរដ្ឋាភិបាលលោកគួរតែពិចារណាទៅ ហើយលោកគួរតែអធ្យាស្រ័យ ហើយធ្វើការដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពទៅ ពីព្រោះការឃុំខ្លួនអ្នកស្រី ទេព វន្នី ម្នាក់ឯងក៏វាអត់មានបានផលអីក្នុងការបង្រ្កាបអ្នកដទៃមិនឲ្យហានបញ្ចេញមតិដែរ»។

អ្នក​​ស្រី​ ទេព​ វន្នី​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស កាលពីចុងខែកុម្ភៈឆ្នាំ២០១៧ ​ដាក់​ពន្ធនាគារចំនួន​២ឆ្នាំកន្លះ​ ដោយអាជ្ញាធរចោទថា ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពីរ​នាក់​ឲ្យរងរបួស​ កាល​​ពីថ្ងៃទី១៣ខែមីនាឆ្នាំ​២០​១៣។ ​ស្រ្តីសកម្មជនដីធ្លីរូបនេះ ត្រូវបានអាជ្ញាធរ​ចាប់​បញ្ជូនទៅឲ្យ​តុលាការ​កាត់ទោស​៣ដង​រួច​ហើយ។ ករណីនេះ​ ​ក្រុមសកម្មជនដីធ្លីនិង​អង្គការសិទ្ធិមនុស្ស ចាត់ទុកសាល​ក្រម​នោះ​ថា ​មិន​មាន​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ