ពលរដ្ឋក្នុងភូមិមួយ​នៅខេត្តក្រចេះបារម្ភពីសុខភាពរឿង​ដីហុយ

ប្រជាពលរដ្ឋមួយចំនួន​​​រស់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិមួយ ក្នុងខេត្តក្រចេះ បានត្អូញត្អែ​ពីការប៉ះ​ពាល់​សុខ​ភាព​ ដោយថា​បណ្តាល​​​​​មក​ពីដីហុយ។

ឈរលក់ដូរ​ក្បែរចិញ្ចើមផ្លូវ នៅភូមិសំបុក ខេត្តក្រចេះ អ្នកស្រី ជា សាន បាន​ឲ្យដឹង​ថា ផ្លូវជាតិលេខ៧ ត្រូវ​​បានអាជ្ញាធរឈូសឆាយជិត៥ឆ្នាំ ដោយមាន​ទទឹងប្រហែល៦ម៉ែត្រ បណ្តោយ​​​​​ប្រហែល​​ជិត​១០​គីឡូម៉ែត្រ​ ជាប់​ផ្លូវ​កៅ​ស៊ូចាស់ ខណៈបច្ចុប្បន្ននេះអាជ្ញាធរ​មិនទាន់​ក្រាល​កៅស៊ូ​នៅ​ឡើយ។ ករណីនេះ អ្នកស្រីថា ពេល​ធ្វើដំណើរនៅរដូវ​ស្សាកន្លែងខ្លះមានផុក និងរដូវ​ប្រាំដី​ ហុយ​ធ្វើឲ្យ​ប៉ះ​ពាល់​​​ដល់​​សុខ​ភាព​ប្រជា​ពល​រដ្ឋនៅតំបន់នោះជាដើម។

អ្នកស្រីនិយាយថា «ពេលហ៊ុយប៉ះពាល់ក្មេងៗ ក៏វាឈឺច្រើនដែរ វាក្អក ផ្តាសសាយរាប់ខែ មនុស្សចាស់ក៏ ផ្តា​​សាយដែរ មិនថាក្មេងទេ វាហុយខែហុយ វាហុយរហូតទាល់ភ្លៀងវិញ ពេលភ្លៀងវាផុកខ្លះ កន្លែងដុំ»​

គ្រូពេទ្យឯកជនមួយកន្លែង​រស់នៅឃុំសំបូរ​ លោកស្រី ប៊ុន ស៊ូហ៊ាន បាន​រៀប​រាប់ថា អ្នក​ជំងឺ​នៅ​ក្នុង​ភូមិ​ភាគ​ច្រើ​នបានទៅព្យាបាលនៅផ្ទះគាត់ ដោយខ្លះ ក្អក ក្តៅខ្លួន រលាកបំពុងក សួត និ​ង​ជំងឺ​ហឺត ជាដើម។

អ្នកស្រីបន្តថា ដើម្បីកាត់បន្ថយកុំឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានជំងឺបែប​នេះទៀត លុះត្រាតែ​អាជ្ញា​ធរ​ពាក់​ព័ន្ធពន្លឿនធ្វើផ្លូវ​ក្រាលកៅស៊ូឲ្យស្អាត។

អ្នកស្រីនិយាយថា «មានសំណូមពរឲ្យគេធ្វើឲ្យលឿនដែរ ផ្លូវហ្នឹងកាលពីមុនវានៅផ្លូវកៅស៊ូតូចមែន ប៉ុន្តែវាងាយស្រួលជាងឥឡូវៗផ្លូវធំបែរជាដីហុយវាលំបាកដែរ»

ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តក្រចេះ លោក ស្រេង ស្រស់ បានឲ្យដឹងថា អាជ្ញាធរឈូសឆាយ ផ្លូវនោះ ដោយមិនទាន់​ក្រាលកៅស៊ូ ដោយថាខ្វះថវិកា។ ករណីនេះលោកថា ក្រុមការងាររបស់​លោក​នឹង​ប្រជុំ​​ពីគម្រោងប្រចំាឆ្នាំ​នៅខែ៨ខាងមុខ ដើម្បី​ធ្វើ​ស្នើទៅ​ស្ថាប័នពាក់​ព័ន្ធជាពិសេស​ក្រសួង​សាធារ​ណកា​រ​និងដឹកជញ្ជូន​ ពន្លឿនធ្វើផ្លូវជូនប្រជាពលរដ្ឋឲ្យបានឆាប់។

លោកនិយាយថា «យើងលើកច្រើគម្រោងណាស់ ច្រើនទីតំាង លើកគម្រោង៤ទៅ១០ យើងនឹងស្នើ​ទៀត​នៅខែ៨ ហើយអនុម័តប្រហែលជាខែ១២ ព្រោះតម្រូវ​ការច្រើន ហើយថវិកាវាមានកម្រិតប្រចំាឆ្នាំ វាពិបាក​នៅតម្រូវ​ការឲ្យទាន់ពេលដល់ពួកគាត់ ដល់ថ្នាក់ដឹកនាំជួយសម្រេច​»។

មន្ត្រីស៊ើបអង្កេតដីធ្លី និង​សិទ្ធិមនុ​ស្ស​នៅសមាគមការពារ​សិទ្ធិមនុស្សអាដហុក​ប្រចំាខេត្ត​ក្រចេះ លោក ប៊ី វ៉ាន់នី យល់ថា បើស្ថាប័នរដ្ឋមិនបំរើសេវាជូនប្រជា​ពលរដ្ឋឲ្យស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់រដ្ឋាភិ​បាល​​ទេ នោះនឹងធ្វើឲ្យពលរដ្ឋអស់ជំនឿ​លើការដឹកនាំរបស់បក្សកាន់អំណាច​។

លោកយល់ថា «វាអាចធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិ​បាល វាខុសពីអ្វីដែលជាគោលនយោបាយរបស់​សម្តេចនាយករដ្ឋមន្ត្រីដែលគាត់លើកឡើង ហើយទាក់ទងមន្ត្រីត្រូវ​តែបំរើរាស្ត្រ មិនមែនយើងធ្វើ​អ្វី​មួយ​ដោយ​​​គ្មានការទទួលខុសត្រូវទេ ហើយវាខុសពីអ្វីនៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណរបស់រដ្ឋាភិបាល ក្នុងកំណែ​ទម្រ​ង់សាធារណៈរបស់រដ្ឋ ដែលរដ្ឋាភិបាលតែងតែលើកឡើង ទាក់ទិនទៅនឹង​ការបំរើសេវាសាធារណៈ ត្រូវ​​បំ​រើដោយមានឆន្ទៈ ត្រូវបំរើដោយមានតម្លាភាព និងយកចិត្តទុកដាក់ដល់ផល​ប្រយោជន៍ប្រ​ជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន​»។

កញ្ញា ឆោម ស្រីលក្ខណ៍ បានអះអាងប្រហាក់ប្រហែលគ្នាថា ផ្លូវជាតិលេខ៧ ស្ថិត​នៅភូមិសំបុក ឃុំសំបុក ស្រុកសំបូរ​ ខេត្ត​ក្រ​ចេះ ត្រូវ​បានឈូសផ្លូវ​ចាប់តំាង​ពីឆ្នាំ២០១៣ ពោល​​​គិត​​មក​ដល់បច្ចុប្បន្ន មានរយៈពេល​ជិត៥ឆ្នាំហើយ មិន​ទា​ន់​ក្រាល​​កៅស៊ូនៅឡើយ។ ករណីនេះកញ្ញាថា ធ្វើឲ្យ​ប៉ះ​ពាល់​សុខភាព​ពួកគេ​រាប់​រយ​គ្រួសារ​នៅតំបន់នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ