គណបក្សសង្គ្រោះជាតិស្នើទៅ គ.ជ.ប កំណត់ថ្ងៃចុះឈ្មោះបោះឆ្នោតនៅក្នុងថ្ងៃបុណ្យភ្ជុំ

គណបក្សសង្គ្រោះជាតិបានស្នើទៅ គ.ជ.ប ដោយថាដើម្បីផ្តល់ឱកាសឲ្យពលករចំណាកស្រុកនៅក្នុងនិងក្រៅប្រទេសបានចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំ ខណៈពួកគេត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារ។

ក្នុងលិខិតរបស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី២ ខែសីហា ម្សិលមិញបានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីឲ្យកម្មករ-កម្មការិនីនិងពលករខ្មែរទំាងអស់អាចចុះឈ្មោះបោះឆ្នោតបាននៅក្នុងថ្ងៃបុណ្យភ្ជុំនោះ។

ក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ តំណាងរាស្ត្រលោក សុន ឆ័យ បានថ្លែងបន្ថែមលើខ្លឹមសារលិខិតនោះថា ការស្នើសុំឲ្យ គ.ជ.ប ផ្តល់ឱកាសបានចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំ ដោយលោកថាដើម្បីឲ្យពលករចំណាកស្រុកទំាងនោះទទួលបានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតខាងមុខនេះ។ លោកបន្តថា៖ “សុំឲ្យ គ.ជ.ប ក្នុងបីថ្ងៃ គឺយកពីរថ្ងៃ បន្ថែមលុយឲ្យបុគ្គលិកចុះឈ្មោះយ៉ាងម៉េចក៏ដោយ គឺថាឲ្យបានពីរថ្ងៃថែមទៀតទៅ ដើម្បីគាត់អាចយកថ្ងៃបុណ្យឲ្យអ្នកដែលមកពីឆ្ងាយ ដែលគាត់មិនអាចនឹងមកបាន គឺថាអាចយកឱកាសបុណ្យភ្ជំបិណ្ឌចុះឈ្មោះ ហើយទទួលបាននូវសិទ្ធិបោះឆ្នោត ហើយសិទ្ធិនេះជាសិទ្ធិដែលបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថាប័នបោះឆ្នោតត្រូវមានការទទួលត្រូវ ធ្វើម៉េចឲ្យសិទ្ធិនេះបានទៅដល់ពលរដ្ឋគ្រប់រូប ហើយរួមទំាងក្រសួងការងារដែរ

លើសពីនេះទៀតលោក សុន ឆ័យ បញ្ជាក់ថាគណបក្សសង្គ្រោះជាតិក៏បានផ្ញើលិខិតដាច់ដោយឡែកមួយទៀត ទៅរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ឲ្យជួយសហការជាមួយនឹងគ្រឹះស្ថានរោងចក្រទំាងក្នុងស្រុកនិងក្រៅសុ្រក ដើម្បីផ្តល់ឱកាសឲ្យពលករបានឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំ បានត្រឡប់មកស្រុកកំណើតចុះឈ្មោះបោះឆ្នោតផងដែរ។

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃនេះ។

ចំណែកអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប បានទទួលលិខិតស្នើសុំរបស់គណបក្សសង្គ្រោះជាតិហើយ ប៉ុន្តែលោកថាក្រុមការងារកំពុងពិនិត្យលើសំណើនេះ។ លោកបន្ថែមថា៖ “គ.ជ.ប បានទទួលព័ត៌មាននេះហើយ ហើយកំពុងតែពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ ចំាដល់មានការសម្រេចយ៉ាងណានោះនឹងជូនព័ត៌មានជាសាធារណៈ

បើតាម គ.ជ.ប អ្នកមានសិទ្ធិឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៦ អាចឡើងដល់ជាង១០លាននាក់។ បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់ គ.ជ.ប ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។

គួររបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់រយៈពេល៣ខែសម្រាប់ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕

លោក ណាត សុភាព និងលោក សូរ្យ ជ័យឧត្តម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ