លោក សម រង្ស៊ី រក្សាជំហរចោទរដ្ឋាភិបាលថានៅពីក្រោយការសម្លាប់លោក កែម ឡី ទោះមានពាក្យបណ្តឹង

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ជាថ្មីម្តងទៀតមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសគេចចេញពីការតាមចាប់ខ្លួនបានប្រកាសជំហរថាខ្លួននៅតែគិតថារដ្ឋាភិបាលនៅពីក្រោយការសម្លាប់លោក កែម ឡី ដោយអះអាងថា បើការស៊ើបអង្កេតមួយមិនផ្តល់ទំនុកចិត្តដល់សាធារណជននោះ។

លោក កែម ឡី ត្រូវគេបាញ់សម្លាប់នៅក្នុងហាងស្តារម៉ាតមួយនៃស្ថានីយប្រេងឥន្ទនៈកាលតិចជាប់ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញនាថ្ងៃទី១០ខែកក្កដា ក្រោយពីអ្នកស្រាវជ្រាវរូបនោះបានអត្ថាធិប្បាយបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែល Global Witness ដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»

ក្រោយមានឃាតកម្មបាញ់សម្លាប់លោក កែម ឡី ប៉ុន្មានថ្ងៃ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកចោទរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយឃាតកម្មនេះ។

ប៉ុន្តែការចោទប្រកាន់នោះត្រូវរដ្ឋាភិបាលប្តឹងកាលពីថ្ងៃចន្ទទី១ខែសីហាឆ្នាំ២០១៦ ដោយមេធាវីជាដើមបណ្តឹង លោក គី តិច បានសរសេរក្នុងពាក្យបណ្តឹងនោះថាការចោទប្រកាន់របស់មេបក្សប្រឆាំង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាល និងចាត់ទុកថាមានចរិតញុះញង់បំផុសបំផុលក្នុងចលនាបញ្ឆេះកំហឹងមហាជនដែលអាចបង្កឲ្យមានចលាចល។

ក្រោយមានពាក្យបណ្តឹងនេះលោក សម រង្ស៊ី សរសេរលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២ខែសីហាថា លោកជឿថារដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

លោក សម រង្ស៊ី បន្តថាឃាតកម្មបាញ់ស្លាប់លោក កែម ឡី នេះដូចគ្នាទៅនឹងករណីការគប់គ្រាប់បែកសម្លាប់មនុស្សយ៉ាងតិច១៦នាក់នៅមុខមន្ទីររដ្ឋសភាអំឡុងឆ្នាំ១៩៩៧ ឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២អញ្ចឹងដែរ។ លោកថាទាំងអស់នេះគឺជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច។

មេបក្សប្រឆាំងដែលកំពុងតែនីរទេសខ្លួនរូបនោះបានចោទជាសំនួរថា បើរដ្ឋាភិបាលមិនចង់ឲ្យលោកធ្វើការចោទប្រកាន់ តើហេតុអ្វីបានជារដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យមួយមានការចូលរួមពីអន្តរជាតិ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចលោក សុខ ឥសាន បានវាយបកវិញធ្ងន់ៗថា ការចង់ឲ្យបរទេសចូលរួមស៊ើបអង្កេតការណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះ លោក សុខ ឥសាន ថា មេបក្សប្រឆាំងរូបនោះហាក់ទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងការត្រួតត្រារបស់បរទេស។

លោកថា៖ «ខ្មែរយើងមានឯករាជ្យមានអធិបតេយ្យ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មិនមែនមានអីចាំតែពឹង បរទេសៗ អាហ្នឹងសម្តីខ្ញុំគេ»

ទោះជាយ៉ាងណាលោក សុខ ឥសាន លើកឡើងដែរថា ពេលខ្លះកម្ពុជាក៏ត្រូវការជំនួយពីបរទេសដែរ តែលោកថាមិនចាំបាច់រកអន្តរាគមន៍គ្រប់ពេលទេ ដើម្បីពង្រឹងពីភាពឯករាជ្យរបស់កម្ពុជា។

ច្រើនឆ្នាំមកនេះឃាតកម្មច្រើនករណីបានកើតឡើង ដែលក្រុមគ្រួសារជនរងគ្រោះអះអាងថាជនដៃដល់និងអ្នកពាក់ព័ន្ធមិនត្រូវអាជ្ញាធរវែកមុខមកផ្តន្ទាទោសទេ ដូចជាករណីបាញ់សម្លាប់អ្នកការពារបរិស្ថានលោក ឈុត វុទ្ធី បាញ់សម្លាប់អ្នកការពារសិទ្ធិកម្មករលោក ជា វិជ្ជា បាញ់សម្លាប់អ្នកសារព័ត៌មានអ្នកនយោបាយ និងបាញ់សម្លាប់តារាចម្រៀងជាដើម បើទោះបីរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសមានគ្រប់ស្ថាប័នជំនាញស៊ើបអង្កេតករណីឃាតកម្មនោះក៏ដោយ។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាឃាតកម្មជាច្រើនកន្លងទៅ លោកថាអាជ្ញាធររដ្ឋបានបង្កឲ្យសាធារណជននិងគ្រួសារជនរងគ្រោះខកចិត្តពីការស្វែងរកឧក្រិដ្ឋជនមកផ្តន្ទាទោស។

មន្ត្រីសង្គមស៊ីវិលរូបនោះលើកឡើងទៀតថា ដើម្បីកុំឲ្យអ្នកនយោបាយបាចទឹកដាក់គ្នា ទាញយកផលចំណេញតែរៀងៗខ្លួន លោកថារដ្ឋាភិបាលត្រូវបង្ហាញពីតម្លាភាពនៃការស៊ើបអង្កេតឲ្យពលរដ្ឋទូទៅជឿបានថាឃាតកពិត និងអ្នកនៅពីក្រោយឃាតកម្មត្រូវបានវែកមុខយកមកផ្តន្ទាទោស។

លោកថា៖ «បើយើងមានឆន្ទៈ យើងប្រាកដក្នុងរឿងហ្នឹង យើងត្រូវតែបង្ហា្ញញនូវការពិត ហើយយើងកុំខ្លាច បើសិនសមត្ថកិច្ចខ្វះខាតជំនាញណាមួយក្នុងការស្រាវជ្រាវផ្នែកស៊ើបអង្កេត យើងកុំខ្លាចខ្លួនអន់ យើងអាចស្នើសុំជំនួយបច្ចេកទេសពីគេឬអ្នកដែលមានបច្ចេកទេសនឹងមកចូលរួម ដើម្បីធ្វើយ៉ាងណាឲ្យមានយុត្តិធម៌ បើធ្វើយ៉ាងនេះ ទើបធ្វើឲ្យគណបក្សទាំងអស់ហ្នឹង គ្មាននរណាមួយអាចកេងយកចំណេញបានទេ ព្រោះយុត្តិធម៌ត្រូវបានរកឃើញ»។

បើតាមលោក អំ សំអាត ឃាតកម្មខ្លះសមត្ថកិច្ចបានរកឃើញការពិត ប៉ុន្តែលោកថាសមត្ថកិច្ចខ្លះមិនហានទម្លាយការពិត ដោយពួកគេបានរម្ភពីសុវត្ថិភាព ទើបធ្វើឲ្យភាពអយុត្តិធម៌ចេះតែកើតមានជាបន្តបន្ទាប់។

ឃាតកម្មបាញ់សម្លាប់លោក កែម ឡី បើទោះបីមកដល់ពេលនេះមន្ត្រីជំនាញរបស់រដ្ឋាភិបាលមិនទាន់បង្ហើបឲ្យដឹងថា តើមានមនុស្សប៉ុន្មាននាក់ទៀតជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ ក្រៅពីជនសង្ស័យម្នាក់ឈ្មោះ ជួប សម្លាប់ ត្រូវចាប់ខ្លួនបានក្រោយកើតហេតុក៏ដោយ តែអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកតៗគ្នាពីវីដេអូបែកធ្លាយមួយ បង្ហាញពីទំនាក់មនុស្សមួយក្រុមទៀតមានទំនាក់ទំនងជាមួយខ្មាន់កាំភ្លើង ពេលពួកគេរំដោះជនដៃដល់ គេចចេញពីកន្លែងកើតហេតុ។

វីដេអូបែកធ្លាយនេះ អ្នកតាមដានគិតថាជាជំនួយស្មារតីមួយទៀតដល់អាជ្ញាធររដ្ឋក្នុងការស្វែងរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោស។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថា វីដេអូបែកធ្លាយនេះអាចជាពន្លឺមួយទៀត ដល់សមត្ថកិច្ចក្នុងការវែកមុខអ្នកពាក់ព័ន្ធ ប៉ុន្តែលោកថាអាជ្ញាធរហាក់មានភាពយឺតយ៉ាវក្នុងការបង្ហាញភស្តុតាងនានា ក្រោយចាប់ជនសង្ស័យបានដូចជាការបង្ហាញពីក្រយៅដៃ ពេលឃាតករបើកទ្វារស្តាម៉ាតចូលបាញ់លោក កែម ឡី ពីទំហំដានជើងរបស់ឃាតករ ឈរបាញ់នៅកន្លែងកើតហេតុ និងភស្តុតាមផ្សេងៗទៀត ដើម្បីបញ្ជាក់ឲ្យសាធរណជនជឿបានថា តើជនសង្ស័យនិងភស្តុតាងនានា ដែលមន្ត្រីប្រមូលបានដូចគ្នាទៅនឹងជនសង្ស័យដែលសមត្ថកិច្ចចាប់បានឬអត់។

សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គិតថាជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី នឹងមិនត្រូវវែកមុខមកផ្តន្ទាទោសដូចឃាតកម្មមុនៗដែរ បើគ្មានឆន្ទៈយោបាយនោះ។

លោកថា៖ «រឿងហ្នឹងវាស្រដៀងនឹងរឿង ឈុត វុទ្ធី នៅពេលអ្នកដែលបាញ់ ឈុត វុទ្ធី ហើយហ្នឹង អ្នកហ្នឹងក៏ត្រូវស្លាប់ដែរ ដោយមានអ្នកផ្សេងទៀតមកបាញ់។ បើយើងមើលលំនាំរឿងនេះ ឆាកល្ខោនហ្នឹងរៀបស្រដៀងនឹងរឿង ឈុត វុទ្ធី ដែរ ប៉ុន្តែហាក់បីដូចជាដើរទៅសម្តែងទៅអត់សូវបានល្អ»

បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី នោះថាជាអំពើសាហាវព្រៃផ្សៃនិងបានផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារលោក កែម ឡី ក៏ដោយ ប៉ុន្តែលោក សម រង្ស៊ី បានសរសេរនៅហ្វេសប៊ុកលោកថា មានតែរដ្ឋាភិបាលទេ ដែលមានមធ្យោបាយនិងមានលទ្ធភាពធ្វើការវាយប្រហារបែបនេះ រួចបិទបាំងការពិតនិងធានាឲ្យមាននិទណ្ឌភាពចំពោះជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ