លោក ហ៊ុន សែន បញ្ជាក់ករណី «ប្រើគល់ឫស្សីវាយក្បាលអ្នកប្រឆាំងលទ្ធផលបោះឆ្នោត»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកខ្លួនចេញពីការអះអាងថា នឹងប្រើគល់ឫស្សីវាយ ក្បា​លអ្ន​​កត​វ៉ា​ប្រ​​ឆាំងលទ្ធផលបោះឆ្នោត នៅពេលខាងមុខ។

ការបកស្រាយរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់​សំដី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដោយថា តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី គឺត្រូវទប់ស្កា​ត់មិនឲ្យ​អ្នកធ្វើ​​​បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨នេះទេ ហើយបើមានការតវ៉ា លោក វង សូត បាននិយាយថា «នឹងប្រើគល់​ឫស្សី​វាយ​ក្បាលអ្នកតវ៉ា»។

ប៉ុន្តែក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ខែសីហានេះ លោក ហ៊ុន សែន បានថ្លែងថា នៅពេលប្រជុំបក្សនោះ លោកមិនបាននិយាយថាប្រើគល់ឫស្សី វាយសំពងអ្នកតវ៉ា ដូច លោក វង សូត និយាយនោះទេ ប៉ុន្តែលោក ហ៊ុន សែន ថាគណបក្សកាន់អំណា​ចពិតជាមានគម្រោ​ងបង្ក្រាបទៅ​លើ​​ក្រុមអ្ន​កតវ៉ាពិតប្រាកដមែន។

លោកថា៖ «ឮគេផ្សាយថា វង សូត វាយក្បាលគេនឹងគល់ឫស្សីម៉េច។ អត់ទេ ខ្ញុំគ្រាន់តែនិយាយអញ្ចេះ ខ្ញុំ​ថា​មិន​ឲ្យសភាពការ២០១៣វិលវិញទេសុំទោសដាក់ហើយ។ កុំធ្វើផ្តេសផ្តាស តិចថាចង់បា​នធ្វើអនុប្រធា​នព្រឹទ្ធសភា ធ្វើបាតុកម្មត្រូវហើយគ្មា​នទុកទេ។ ចង់បានស្អីអ្ន​កឯងចង់ធ្វើបា​តុកម្មហ្អេ​ស ចុះគណ​បក្សដែ​​លឈ្នះឆ្នោតគ្មានសិទ្ធិធ្វើបាតុកម្មទេអី សូមព្រមានទុកឲ្យហើយ គេក៏មានសិទ្ធិដែរ។ រួចហើយបើអ្នកឯងតដៃ អា​​ហ្នឹ​ងរឿងតដៃ វាប៉ះគ្នា»។

ការលើ​កឡើង របស់លោក វង សូត នេះជំរុញឲ្យមានប្រតិកម្មរិះគន់ពីសង្គមស៊ីវិលជាតិនិងអន្តរជាតិ ថាជាការប្រមាថលើពលរដ្ឋខ្លួនឯង និងថារដ្ឋាភិបាលកំពុងដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ធ្លាក់ទៅរករបបផ្តាច់ការ។

នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ភីល រ៉ូបឺតសុន បានសេចក្តីថ្លែងការណ៍ទទូចឲ្យរដ្ឋាភិបាលដកលោក លោក វង សូត ចេញពីតំណែង និងហៅសុ​ន្ទរកថារប​ស់រដ្ឋមន្រ្តីរូបនេះថា«ជាសារដ៏ឃោរឃៅរបស់គាត់ដែលបង្ហាញថាគាត់មិនដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្សឬប្រជាធិបតេយ្យ»។

ប៉ុន្តែ​លោក ហ៊ុន សែន បានថ្លែងការពារលោក វង សូត ដោយប្រតិកម្មនឹងការទាមទារ របស់អង្គការ​អន្តរជា​តិមួយនេះ។

លោកថា៖ «ហើយអាអ្នកទាមទារឲ្យ វង សូត លាលែងពីតំណែង អាហ្នឹងក្រែងវា ជនជា​តិអាមេ​រិក​ដែរហ្អេ អាមេរិកកំពុងធ្វើអីរាល់ថ្ងៃហ្នឹងបាតុកម្មបាញ់នេះ បាញ់នោះពេញហ្នឹង។ បើ​ចង់​អាណាធិបតេ​យ្យបែបអាមេរិក សូមអ្នកឯងទុកអាណាធិបតេយ្យ​នៅក្នុងប្រទេ​សអាមេរិកទៅ កុំ​នាំអា​ណាធិបតេយ្យចូ​លប្រទេសខ្ញុំ​។ មិនអាចហៅអាហ្នឹងថា ប្រជាធិ​បតេ​យ្យនិ​ង​សិទ្ធិ​មនុស្សទេ»។

អ្នកវិភាគន​យោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ភាសាគំរាម ប្រមាថគ្នា របស់អ្នកន​យោ​បា​យពេ​ល​នេះ ហាក់បានបង្ហាញថា វប្បធម៌លាបពណ៌ឲ្យពលរដ្ឋស្អប់គ្នា នៅតែត្រូវបាន​គេ​យ​កម​កប្រើ​ដើម្បី​ការ​ពារ​អំណា​ច បើទោះពីពេលនេះកម្ពុ​ជាប្រកាសថា កំ​ពុងដើរលើ​គន្លង​ប្រជាធិបតេ​យ្យក៏ដោយ។

លោកថា៖ «បើយើងអត់បញ្ឈប់ការប្រើប្រាស់ពាក្យសម្តីអសុរោះបែបនេះទេ សង្គមខ្មែរយើងអាចនឹងបាត់បង់​​ទៅវិនៅថ្ងៃណាមួយមិនខានទេ ឲ្យតែយើងនៅប្រើប្រាស់អានយោបាយបែបប្រមាថ លាបពណ៌គំរាកំហែងសម្លុត ដោយមិនចេះនិយាយគ្នាក្នុងភាពជាមនុស្ស។ ពីព្រោះអាភាសាគ្រហឹម គំរាមកំហែងអីនេះមិ​​​មានជាភាសារបស់មនុស្សទេតាមពិតទៅ វាជាសំឡេងរបស់​​​ត្វធាតុទេ បើមនុស្សយើងចេះនិយាយគ្នា យើងចេះដោះស្រាយគ្នាហើយបាទ»។

ទោះជាយ៉ាងណាលោក ហ៊ុន សែន បានគំរាមដែរថា គណបក្សប្រឆាំង​ក៏ប្រឈមនឹ​ងការរំលា​យចោ​​​​​ល​​ដែរបើបានដឹកនាំបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ហើយរំលោភទៅ​នឹងច្បាប់​គណប​ក្សនយោបាយ ដែលលោកស្នើធ្វើវិសោធនកម្ម ទាំងចម្រូងចម្រាសនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ