ក្រសួងមហាផ្ទៃ៖ លោក ញឹក ប៊ុនឆៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ (រូបថត ហួត វុទ្ធី)

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថា ពិតជាមានករណីឃាត់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ ដោយសមត្ថកិច្ចចោទថា លោកមានជាប់ពាក់ព័ន្ធនឹងគ្រឿនញៀន នៅខេត្តកំពង់ស្ពឺ កាលពី៥ឆ្នាំមុន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា សមត្ថកិច្ចបានឃាត់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ នៅវេលាម៉ោងប្រមាណ១២រសៀល ថ្ងៃព្រហស្បត្តិ៍ ទី៣ខែសីហានេះ ដោយចោទថា លោក ញឹក ប៊ុនឆៃ មានជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន នៅឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២។

ប៉ុន្ដែលោក ខៀវ សុភ័គ ថាលោកមិនអាចបញ្ជាក់លម្អិត ថាតើសមត្ថកិច្ចកំពុងនាំខ្លួនលោក ញឹក ប៊ុនឆៃ បន្ដទៅទីណានោះទេ។

លោកថា៖ «បាទ គ្រាន់តែ confirm​ [បញ្ជាក់] ថា មានការចាប់ខ្លួនអញ្ចឹងមែន ចំពោះពូដឹងតែប៉ុណ្ណឹងទេ លម្អិតផ្សេងៗទៀត នឹងប្រាប់តាមក្រោយ។ គ្រាន់តែដឹងថា ចាប់ខ្លួនដោយសារតែពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅភ្នំស្រួច»។

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម បាននៅឡើយទេ ដោយសារទូរស័ព្ទចូល គ្មានអ្នកទទួល។

នៅវេលាម៉ោង១ថ្ងៃត្រង់ សមត្ថកិច្ចក្រុងភ្នំពេញឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនបន្ដទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ប៉ុន្ដែមន្ដ្រីនៅទីនោះថា មិនទាន់មានការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ នោះទេ។

ការឃាត់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានគេមើលឃើញថា ទំនងជាធ្វើឡើង បន្ទាប់ពីគណបក្សកាន់អំណាច ប្រកាសផ្ដាច់សម្ព័ន្ធភាពជាមួយគណបក្សនេះ ដោយចោទថា លោក ញឹក ប៊ុនឆៃ មានចេតនាកុហក មិនស្មោះត្រង់។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីខែមិថុនាកន្លងទៅ លោក ញឹក ប៊ុនឆៃ អះអាងថា លោកបានទូរស័ព្ទច្រឡំលេខទៅមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីមុនបោះឆ្នោតឃុំសង្កាត់។ ប៉ុន្ដែលោកបដិសេធថា លោកគ្មានទំនាក់ទំនង ឬចង់ចុះចូលជាមួយគណបក្សប្រឆាំងឡើយ។

អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការចាប់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ អាចជាយុទ្ធសាស្ដ្រ ដើម្បីទប់ស្កាត់ មិនឲ្យមានសំឡេងប្រឆាំងនឹងរដ្ឋាភិបាល ហើយលោកថា ក៏ជាវិធីសាស្ដ្រមួយ ទប់ស្កាត់កុំឲ្យកើនសំឡេងគាំទ្រ ទៅបក្សប្រឆាំង។

កាលពីឆ្នាំ២០០៧ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងផលិតគ្រឿនញៀនមួយកន្លែង ស្ថិតក្នុងដីចម្ការរបស់លោក ញឹក ប៊ុនឆៃ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដីចម្ការប្រមាណជាង៣០០ហិចតា ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលជាទីប្រឹក្សាលោក ញឹក ប៊ុនឆៃ ហើយត្រូវបានអាជ្ញាធររឹបអូស។ ករណីនេះ អ្នកជាប់សង្ស័យជាច្រើននាក់ទៀត ត្រូវបានកាត់ទោសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ