កាណាដាចង់ឃើញកម្ពុជាមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ

លោក Stéphane Dion ក្នុងជំនួបកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ សីហា នៅភ្នំពេញ (ប្រភពពីហ្វេសប៊ុក លោក កឹម សុខា)

រដ្ឋមន្ត្រីការបរទេសកាណាដា ដែលបានមកទស្សនកិច្ចនៅកម្ពុជាថា អ្វីដែលប្រទេសខ្លួនសង្ឃឹមសម្រាប់កម្ពុជានោះ គឺកម្ពុជាមួយដែលមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ។

រដ្ឋមន្ត្រីការបរទេសប្រទេសកាណាដា លោក ស្ទីហ្វិន ឌីអ៊ន (Stéphane Dion) បានប្រាប់វីអូឌីក្នុងកិច្ចសម្ភាសន៍មួយនៅរសៀលថ្ងៃទី២ កញ្ញា នេះថា លោកមិនមានមតិផ្ទាល់ខ្លួនពីស្ថានភាពនយោបាយបច្ចុប្បន្នជំនួសប្រជាជនកម្ពុជាទេ តែលោកថាអ្វីដែលលោកសង្ឃឹមនោះគឺប្រទេសកម្ពុជាមួយដែលពោពេញទៅដោយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។

លោកមានប្រសាសន៍ថា៖ ខ្ញុំពុំមានមតិយោបល់ផ្ទាល់ខ្លួនសម្រាប់ការមើលឃើញរបស់ខ្ញុំ (ចំពោះស្ថានភាពនយោបាយ) សម្រាប់កម្ពុជាទេ។ វាជាកិច្ចការរបស់អ្នក (កម្ពុជា) ក្នុងការមើលឃើញពីប្រទេសរបស់អ្នក។ ខ្ញុំមានតែក្តីសង្ឃឹមៗ ដែលកាណាដាបានផ្តល់ឲ្យកម្ពុជាតាមការជួយគាំទ្រ ដើម្បីឲ្យមានការគោរពលិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។  ជាពិសេសសម្រាប់អ្នកការពារសិទ្ធិមនុស្ស យើងចង់ឃើញពួកគាត់ធ្វើការដោយបំពេញការងារដោយមិនមានបញ្ហា និងការរារាំងពួកគេ

សម្រាប់ប្រទេសកាណាដាវិញ លោកថា ប្រទេសរបស់លោកស្វាគមន៍ចំពោះការផ្តល់យោបល់ពីមជ្ឍដ្ឋានទូទៅក្នុងការធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន កាន់តែល្អប្រសើរឡើង។ លោកថាជាគោលការណ៍លិទ្ធិប្រជាធិបតេយ្យ គឺត្រូវគោរពនីតិរដ្ឋ និងសិទ្ធិមនុស្ស ដែលត្រូវដំណើរការទៅជាមួយគ្នា។

សម្រាប់ការបោះឆ្នោតរបស់ក្នុងប្រទេសកម្ពុជានាពេលខាងមុខវិញ លោក ស្ទីហ្វិន ឌីអ៊ន សង្ឃឹមថាការបោះឆ្នោតនេះនឹងអាចទទួលយកបាន ហើយសិទ្ធិរបស់ភាគីបក្សនយោបាយនឹងត្រូវបានគោរព។

ក្នុងការបើកស្ថានទូតខ្លួនឡើងវិញបន្ទាប់ពីបិទក្នុងឆ្នាំ២០០៩ លោកបានឲ្យដឹងថាប្រទេសកាណាដាកំពុងតែពិចារណាទៅលើករណីនេះ តែលោកថាអ្វីដែលកាណាដាត្រូវធ្វើនោះគឺត្រូវបង្កើនទំនាក់ទំនងឲ្យបានល្អជាមួយកម្ពុជាមុនសិន ហើយនៅពេលនេះ គឺប្រទេសកាណាដាបានបើកការិយាល័យទូតជាផ្លូវការ ដើម្បីបង្កើននូវទំនាក់ទំនងទាំងនេះ។

គួរបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនៈកិច្ចលើកទីមួយ របស់លោក ស្ទីហ្វិន ឌីអ៊ន មកកាន់កម្ពុជាបន្ទាប់ពីលោកត្រូវបានតែងតាំងក្លាយជារដ្ឋមន្រ្តីការបរទេសនៃប្រទេសកាណាដានៅឆ្នាំ២០១៥។

បើតាមសេចក្តីជូនដំណឹង ក្នុងដំណើរទស្សនកិច្ចរបស់លោកនេះគឺ ដើម្បីពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកាណាដាជាពិសេសតំបន់អាស៊ីអាគ្នេយ៍ បង្កើនកិច្ចសហការពាណិជ្ជកម្ម ទប់ស្កាត់ការបំរែបំរួលអាកាសធាតុ និងកិច្ចសហការរវាងប្រទេសទាំងពីរមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ