កាសែតខេមបូឌា ដេលី ប្រកាសបិទថ្ងៃស្អែកនេះ ក្រោយបដិសេធបង់ពន្ធតាមរដ្ឋាភិបាល

កាសែត​ភាសា​អង់គ្លេស Cambodia Daily បាន​ប្រកាស​ថា នឹង​​បិទ​ប្រតិបត្តិការ​​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ នៅ​ពេល​ថ្ងៃ​ឱសាន​វាទ​បាន​ចូល​មក​ដល់ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​បង់​ពន្ធ​ជាង ៦​លាន​ដុល្លារ ប៉ុន្តែ កាសែត​មួយ​នេះ​បាន​បដិសេធ​បង់​ទៅ​តាម​រដ្ឋាភិបាល។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា​កន្លង​មក បាន​បញ្ជា​ទៅ​កាសែត Cambodia Daily ឲ្យ​បង់​ពន្ធ​នូវ​ថវិកា​ ៦.៣​លាន​ដុល្លារ ដោយ​ថា កាសែត​បរទេស​មួយ​ជំពាក់​ពន្ធ​រដ្ឋ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុងក្រោយ​មក​នេះ។ រដ្ឋាភិបាល​កម្ពុជា បាន​​ទុក​ពេល ១​ខែ​ឲ្យ​កាសែត​នេះ​បង់​ពន្ធ បើ​ពុំ​ដូច្នោះ​ទេ កាសែត​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បិទ នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា។

ទោះ​ជាយ៉ាងណា កាសែត Cambodia Daily ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល ២៤​ឆ្នាំ​ហើយ​នោះ បាន​បដិសេធ​បង់​ពន្ធ​ ដោយ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ចេតនា​បិទ​ព័ត៌មាន​នេះ ជា​ជាង​រឿង​ពន្ធ។

ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​តាម​ច្បាប់​នោះ​ឡើយ ប្រសិន​បើ​សារព័ត៌មាន​មួយ​នេះ មិន​បង់​ពន្ធ​នោះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អាទិត្យ​នេះ កាសែត Cambodia Daily បាន​ប្រកាស​ថា សេវា​របស់​កាសែត​នេះ នឹង​បញ្ចប់ នៅ​ថ្ងៃ​ស្អែក​នេះ។

កាសែត​នេះ បាន​លើក​ឡើង​ថា អំណាច​ពន្ធ គឺ​ជា​អំណាច​បំផ្លាញ ហើយ​បន្ទាប់​ពី​ប្រតិបត្តិការ​នៅ​កម្ពុជា​រយៈ​ពេល ២៤​ឆ្នាំ និង ១៥​ថ្ងៃ រដ្ឋាភិបាល​កម្ពុជា បាន​បំផ្លាញ​កាសែត Cambodia Daily ដែល​ជា​ចំណែក​ដ៏​ពិសេស​តែ​មួយ​គត់​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក Phil Robertson បាន​ចាត់​ទុក​ការ​បិទ​កាសែត​ Cambodia Daily ថា​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​តាំង​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក Phil Robertson បាន​លើក​ឡើង​ថា ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​តែ​អំពាវ​នាវទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​មួយ​នេះ រហូត​ដល់​មាន​ការ​ធ្វើ​សវនកម្ម​ស្រប​ច្បាប់​ទៅ​លើ​បញ្ហា​បំណុល​ពន្ធ​នេះ។

កាសែត​ភាសា​អង់គ្លេស Cambodia Daily ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​កាសែត​អាមេរិក​ជើង​ចាស់ លោក Bernard Krisher ក្នុង​ឆ្នាំ​១៩៩៣ មុន​នឹង​កាសែត​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នកស្រី Deborah Krisher-Steele នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ