ក្រសួងគម្រាមដកអាជ្ញាប័ណ្ណវិទ្យុ ២ ទៀតដែលបន្តផ្សាយកម្មវិធីព័ត៌មាន RFA និង VOA

ក្រសួងព័ត៌មាន បានគម្រាមដកអាជ្ញាប័ណ្ណវិទ្យុក្នុងស្រុកចំនួន ២​ទៀត ប្រសិន​បើ​វិទ្យុ​ទាំង​ពីរ​នោះ មិន​ព្រម​បញ្ឍប់​ការផ្សាយ​កម្មវិធី​ព័ត៌មាន​​របស់វិទ្យុអាស៊ីសេរី RFA និង វិទ្យុសំលេងសហរដ្ឋអាមេរិកវីអូអេ VOA។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចេញ​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ទៅ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ FM១០៥ និង​ម្ចាស់​ស្ថានីយ៍​វិទ្យុ FM ១០២ ឲ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​ព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី និង​វីអូអេ។

ក្នុងសេចក្ដីជូនដំណឹង​នោះ ក្រសួងព័ត៌មានបានគម្រាមដកអាជ្ញាប័ណ្ណ និង​បញ្ឈប់ការផ្សាយរបស់វិទ្យុទាំង២ ជាស្ថាពរ ករណី​មិន​គោរព​តាមការណែនាំចាប់ពីថ្ងៃនេះតទៅ ដោយក្រសួងលើកហេតុផលថា វិទ្យុអាស៊ីសេរី RFA និង វិទ្យុ​សំលេង​សហរដ្ឋអាមេរិកវីអូអេ VOA ពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់​នៅក្រសួងព័ត៌មាន​នៅ​ឡើយទេ។

នាយិកានៃស្ថានីយវិទ្យុស្រ្តីកម្ពុជា FM១០២ អ្នកស្រី ជា ស៊ុន ដាណែត បានសម្រេចបិទការផ្សាយ​កម្មវិធីព័ត៌មានរបស់ RFA និង VOA តាមការណែនាំរបស់ក្រសួង។

ចំណែកម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ​ លោក ម៉ម សូណង់ដូ ក៏សម្រេចតាមការណែនាំរបស់ក្រសួងដែរ ប៉ុន្តែ លោក សម្ដែង​ការសោក​ស្ដាយ​ចំពោះការបិទការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំង ២នោះ។

កាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលបានបិទស្ថានីយ៍វិទ្យុចំនួន​ ១៩ ដែលបានជួលម៉ោងផ្សាយអោយ​វិទ្យុសំលេងប្រជាធិបតេយ្យ វីអូឌី  វិទ្យុអាស៊ីសេរី និងវិទ្យុសំលេងសហរដ្ឋអាមេរិក​។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្គាប់​ទៅ​កាសែត Cambodia Daily ឲ្យ​បង់​ពន្ធ​ចំនួន ៦.៣​លាន​ដុល្លារ​ផង​ដែរ ដោយ​រដ្ឋាភិបាល​កម្ពុជា​ថា កាសែត​នេះ​បាន​ជំពាក់​ពន្ធ​រដ្ឋ​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​វិធាន​ទាំង​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​បំបាត់​សំឡេង​រិះគន់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​សារព័ត៌មាន ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថា ជា​ការ​អនុវត្ត​ច្បាប់​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ