រដ្ឋាភិបាលនិងសមាគមគ្រូបង្រៀនផ្ញើសារផ្សេងគ្នាក្នុងទិវាគ្រូបង្រៀនពិភពលោក

រដ្ឋាភិបាល និងសមាគមគ្រូបង្រៀន បានជ្រើសរើសយកប្រធានបទផ្សេងគ្នា ក្នុងការចូលរួមប្រារព្ធទិវាគ្រូបង្រៀនពីភពលោក ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹងចុះថ្ងៃទី៣ខែតុលា ក្រសួងអប់រំយុវជន និងកីឡា លើកឡើងថា នៅថ្ងៃអាទិត្យទី៩ខែតុលា ចាប់ពីម៉ោង៨ព្រឹកទៅ ក្រសួងនឹងធ្វើពិធីអបអរសាទរទិវាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ស្ថាប័នរដ្ឋាភិបាលមួយនេះ លើកឡើងទៀតថា ប្រធានបទដែលសំខាន់នៅក្នុងពិធីនោះគឺ«គ្រូបង្រៀនជាអ្នកសម្រួចអនាគត របស់សិស្ស»។

ដោយឡែក សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឯណោះវិញ លោកស្រី អ៊ុក ឆាយាវី ជាប្រធានស្តីទី បានលើកឡើងថា សមាគម នឹងប្រារព្ធទិវាគ្រូបង្រៀននេះ នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ ដោយថា ដោយសារថ្ងៃនោះ ជាថ្ងៃដែលប្រទេសនានាលើពិភពលោក កំណត់ថាជាទិវាគ្រូបង្រៀនពិភពលោក។

លោកស្រី អ៊ុក ឆាយាវី បន្តទៀតថា ពិធីនោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួម នឹងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីបានសម្តែងមតិ បង្ហាញពីទុក្ខលំបាក របស់ពួកគេ ដែលកើតចេញពីប្រាក់ខែតិចតួចមិនអាចធានាជីវភាពរស់នៅសមរម្យបាន។

លោកស្រី អ៊ុក ឆាយាវី ឲ្យដឹងបន្តថា ក្នុងពិធីជួបជុំនោះ ក៏នឹងនឹងផ្ញើសារជំរុញឲ្យរដ្ឋាភិបាល តំឡើងប្រាក់ខែគោលដល់គ្រូបង្រៀនឲ្យបានម្នាក់ៗ១លាន៥សែនរៀលក្នុងមួយខែ រួមទាំងទាមទារប្រាក់ធានាសុខភាព និងអន្ថប្រយោជន៍ផ្សេងៗទៀត ។

បើតាមលោកស្រី អ៊ុក ឆាយាវី បើលោកគ្រូអ្នកគ្រូ មានប្រាក់ខែតិច ចាយមិនគ្រប់ ជាឧបសគ្គដល់យន្តការពង្រឹងគុណភាពអប់រំ។

លោកស្រី អ៊ុក ឆាយាវី បញ្ជាក់ថា គ្រូបង្រៀននៅទូទាំងប្រទេស មានប្រមាណជាង១០ម៉ឺននាក់ ហើយថាពួកគេទាំងនោះ មានប្រាក់ខែចន្លោះពី៤៦ម៉ឺនរៀល ដល់៨០ម៉ឺនរៀល ដែលថាចំនួននេះ មិនអាចធានាដល់ការរ៉ាប់រងសុខភាព ធានាពីជីវភាពរស់នៅ សមរម្យបាន។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ