ក្រសួងមហាផ្ទៃកិនកម្ទេចគ្រឿងសម្អាងក្លែងក្លាយ៨១តោន

​សកម្មភាពកម្ទេចបំផ្លាញគ្រឿងសម្អាងក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារនេះ បានសហការជាមួយកម្លាំងចម្រុះ​កិនបំផ្លាញគ្រឿងសម្អាងចំនួន​៨១តោន ដែលរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ពិធីកិនបំផ្លាញគ្រឿងសម្អាងក្លែងក្លាយនៅព្រឹកនេះ ធ្វើឡើង​នៅ​ទីលាន​ចាក់​សំរាម​បឹងជើង​ឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តំណាងស្ថានទូត ស្ថាប័​នតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។​

ក្នុងឱកាសនោះ​ លោក ស ខេង អំពាវនាវឲ្យអ្នកពាក់ព័ន្ធពង្រឹងការទប់ស្កាត់ និងប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះការប្រើប្រាស់​ផលិតផលសម្អាង ក៏ដូចជាផលិតផលផ្សេងៗទៀត ដើម្បី​ជៀសវាងប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។

លោកបន្ថែមថា «សូមឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ យកចិត្តទុកដាក់ចំពោះផលិត អ្វីដែលវាធ្វើឲ្យប៉ះពាល់សុខភាពរបស់យើងផ្ទាល់ តាំងពីស្រា ភេសជ្ជៈនានា ថ្នាំពេទ្យ គ្រឿងសម្អាង អានេះវាលាបលើស្អែកវា នេះគ្រោះថ្នាក់សម្បើមណាស់ អញ្ចឹងយើងត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំលើអ្វី ឬសារធាតុអ្វីដែលវាចូលទៅក្នុងខ្លួន ហើយវាធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតរបស់យើង»។

មន្រ្តីជំនាញក្រសួងមហាផ្ទៃឲ្យដឹងថា ផលិតផលគ្រឿងសម្អាង​ក្លែងក្លាយ​ទាំង​នោះរួមមាន​ ​សាប៊ូ​កក់​សក់​ម៉ាក​ប៉ង់តែន រីចយស៍ សាន់ស៊ីលឃ៍ និងឃ្លឿរ ជាដើម​ ហើយថា ផលិតផលទាំងនោះនឹងធ្វើប៉ះពាល់ដល់អ្នកប្រើប្រាស់ ក្នុងរយៈពេលវែង និងរយៈពេលខ្លី និងខាតបង់ទឹកប្រាក់ប្រមាណពី៥ទៅ៦លានដុល្លារអាមេរិក។​ យុទ្ធការបង្ក្រាបនេះ ចាប់ផ្តើម​តាំងពីពាក់កណ្តាលឆមាសទី២នៃឆ្នាំ២០១៦។​

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណាឲ្យដឹង ថា ម្ចាស់ចែកចាយ ឬ លក់ផលិតផលក្លែងក្លាយទាំងនោះមួយចំនួនកំពុងជាប់ពន្ធនាគារ ខ្លះទៀតតុលាការ កំពុងបន្តនីតិវិធី និងត្រួតពិនិត្យ។​

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រភពដែលនាំឲ្យមាន ការដាក់លក់ផលិតផលគ្រឿងសម្អាងក្លែងក្លាយនៅលើកផ្សារកម្ពុជាមានពីរប្រភព គឺការរត់ពន្ធឆ្លងដែនខុសច្បាប់ ដោយសារអំពើពុករលួយរបស់សមត្ថកិច្ចព្រំដែន និងជាចំនុចខ្វះខាតនៃការត្រួតពិនិត្យបទល្មើសសេដ្ឋកិច្ច។

លោកបន្តថា ដើម្បីទប់ស្កាត់មានប្រសិទ្ធភាពរដ្ឋាភិបាលត្រូវពង្រឹងការត្រួតពិនិត្យរាល់ការនាំចូល និងត្រូវមាន វិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងចំពោះអ្នកចែកចាយ និងផលិត។

លោកបន្ថែមថា «ដើម្បីដោះស្រាយវិធានការពីរហ្នឹងអត់មានអីក្រៅពីរឹតបន្តឹង ការពង្រឹងការត្រួតពិនិត្យទៅតាមព្រំដែនជាពិសេសច្រកនាំចូលហ្នឹង មានន័យថា ត្រូវពង្រឹងការត្រួត ពិនិត្យរបស់គយ មួយចំនុចទៀតគឺត្រូវមានវិធានការជាប្រចាំធ្វើដូចម្តេចកុំឲ្យជនខិលខូចហ្នឹងមានឱកាសផលិត ឬចែកចាយ ឬក៏ដាក់លក់គ្រឿងសម្អាងក្លែងក្លាយហ្នឹងបានទៀត»។​

បើតាមរដ្ឋធម្មនុញ្ញមាត្រា៧២ចែងថា រដ្ឋាភិបាលត្រូវហាមឃាត់ត្រូវផ្តន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល ផលិត ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើដែលប៉ះពាល់ដល់សុខភាព និងជីវិតអ្នកប្រើប្រាស់។

របាយការណ៍ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈ៧ខែឆ្នាំ២០១៧នេះ សមត្ថកិច្ចបានផ្អាកការចែកចាយ ឬលក់ដូរផលិតផលមួយចំនួនក្នុងទីផ្សារមានប្រមាណជិត២០០តោន ដោយក្នុងនោះមានផលិតផលថ្នាំពេទ្យ គ្រឿងសំអាង និងផលិតផលអាហារមួយចំនួនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ