ម៉ាដូណា ​​​​​​ត្រៀម​​សុំទោសជាសាធារណៈ ក្រោយវីដេអូជម្លោះ​រងការរិះគន់​

លោក ម៉ាដូណា (វង្ស សុម៉ាលីន)

​ក្រោយ ​មានការ​បង្ហោះវីដេអូ ស្តីពីជម្លោះរបស់​​​លោក ម៉ាដូណា និង​បុរសម្នាក់ ព្រោះតែបុរសម្នាក់នោះ​​​​បានថត​​​ទិដ្ឋភាពលោក និងក្រុម​​មិត្ត​​ភ័ក្រ្ត​​​​​​បោះចោលសំរាម​នៅ​​​​តំបន់​កម្សាន្តគីរីរម្យ ​ហើយ​ទាមទារអោយលុបវីដេអូនោះ​​​ តែ​ម្ចាស់ទូរស័ព្ទ​មិន​​ព្រម​លុប ទើប​បណ្ដាលអោយផ្ទុះជម្លោះ។ មកទល់ពេលនេះ ​​មានការលើកឡើងយ៉ាង​ខ្លាំងថា​​​ជម្លោះនោះ ​​គឺជា​រឿង​​​សម្ដែង​ដើម្បី​អោយមានការចាប់អារម្មណ៍ ប៉ុន្តែ​​​​ភាគីខាង​​លោក ម៉ាដូណា បញ្ជាក់ថា​ នោះជាជម្លោះមែនទែន ដោយលោក ម៉ាដូណា ​​​​​​ក៏បានត្រៀមខ្លួន​សុំទោស​ជាសាធារណៈក្នុងពេល​ខាងមុខ ដើម្បី​កុំអោយមានការ​រិះគន់​ចំពោះ​លោក ​កាន់តែច្រើនថែមទៀត។

លោក ហេង ដែលបានប្រកាសថា ​​ជា​​​សង្សារ​​ និង​រស់នៅ​ក្រោម​ដំបូលជាមួយ​លោក ម៉ាដូណា ប្រមាណ​​ជិតមួយ​ឆ្នាំ​មក​ហើយ ដែលបាន​លើកទូរស័ព្ទជំនួស​​​ក្នុងពេល​លោកម៉ាដូណា ​ជាប់​ថតមិនអាចនិយាយបាន​ បាន​អះអាងថា​​នោះ ជាហេតុ​ការជម្លោះ​មែនទែន ដោយមិនមែនជា​​​ការ​រៀបចំ​ថត​ដូចដែល​អ្វីមហាជន​បានឃើញនោះទេ ​​​​ដោយ​ហេតុ​ការណ៍នៃជម្លោះនោះ គឺកើតឡើងដោយសារតែ​​មាន​បុរស​វ័យក្មេង​​២​​នាក់ ដែលបានទៅ​អង្គុយ​លេងនៅតំបន់​​គីរីរម្យ​ដូចគ្នា បាន​យកទូរស័ព្ទ​ថត​​​​សកម្មភាពរបស់​​​​​​​​​ពួកខ្លួន ដែល​ទំនងថា ​​​ថត​នូវ​អ្វីដែលជាចំណុច​មិន​ល្អយកទៅ​​​​​​បង្ហោះនៅ​លើហ្វេសប៊ុក ហើយ​​​​​​​​ក៏​សង្ស័យ​​​រួចទៅ​សុំ​​មើល​​​​។

លោក ហេង ថា​​ក្នុងពេលដែល​មាន​​មិត្ត​ភ័ក្រ្ត​​​​​​មកប្រាប់ថា​មានគេ​លួច​ថត លោក ម៉ាដូណា គ្រាន់តែ​​​​​​និយាយ​បែប​លេងៗ​​ ដើម្បី​​សួរថា ​​មាន​ថត​​សកម្មភាពមិនល្អរបស់​​​ក្រុម​ខ្លួន ឬ​យ៉ាងណា​ប៉ុណ្ណោះ ប៉ុន្តែមកពី​បុរស​ម្នាក់​​ក្នុងចំណោមទាំង​ពីរ​​ បាន​​​​លួច​ថត ​ស្រាប់តែគំហ៊ក​អោយលោក ម៉ាដូណា ទើបលោក​​​​​​​​ផ្ទុះ​កំហឹង ​​ហើយ​ឈានដល់ការឈ្លោះគ្នា និង​​​ប្រទាញ​យក​ទូរស័ព្ទ​មកមើល រួច​ក៏​​ត្រូវម្ចាស់​​​​ទូរស័ព្ទ​កញ្ឆក់​យក​វិញ​បណ្ដា​លអោយ​ធ្លាក់​​បែក​អេក្រង់។

លោក ហេង បន្តថា ក្នុងហេតុការណ៍​នោះ លោក ​លាង ឧត្តម និង​​​​​លោក ដែលជា​​សង្សាររបស់លោក ម៉ាដូណា បានព្យាយាម​ឃាត់​​ខ្លាំង ប៉ុន្តែបណ្ដាលមកពី​លោក ​ម៉ាដូណា ​​​​រៀងឆេវឆាវបន្តិច ​​​ទើបក្លាយជាជម្លោះ​​ផ្ទុះឡើង។ យ៉ាងណាមិញ លោកថា​​​ លោក ម៉ាដូណា បានត្រៀមខ្លួនចេញ​វីដេអូ​សុំទោសជាសាធារណៈ​​​​ក្នុងពេល​​ខាងមុខ​នោះ​ហើយ ​ដើម្បី​បញ្ចប់ការរិះគន់​ ដែលបានកើតឡើង ​​កុំអោយបន្ត​ប៉ះ​ពាល់ជាមួយ​​​​​​​ប្រជាប្រិយភាពរបស់លោក​​។ ​​​​

លោក ​ហេង ​បន្តទៀត​ថា ​ក្នុងមួយរយៈនេះ ​​លោក ម៉ាដូណា មានរឿងស្មុគស្មាញច្រើន​​ណាស់ តាំងពីរឿង​​​មាន​​​​​​​​​រឿងអន់ចិត្តក្នុងកម្មវិធី Apsara Award និង​​រឿង​​ផ្ទុះជម្លោះជាមួយ ​​​​អ្នកជិតខាត​រឿងព្រំ​​ដី​​ ដែលបណ្ដាលអោយប្ដឹង​គ្នាជាដើម​។ ​​លោកថា ​​​​​ក្រោយ​ផ្ទុះជម្លោះ​​​​នៅពេលនោះ​​​លោក ម៉ាដូណា មានការ​សោកស្ដាយ​ប៉ុន្តែមិននឹកស្មានថា​​​​វីដេអូ​នៃជម្លោះត្រូវ​បាន​គេ​បង្ហោះ​​ដែល​អាច​ឮសំឡេងតាំង​ពីដើម​ដល់ចប់​នោះទេ។ ​​

យ៉ាងណាមិញ លោក ​មិនទាន់ច្បាស់ថា​​​តើលោក ម៉ាដូណា នឹង​ត្រៀ​មខ្លួននិយាយអ្វីខ្លះ ​ក្រោយ​មានការ​រិះគន់​ឡើង​ផ្អើលហ្វេសប៊ុក ​​​​និងក្រោយពីមានការ​​​​​​​​​​ជេរប្រទិច​​​​ចំពោះ​​លោកដោយពាក្យ​អសុរសនោះ​ទេ។

លោក​​បាន​​ឆ្លើយជំនួស​លោក ម៉ាដូណា ថា៖ «​​​​​​គាត់​​​​មានការ​សោកស្ដាយ​ក្រោយពីមានរឿងឈ្លោះគ្នានឹង ​ហើយ​​​​​​ចាំមើលពេលគាត់រួច​រាល់ការថត គាត់នឹង​ចេញ​វីដេអូ​សុំទោស​ជាសាធារណៈ​​​​​​​​ហើយ! ​​គាត់កំពុង​តែ​​​រៀបចំ​​ពាក្យ​​​​​​​ដើម្បី​អោយមហាជនទទួល​យក​ក្រោយការ​រិះគន់»។

លោកថា ​ហេតុ​ការណ៍ដែលបាន​កើតឡើង ​​គឺក្រោយពី ​​​​លោក ម៉ាដូណា ដោយមានរូបលោក និង​​ក្រុម​មិត្ត​ភ័ក្រ្ត​ផង បាន​ចូល​ហូប​បាយ​​​​​នៅ​​​​​​លើ​​​​​ភ្នំគីរីរម្យ ​​​​​​​​ហើយ​​​បាន​យក​​ស្រាប៊ៀទៅ​​ហូបលេង​នៅទី​នោះ ដោយមានទាំង​លេងសើចជាលក្ខណៈឯកជន​​​ផង កាលពីថ្ងៃទី​​​​​២ខែ។ ​​លោកថា ខ្លួនក៏ចង់ប្រមូលសំរាម​ដែល​​​​​​នៅ​ក្បែរខ្លួន​ក្នុង​​ពេលអង្គុយលេង​​​ និងស្ទូចត្រី​នា​ពេល​នោះ​​​​​​​​​​អោយ​អស់ពី​​​​​កន្លែងទឹក​ហូរ​ផងដែរ ប៉ុន្តែមកពី​​ចំពេលភ្លៀងធ្លាក់ទៅ​ហើយ ទើប​​​​នាំ​​គ្នាស្ទុះងើប​ ហើយក៏មាន​ជម្លោះតែម្ដង ​ក្រោយពី​​យុវវ័យ​​​ចំនួន​​២នាក់​ ដែល​​​​ម្នាក់ទូរស័ព្ទ​ថត ​មាន​​អាការៈ​​​មិនល្អ​​នៅពេល​លោក ម៉ាដូណា ឡើងមក​ខាងលើ​​។

យ៉ាងណាក៏​ដោយ​ ពាក់ព័ន្ធនឹង​បញ្ហា​នេះ មានតារាម្នាក់ បានអះអាងថា នោះជាការ​​រៀបចំ ដើម្បី​​​អោយមាន​ការចាប់អារម្មណ៍​​ប៉ុណ្ណោះ ​​​ដោយ​គ្រាន់តែមានការ​​ចង់​​អោយផ្អើល​​​នូវ​រឿងនោះ​​សិន ទើប​​​​​​​​មិនមានភាគី​​​​​សាមីខ្លួន​ផ្ទាល់ចេញមុខ​​​​បកស្រាយ​។ ​មានការ​បង្ហើប​ថា ទាំង​​អ្នក​រៀបចំ​​​ការសម្ដែង និង​​​​លោក ម៉ាដូណា ផ្ទាល់ មាន​ចេតនា អោយមានការ​យល់ច្រលំ​ថា​រឿងនោះ ជារឿងពិត​សិន ទើប​​​​​​​​​​​​​មិនទាន់មានការ​បញ្ចេញវីដេអូ​ដើម​​ និង​​​​​​​​​​​​​​មិនទាន់មានការ​​​បកស្រាយ​ពីលោកម៉ាដូណា​ដោយផ្ទាល់។ ​​​

តារា ដែលបានបង្ហើប​អោយ​ដឹងបាន​អះអាងថា ​​​​​​​វីដេអូដើមនឹងត្រូវបានបញ្ចេញក្នុងពេលខាងមុខ ​ហើយ​លោកដូណា ក៏នឹង​ចេញមុខ​បកស្រាយនៅពេល​​​​​​​អ្នក​​​​ផលិត​​​​​វីដេអូ​​​​​​កំណត់អោយស្រាយ​បំភ្លឺ។​

តារា ដែលស្ថិតក្នុង​​ហេតុ​ការណ៍​នោះនិយាយថា៖ ​«​​​​អ្វីៗគេ​រៀបចំ​ទេ ​ប៉ុន្តែមកពីគេធ្វើអោយ​​ដូច​ពិត​ៗ​ទើប​​​​​សូម្បីតែម៉ាដូណា ក៏​មិន​ចេញមុខ​បកស្រាយ​​ហើយទុក​អោយ​លោកហេង ដែលជាសង្សារក្រោមដំបូលរបស់លោកជាអ្នកនិយាយជំនួសវិញ»។

លោកថាចវីដេអូនេះ គេចង់​​ដឹង​ពីការ​​​រិះគន់​​ ថា​​តើបើឃើញ​តារា​សិល្បៈមួយរូប ​ធ្វើ​ចរឹតច្រងេងច្រងាងនៅ​ទីសាធារណៈ តើ​​នឹងមាន​​​ប្រតិកម្មប៉ុណ្ណា ទើប​​​​​​​ក្រុម​ការងារ​​​ផលិត​វីដេអូនេះសម្រេច​​​​​​ផលិត​វីដេអូនេះ​ឡើយ​។  ​​​លោកបានទាំងអះអាងថា​​​លោក ម៉ាដូណា នឹងត្រៀមចេញមុខ​សុំទោសមហាជន​​​​​​​​​ជាសាធារណៈដូចគ្នា​នឹង​​​​ការលើកឡើងរបស់​លោក​ហេង ប៉ុន្តែ​មិនមែ​​នសុំទោស​​​​រឿង​ដែលលោកធ្វើចរឹត​​មិនសមរម្យ​​នៅ​ក្នុងវីដេអូនោះទេ ប៉ុន្តែគឺចេញមុខ​សុំទោស​​​ជុំវិញ​ករណី​ដែលបាន​​​​ចូលរួម​ផលិតវីដេអូ​​​​​ហើយធ្វើ​អោយមានការ​យល់ច្រលំ​​កើតឡើង។

យ៉ាងណាមិញ ក្រុមតារា​សិល្បៈ​​នៅតែអះអាងថា ​នេះជាវីដេអូទម្លាក់​តម្លៃ​​តារា​​សិល្បៈ ជាពិសេសគឺលោក ម៉ាដូណា​ដោយផ្ទាល់​ ដែលការ​បញ្ចេញ​វីដេអូនេះ ​គឺពិតជា​ធ្វើ​អោយ​ប៉ះពាល់ ​ដល់ប្រជាប្រិយភាពរបស់​​លោក ម៉ាដូណា​យ៉ាងចាស់​ដៃ ​​​​​ដោយសារតែ​ភាពជាក់ស្ដែងនៅពេល​មានការ​​​​​រិះគន់ ​គឺមានការ​ចែក​ចាយ​​​​​​គគ្រឹកគគ្រេង ប៉ុន្តែនៅពេលមាន​ការ​​បកស្រាយគឺមាន​តែមនុស្សមួយចំនួន​បាន​ដឹង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ