លោក ​កឹម សុខា៖ ការធ្វើនយោបាយរបស់ខ្ញុំ មិនមែនសម្រាប់លម្អប្រជាធិបតេយ្យក្លែងក្លាយឡើយ

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងជាប់ឃុំ បានចេញលិខិតច្រាន​ចោលការ​ចោទ​ប្រ​កាន់និ​ង​​​​អះអាងថា បក្សប្រឆាំងមានតួនាទីសំខាន់ ក្នុងការធ្វើនយោបា​យ ដើម្បីត្រៀ​មខ្លួនទៅកាន់អំ​ណា​ច​ដោ​​​យស​​ន្តិវិធី។

លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចោ​​​​​ទ ថា «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ជាមួយបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់​លោក ហ៊ុន​ សែន។

ប៉ុន្តែលោក លោក កឹម សុខា បានចេញសារលិខិតមួយ បង្ហោះលើគេហទំព័រហ្វេសប៊ុក​របស់លោកកាលពីម្សិលមិញបាន​ចាត់​ទុក​ថា ​​​​​កា​រចោទប្រកាន់នោះ ជា​ការមួ​ល​កង្កាច់ធ្ងន់ធ្ងរ។

លោក កឹម សុខា ឲ្យដឹងទៀតថា ក្នុងរបបប្រជាធិបតេយ្យបក្សប្រឆាំង មានតួនាទី​ប្រកួតប្រ​ជែងរកកា​រគាំ​ទ្រ​​ពី​ប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរបក្សកាន់អំណាច និងឈានទៅ​រកការដឹកនាំប្រទេស។

ក្នុងសារលិខិតដែលមានខ្លឹមសារទាំងស្រុងថា៖ «បើគណបក្សប្រឆាំងមិនមានបំណងផ្លាស់ប្តូរគណបក្សកាន់អំណាចទេ គេមិនហៅគណក្សនោះ ថាជាគណបក្សប្រឆាំងឡើយ។ កា​​ចូ​​លប្រលូកក្នុងឆាកនយោបាយ របស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺដើម្បីការផ្លាស់ប្តូដោ​​​​យអហិង្សា និងជាវិជ្ជមានមិនមែនសម្រាប់លម្អលទ្ធិប្រជាធិបតេយ្យក្លែងក្លាយឡើយ។ ដូ​​​​នេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញគឺជាសិទ្ធិ និងតួនាទីដែលមានចែងក្នុងរដ្ឋម្មនុញ្ញ»

លោក កឹម សុខា ក៏បានរំឭកឲ្យសមត្ថកិច្ច រដ្ឋាភិបាល និងតុលាការ ពិចារណាលើកា​រចោ​ទ​​​ប្រ​​កាន់​លោកឡើងវិញ ដោយថាចំណាត់ការនេះ​មិនមែនជាយុទ្ធសាស្ត្រធ្វើឲ្យ​ខ្មែរណាម្នាក់បាន​ទទួល​ប្រ​យោ​​​ជន៍យូរអង្វែងឡើយ។

ជាការកត់សម្គាល់ ក្រោយចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ធ្លាប់បង្ហាញការព្រួយបារម្ភថា សភាអាមេរិកកំពុងជំរុញ ទៅរដ្ឋការរបស់លោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកម្ពុជា។ លោកថា បើការជំរុញនោះបានជោគជ័យលោកថា កម្ពុជាប្រឈមនឹងការបាត់ទីផ្សារដ៏ធំ សម្រាប់លក់ផលិតផលសំលៀកបំពាក់កាត់ដេរនៅអាមេរិក។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃចន្ទម្សិលមិញ បា​នថ្លែ​ង​ហា​ក់ជំ​រុញ​​តុលាការ ឲ្យបន្តនីតិវិធីសុំណុំរឿងនេះ។

លោកថា៖ «យើងមិនអនុញ្ញាតិ និងមិនផ្តល់ឱកាសឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញដល់សន្តិសុខជាតិ របស់​យើងនោះទេ។ យើងមិនផ្តល់ឱកាសដាច់ខាតហើយ។ ហើយយើងបាននឹងកំពុងធ្វើសកម្មភាពតទៅទៀត មិន​មែ​ន​​បញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ សូមផ្តាំឲ្យហើ​យ ព្រោះ​នេះជា​​ការរៀបចំធ្វើសកម្មភាព​ជាប្រព័ន្ធតែ​ម្តង​។ ​ដូច្នេះ​ខ្ញុំនិ​យាយប៉ុណ្ណឹងអាចយល់បាន អ្នកដទៃអា​ចយ​ល់បា​ន។ ហើយកំពុងតែប្រើភាពជម្លើយ នៅតំបន់៣​ខេត្តរួ​ចមកហើយ ព្រះវិហារ និងម្សិលមិញ​នៅខេ​ត្ត​សៀម​រា​បហ្នឹ​ងតែម្តង»។

ទោះជាយ៉ាងណាក្នុងសារលិខិតនោះ លោកកឹម សុខា ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ​ខ្មែរ ​ជាម្ចាស់អំណា​ច កុំតក់ស្លុត និងថាត្រូវរួមគ្នាការពារយុត្តិធម៌។

គិតត្រឹមថ្ងៃទី៣ខែតុលានេះ គឺមានរយៈពេល​១ខែគត់ ដែលសមត្ថកិច្ចចាប់ និងឃុំខ្លួនលោក​កឹម សុខា នៅពន្ធនាគារ។​​ រយៈពេលមួយខែនៃការឃុំខ្លួនមេបក្សប្រឆាំងរូបនេះមានប្រតិកម្មជាបន្តបន្ទាប់ពីមហាអំណាច កាន់របបប្រជាធិបតេយ្យដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់​ជាដើម​។ពួកគេសម្តែងការព្រួយបារម្ភ និង ជំរុញឲ្យមានការដោះលែងលោក គឹម សុខា​ ហើយរៀបចំការបោះឆ្នោត​ឆ្នាំក្រោយឲ្យបានត្រឹមត្រូវដើម្បីធានាពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។​  ប៉ុន្តែលោក​នាយករដ្ឋមន្ត្រីះហ៊ុន សែន​ បដិសេធម្តងហើយម្តងទៀតថា នេះ ជាការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព និង សន្តិភាពនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ